នាយករដ្ឋមន្ត្រីលីបង់ប្រកាសលាលែងពីតំណែងក្រោយផ្ទុះកំពង់ផែបៃរូត

248
ចែករម្លែក

នាយករដ្ឋមន្រ្តីលីបង់ លោក ហាសសាន់ ឌាប បានលាឈប់ពីតំណែងនៅថ្ងៃចន្ទទី១០ សីហា ចំពេលមានកំហឹងនៅក្នុងនិងក្រៅរដ្ឋាភិបាលរបស់លោកចំពោះការផ្ទុះកំពង់ផែ បៃរូតដ៏ប្រល័យ ដែលលោកស្តីបន្ទោសទៅលើអសមត្ថភាពនិងអំពើពុករលួយរបស់ ក្រុមវណ្ណៈអ្នកកាន់អំណាចដែលមានអាយុកាលរាប់ទសវត្សរ៍។

លោកបាននិយាយនៅក្នុងសុន្ទរកថាតាមទូរទស្សន៍ដោយស្តីបន្ទោសឥស្សរជន នយោបាយថា “ពុករលួយ” សម្រាប់ការផ្ទុះកាលពីថ្ងៃទី ៤ ខែសីហា យ៉ាងដូច្នេះថា “ថ្ងៃនេះយើងកំពុងយកចិត្តទុកដាក់ចំពោះប្រជាជននិងការទាមទាររបស់ពួកគេឱ្យចាប់អ្នកទាំងឡាយមកទទួលខុសត្រូវចំពោះគ្រោះមហន្តរាយ ដែលគេបិទបាំងអស់រយៈ ពេល ៧ ឆ្នាំ។ នេះជាមូលហេតុដែលថ្ងៃនេះខ្ញុំប្រកាសលាលែងពីរដ្ឋាភិបាល”។

នយោបាយនៅក្នុងប្រទេសលីបង់ដែលមានទម្លាប់ប្រគល់អំណាចតពូជពង្សនេះ ត្រូវ បានត្រួតត្រាដោយអតីតពួកឈ្មួញសង្គ្រាមស៊ីវិលឆ្នាំ ១៩៧៥-១៩៩០ ដែលផ្ទេរ ការដឹកនាំឱ្យទៅសាច់ញាតិ។

ឌាបបាននិយាយថា “អំពើពុករលួយរបស់ពួកគេបានបង្កើតនូវសោកនាដកម្មនេះ”។

លោកបានបន្ថែមថា “រវាងយើងនិងការផ្លាស់ប្តូរគឺឈរនៅចន្លោះជញ្ជាំងក្រាស់ ការពារដោយកលល្បិចកខ្វក់របស់ពួកគេ”។

លោកឌាប ដែលចូលកាន់តំណែងនៅខែធ្នូឆ្នាំមុន គឺជានាយករដ្ឋមន្ត្រីលីបង់ទីពីរ ដែលបានចុះចេញពីតំណែងក្នុងរយៈពេល ១០ ខែ។

រដ្ឋាភិបាលរបស់លោក ដែលបង្កើតឡើងក្នុងខែមករាដើម្បីដោះស្រាយវិបត្តិសេដ្ឋកិច្ច បានរងការវាយប្រហារពេញទំហឹង ចាប់តាំងពីការផ្ទុះកំពង់ផែ ដែលសម្លាប់មនុស្ស ១៦០ នាក់ បង្ករបួស ៦.០០០ នាក់និងបំផ្លាញផ្នែកភាគច្រើននៃទីក្រុងបៃរូត។

អាជ្ញាធរនិយាយថា ការផ្ទុះនេះបង្កឡើងដោយអគ្គិភ័យនៅក្នុងឃ្លាំងកំពង់ផែមួយ កន្លែងដែលអាម៉ូញ៉ូមនីត្រាតជាច្រើនតោនត្រូវបានទុកចោលដោយគ្មានការការពារអស់ជាច្រើនឆ្នាំ។

ប្រជាជនលីបង់ភាគច្រើនចង់ឱ្យប្រមុខដឹកនាំរដ្ឋាភិបាលចុះចេញពីតំណែងជុំវិញសោកនាដកម្ម ដែលពួកគេមើលឃើញថាជាភស្តុតាងគួរឱ្យភ្ញាក់ផ្អើលនៃអំពើ​ពុករលួយ​ដល់ស្នូលនៃប្រព័ន្ធនយោបាយរបស់ពួកគេ។

មុនពេលសេចក្តីប្រកាសរបស់លោកឌាប រដ្ឋមន្រ្តីចំនួន ៤ រូបបានសម្រេចចិត្តឈប់​បម្រើ​រដ្ឋាភិបាលរួចទៅហើយ ព្រោះរដ្ឋាភិបាលនេះមិនបង្ហាញឆន្ទៈក្នុងការទទួល​យកការស្តីបន្ទោសឬដាក់ធនធានរបស់រដ្ឋក្នុងការបម្រើជនរងគ្រោះ។

យ៉ាងហោចណាស់សមាជិកសភាចំនួន ៩ រូបក៏បានប្រកាសថាពួកគេនឹងឈប់ដែរ ដើម្បីជាការតវ៉ាដូចដែលបានធ្វើឡើងដោយសមាជិកជាន់ខ្ពស់ពីររូបនៃសាលាក្រុងបៃរូត។

ការផ្ទុះកាលពីថ្ងៃទី ៤ ខែសីហា​បានកើតឡើងនៅពេលដែលប្រទេសលីបង់​កំពុងរើខ្លួនចេញពីវិបត្តិសេដ្ឋកិច្ច ដែលឃើញរូបិយវត្ថុរបស់ខ្លួនដួលរលំ ដោយនាំឱ្យ​ប្រជាជនជាច្រើនរបស់ខ្លួនធ្លាក់ចូលទៅក្នុងភាពក្រីក្រ និង កំពុងតស៊ូទប់ទល់នឹងការ​កើនឡើង​នូវករណីឆ្លងជំងឺកូវីដ១៩៕ ដោយ៖ កញ្ញាដាលីស/Ha

នាយករដ្ឋមន្រ្តីលីបង់លោក ហាសសាន់ ឌាប បានលាឈប់ពីតំណែងនៅថ្ងៃចន្ទទី១០សីហា

ទីតាំងផ្សាយពាណិជ្ជកម្ម