ធ្វើ​ផែនការមេ សម្រាប់​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​ខេត្តមណ្ឌលគិរី​

161
ចែករម្លែក

ដោយ​: មូល​សម្បត្តិ​/​ភ្នំពេញ​: លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ជា​ប្រធាន​គណៈកម្មការ​អន្តរក្រសួង បាន​បើក​សិក្ខាសាលា​ពិគ្រោះ​យោបល់​លើ​សេចក្តីព្រាង បឋម​ផែនការមេ​សម្រាប់​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​ខេត្តមណ្ឌលគិរី នា​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០២០​នេះ ដោយ​ធ្វើយ៉ាងណា​ឱ្យ​វិស័យ​ទេសចរណ៍​នៅក្នុង​ខេត្ត​នេះ អាច​ទាក់ទាញ​បាន​ភ្ញៀវទេសចរ​កាន់តែ​ច្រើនជាង​មុន​បន្ថែមទៀត ដើម្បី​រួមចំណែក​ក្នុងការ​ទ្រទ្រង់​កំណើនសេដ្ឋកិច្ច​-​សង្គម និង​បង្កើត​ការងារ​ផងដែរ​។ នេះ​យោងតាម​ការផ្សាយ​គេហទំព័រ​ក្រសួង​ឲ្យ​ដឹង​នៅ​ថ្ងៃទី​១១​ខែសីហា​នេះ​។​

​សិក្ខាសាលា​នេះ​បានធ្វើ​ឡើង​នៅ​ភោជនីយដ្ឋាន ពេជ្រ​ដា ក្រុង​សែន​មនោ​រម្យ ដោយមាន​ការចូលរួម​ពី​លោក​ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី អនុប្រធាន និង​សមាជិក​គណ:កម្មការ​អន្តរក្រសួង អភិបាលក្រុង អភិបាលស្រុក ចៅសង្កាត់ មេឃុំ អង្គភាព​ជំនាញ វិស័យ​ឯកជន អង្គការ​ជាតិ និង​អន្តរជាតិ​ផងដែរ​។​

​អង្គសិក្ខាសាលា​នេះ​បាន​យកចិត្តទុកដាក់​ផ្តល់យោបល់​ទៅ លើ​ចំណុច សំខាន់ៗ​ដូចជា​៖ ការកំណត់​ចក្ខុវិស័យ​អភិវឌ្ឍន៍វិស័យ​ទេសចរណ៍​ខេត្តមណ្ឌលគិរី​,​ ការកំណត់​តំបន់​អាទិភាព (Zoning) ​សម្រាប់​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​។​, ការកំណត់​ទិសដៅ​យុទ្ធសាស្ត្រ អាទិភាព​សំខាន់ៗ និង​ការកំណត់​យន្តការ​ស្ថាប័ន​អនុវត្ត​ផែនការមេ​។​ល​។​

​ជាមួយគ្នា​នោះ​លោក​ថោង ខុន ក៏បានផ្តល់​យោបល់​បន្ថែ​ម​លើ​សេចក្តីព្រាង​បឋម​ផែនការមេ​សម្រាប់​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​ខេត្តមណ្ឌលគិរី រួមមាន​៖

  • ទី​១៖ ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​ខេត្តមណ្ឌលគិរី ត្រូវតែ​គោរព​ទៅតាម​អភិក្រម​នៃ​ការអភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព និង​ការទទួលខុសត្រូវ «​ការអភិវឌ្ឍ​បម្រើការ​អភិរក្ស និង​ការអភិរក្ស​ទ្រទ្រង់​ដល់​ការអភិវឌ្ឍ​» ដើម្បី​បានជា​ប្រយោជន៍​សេដ្ឋកិច្ចសង្គម និង​ប្រជាពលរដ្ឋ​មូលដ្ឋាន​រួមចំណែក​ដល់​ការថែរក្សា​ការពារ និង​អភិរក្ស​ធនធានធម្មជាតិ និង​បេតិកភណ្ឌ​វប្បធម៌ ពិសេស​រក្សាបាន​នូវ​អត្តសញ្ញាណ​ដើម​របស់​ខេត្តមណ្ឌលគិរី​។​
  • ទី​២៖ ការអភិវឌ្ឍ​ត្រូវតែ​ឆ្លើយតប​ទៅនឹង​ចក្ខុវិស័យ​នៃ​ការអភិវឌ្ឍ​ជាតិ ឆ្នាំ​២០២០-២០៣៥ និង​បណ្តា​ឆ្នាំ​ខាងមុខ ដោយ​ផ្អែកលើ​ស្ថានភាព​បច្ចុប្បន្ន និង​ការប្តេជ្ញាចិត្ត​របស់​រាជ​រដ្ឋាភិបាល​។​
  • ទី​៣៖ កំណត់​វិសាលភាព​នៃ​សកម្មភាព​វិនិយោគ​-​អភិវឌ្ឍ​នៅ​តំបន់​ដែនជម្រកសត្វព្រៃ​ទាំង​៥ (​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច ណា​ម​លៀរ លំផាត់ កែវ​សីមា និង​ស្រែ​ពក​) និង​ច្រករបៀង​ទេសចរណ៍វប្បធម៌ និង​អេកូ​ទេសចរណ៍ ប៊ូ​ស្រា​-​ដាក់​ដាំ ដោយ​លើកទឹកចិត្ត​ឲ្យ​មានការ​អភិវឌ្ឍ​តែ​សកម្មភាព​អេកូ​ទេសចរណ៍ និង​ទេសចរណ៍ធម្មជាតិ ភ្ជាប់​ជាមួយ​ទេសចរណ៍វប្បធម៌​ជនជាតិដើម​ភាគតិច ​ពិសេសគប្បី​ជំរុញ​លើកទឹកចិត្ត ពង្រឹង​វិស័យ​សហគមន៍ ទេសចរណ៍​ឱ្យបាន​ល្អ និង​មាន​ប្រសិទ្ធភាព​។​
  • ទី​៤៖ អាជ្ញាធរខេត្ត​គ្រប់​សមត្ថកិច្ច​គ្រប់​កម្រិត និង​ជំនាញ ត្រូវអនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​ម៉ឺងម៉ាត់​ជាដាច់ខាត​តាម​បទបញ្ជា​របស់​ប្រមុខ​រាជរដ្ឋាភិបាល ក្នុងការ​ទប់ស្កាត់​ការទន្ទ្រាន​ដី​រដ្ឋ ដីព្រៃ​ជា​កម្មសិទ្ធិឯកជន​។​
  • ទី​៥៖ ធ្វើការ​ការចុះបញ្ជី​រម​ណី​យ​ដ្ឋា​ន​ទេសចរណ៍​សំខាន់ៗ​ក្នុង​ខេត្ត​ឱ្យបាន​រួសរាន់​ដើម្បី​ធានា​និរន្តរភាព និង​ប្រសិទ្ធភាព​នៃ​ការប្រើប្រាស់ និង​អភិវឌ្ឍ​ន៍​តំបន់​ទាំងអស់នេះ​។​

​ជាមួយគ្នា​នោះដែរ​លោក ថោង ខុន ក៏បាន​ជំរុញ​និង​ក្រើនរំលឹក ដល់​រដ្ឋបាលខេត្ត​ត្រូវ​បន្ត​អនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍​ឲ្យ​បាន​ត្រឹមត្រូវ​តាម​ការណែនាំ របស់​ក្រសួងសុខាភិបាល និង​ក្រសួងទេសចរណ៍​ឲ្យ​បាន​ម៉ឺងម៉ាត់ ពិសេស​ក្នុងខណៈដែល​ទេសចរ​ក្នុងស្រុក​កំពុងតែ​មានការ​រីកចម្រើន ហើយ​ខាងមុខនេះ​នៅពេលដែល​ឈប់សម្រាក​រយៈពេល​វែង​ត្រូវ​យកចិត្តទុកដាក់​ឲ្យ​បាន​ខ្ពស់បំផុត និង​ផ្តល់​សេវា​ទេសចរណ៍​ប្រកបដោយ​គុណភាព និង​អនាម័យ​៕ ល​/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម