ចាប់ពី​ថ្ងៃទី​១២ ដល់ ១៨ សីហា មាន​ព្យុះ ២ ភ្លៀង​នឹង​កើនឡើង​

201
ចែករម្លែក

ដោយ​៖ ទេព មង្គល
​ភ្នំពេញ​៖
ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០២០ នេះ បាន​ផ្សព្វផ្សាយសេចក្តីជូនដំណឹង ស្តីពី​ស្ថានភាពធាតុអាកាស ចាប់ពី​ថ្ងៃទី​១២ ដល់​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០២០ ។

​សេចក្តីជូនដំណឹង​នោះ បានឱ្យដឹងថាៈ តាមរយៈ​នៃ​ការវិវឌ្ឍនិង​ប្រែប្រួល ជា​បន្តបន្ទាប់ នៃ​ស្ថានភាពអាកាសធាតុ បង្ហាញឱ្យឃើញថា ព្រះរាជាណាចក្រ កម្ពុជា​យើង បាន​នឹង​កំពុងទទួលរង​នូវ ឥទ្ធិពល​ពី​ជ្រលងសម្ពាធ​ទាប រួមជាមួយ​នឹង​ខ្យល់ មូសុង​និរតី​ខ្សោយ ។ ព្យុះ​ចំនួន ២ បាន​នឹង​កំពុងកើតមាន ក្នុងនោះ​ព្យុះ​ទី​៥ ឈ្មោះ​យ៉ាង​មី (JANGMI) បច្ចុប្បន្ន ស្ថិត​ក្បែរ​ឧបទ្វីប​កូរ៉េ នឹង​បន្តដំណើរទៅ​ភាគ​ខាងជើង​។ ឯ​នៅក្នុង​សមុទ្រ​ចិន ខាងត្បូង ទន្ទឹមនឹង​កោះ​តៃវ៉ាន់ ព្យុះ​ទី​៦ ឈ្មោះ មេខា​ឡា (MEKKHALA) បាន​នឹង​កំពុងធ្វើដំណើរទៅកាន់​ខេត្ត​ណាន់​ជីន ប្រទេស​ចិន ។​

​សេចក្តីជូនដំណឹង​នោះ បានបញ្ជាក់​ថាៈ ស្ថានភាព​បែបនេះ បានធ្វើឱ្យ​បណ្ដា​ខេត្ត​នានា នៅ​វាលទំនាប​កណ្ដាល ចាប់ពី​ថ្ងៃទី​១២ ដល់​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០២០ នឹង​អាចមាន​ភ្លៀងពី​ខ្សោយ​ទៅ​មធ្យម ។ បន្ទាប់ពីនោះ ភ្លៀង​នឹង​កើនឡើង ទាំង​បរិមាណ ទាំង​ភាព​សាយភាយ ក្នុង​កម្រិត​ពី​មធ្យមទៅ​បង្គួរ ។ បណ្ដា​ខេត្ត​នៅ​វាលទំនាប កណ្ដាល​ភាគ​ពាយ័ព្យ និង​បណ្ដា​ខេត្ត ដែលមាន​ព្រំប្រទល់ជាប់​នឹង​វៀតណាម អាច​នឹងមាន​ភ្លៀង​ច្រើន ។ ចំណែក​សីតុណ្ហភាព អប្បបរមា មាន​ពី ២៥-២៧ អង្សា​សេ សីតុណ្ហភាព​អតិបរមា មាន​ពី ២៩-៣១ អង្សា​សេ​។​

​បណ្ដា​ខេត្តនៅ​តំបន់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន នឹង​អាចមាន​ភ្លៀងធ្លាក់​រាយប៉ាយ នៅក្នុង​កម្រិតពី​មធ្យម​ទៅ​ច្រើន​។ ចំណែក​សីតុណ្ហភាព​អប្បបរមា មាន​ពី ២៣-២៥ អង្សា​សេ សីតុណ្ហភាព​អតិបរមា មាន​ពី ២៧-២៩ អង្សា​សេ​។

​បណ្ដា​ខេត្តនៅ​តំបន់​មាត់សមុទ្រ នឹង​អាចមាន​ភ្លៀងធ្លាក់​រាយប៉ាយ នៅក្នុង​កម្រិត ពី​ខ្សោយ​ទៅ​បង្គួរ ។ ចំណែក​សីតុណ្ហភាព អប្បបរមា មាន​ពី ២៥-២៧ អង្សា​សេ សីតុណ្ហភាព​អតិបរមា មាន​ពី ២៨-៣០ អង្សា​សេ ៕V​/ha

ទីតាំងផ្សាយពាណិជ្ជកម្ម