ករណីឆ្លងកូវីដទូទាំងពិភពលោកកើនឡើងដល់ ២០ លានហើយ

190
ចែករម្លែក

ករណីឆ្លងជំងឺកូវីដ១៩ ជាសកលបានកើនឡើងដល់ ២០ លាននាក់កាលពីថ្ងៃចន្ទ (១០ សីហា) នេះបើយោងតាមរបាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ខណៈសហរដ្ឋអាម៉េរិក ប្រេស៊ីល និង ឥណ្ឌាមានអ្នកឆ្លងជាងពាក់កណ្តាល នៃករណីទាំងអស់នេះ។

ជំងឺផ្លូវដង្ហើមនេះបានឆ្លងច្រើនជាងយ៉ាងហោចណាស់បួនដងនៃចំនួនមនុស្សដែលបានរងគ្រោះដោយជំងឺផ្តាសាយធ្ងន់ធ្ងរជារៀងរាល់ឆ្នាំនេះបើយោងតាមអង្គការសុខភាពពិភពលោក (WHO) ។

ទន្ទឹមនឹងនេះដែរ ចំនួនអ្នកស្លាប់ពីជំងឺកូវីដ១៩ ចំនួនជាង ៧២៨.០០០ នាក់ គឺវ៉ាដាច់ចំនួនអ្នកស្លាប់ប្រចាំឆ្នាំដោយសារជំងឺផ្តាសាយធ្ងន់ធ្ងរ។

តួលេខសរុបរបស់រ៉យទ័រដែលផ្អែកលើរបាយការណ៍របស់រដ្ឋាភិបាលនានាបានបង្ហាញថា ជំងឺនេះកំពុងកើនល្បឿន។ វាបានចំណាយពេលជិត ៦ ខែដើម្បីឈានដល់ ១០ លានករណីបន្ទាប់ពីការឆ្លងលើកដំបូងត្រូវបានរាយការណ៍នៅក្នុងទីក្រុងវូហាន ប្រទេសចិនកាលពីដើមខែមករា។ វាចំណាយពេលតែ ៤៣ ថ្ងៃប៉ុណ្ណោះ ដើម្បីកើនឡើងទ្វេដងដល់ ២០ លានករណី។

ក្រុមអ្នកជំនាញជឿថា ទិន្នន័យផ្លូវការទំនងជារាប់មិនទាន់អស់ទេទាំងករណីឆ្លង និងករណីស្លាប់ ជាពិសេសនៅក្នុងបណ្តាប្រទេសដែលមានសមត្ថភាព ធ្វើតេស្តតិចតួច។

សហរដ្ឋអាម៉េរិកទទួលខុសត្រូវចំពោះករណីឆ្លងជាង ៥ លាន ប្រេស៊ីល ៣ លាន និងឥណ្ឌា ២ លាន។ រុស្សីនិងអាហ្រ្វិកខាងត្បូងឈរនៅលំដាប់កំពូលទាំង ១០។

ការរីករាលដាលនៃជំងឺរាតត្បាតនេះកំពុងបង្កើនល្បឿនលឿនបំផុតនៅទ្វីបអាម៉េរិកឡាទីន ដែលមានចំនួនឆ្លងជិត ២៨ ភាគរយនៃករណីទាំងអស់លើពិភពលោកនិងជាង ៣០ ភាគរយនៃការស្លាប់ នេះបើយោងតាមរបាយការណ៍របស់ទីភ្នាក់ងារ សារព័ត៌មានរ៉យទ័រ។

ជាមួយនឹងរលកដំបូងនៃវីរុសកូរ៉ូណាមិនទាន់ឈានដល់កំពូលនៅក្នុងប្រទេសមួយចំនួននិងការលេចឡើងជាថ្មីនៃករណីឆ្លងនៅក្នុងប្រទេសផ្សេងទៀត រដ្ឋាភិបាលនានា នៅតែកំពុងខ្វែងគំនិតគ្នានៅក្នុងការឆ្លើយតបរបស់ពួកគេ។ ប្រទេសខ្លះកំពុងអនុវត្ត វិធានការសុខភាពសាធារណៈយ៉ាងតឹងរ៉ឹង ខណៈប្រទេសខ្លះទៀតបន្តបន្ធូរបន្ថយ ការរឹតត្បិត៕ ដោយ៖ កញ្ញាដាលីស/Ha

អ្នកឆ្លងកូវីដទូទាំងពិភពលោកមានចំនួនដល់ទៅ២០លាននាក់ហើយ

ទីតាំងផ្សាយពាណិជ្ជកម្ម