អាច​នឹង​ផ្ទុះ​អំពើហិង្សា​! បាតុកម្ម​ប្រជែង​គ្នា​នៅ​ថៃ ម្ខាង​ប្រឆាំង ម្ខាង​ការពារ​រដ្ឋាភិបាល​

286
ចែករម្លែក

​ក្រុម​ប្រឆាំង​តវ៉ា​ប្រជែង​គ្នា​បាន​លេចឡើង​នៅក្នុង​និង​ម្តុំ​ក្រុង​បាងកក​ កាលពី​ថ្ងៃ​ចន្ទ​ទី​១០​សីហា ដោយ​បង្កើន​កម្ដៅនយោបាយ ​ចំ​ពេល​មាន​ការតវ៉ា​ប្រឆាំង​រដ្ឋាភិបាល​ស្ទើរ​រាល់ថ្ងៃ​នៅ​ទូទាំង​ប្រទេស​ពី​សំណាក់​​ក្រុម​និស្សិត​និង​នាំឲ្យមាន​ការបារម្ភ​អំពី​ការវិល​ទៅរក​អំពើហិង្សា​តាម​ដង​វិថី​សាជាថ្មី​។​

​មនុស្ស​រាប់​សិប​នាក់​បាន​ជួបជុំគ្នា​នៅ​មុខ​សភា​កាលពី​ថ្ងៃ​ចន្ទ ដើម្បី​គាំទ្រ​រដ្ឋាភិបាល​របស់​ឧត្តមសេនីយ៍ ប្រា​យុទ្ធ ចាន អូ​ចា​។​តែ​នៅ​បន្តិចក្រោយមក មនុស្ស​រាប់ពាន់​នាក់​បាន​ចូលរួម​ក្នុង​បាតុកម្ម​ប្រឆាំង​​រដ្ឋាភិបាល​នៅ​សកល​វិទ្យាល័យ​ធម្ម​សាត នៅ​ជាយក្រុង​បាងកក ដែល​ជា​បាតុកម្ម​និស្សិត​ធំ​បំផុត​ប្រឆាំង​នឹង​រដ្ឋាភិបាល​របស់​លោក​ប្រា​យុទ្ធ​។​

​ក្នុង​សញ្ញា​បង្ហាញ​ការប្រឆាំង​ពួក​និស្សិត​ក្រោម​ការសម្របសម្រួល​មួយ អតីត​សកម្មជន​ជាតិ​និយម ​លោក​ស៊ូ​មេ​ត ត្រា​គុល​វូ​ន​នូ បាន​ប្រកាស​បង្កើត​ក្រុមគាំទ្រ​រដ្ឋាភិបាល​មួយ​ឈ្មោះថា មជ្ឈមណ្ឌល​នៃ​ក្រុម​​និស្សិត​ការពារ​ស្ថាប័ន​ជាតិ​(CVPI)​។​លោក​ស៊ូ​មេ​ត​បាន​និយាយថា «​មនុស្ស​មួយ​ក្រុម​កំពុង​ញុះញង់​មនុស្ស​ក្មេងៗ​ឲ្យ​ចេញ​មក​វាយប្រហា​រ​យោធា រដ្ឋាភិបាល​និង​និយាយ​ប៉ះពាល់​របបរាជានិយម​។​ទង្វើ​បែប​​នេះ​អាច​នាំ​ដល់​អំពី​ហិង្សា​និង​ការបំផ្លាញ​ប្រព័ន្ធ​អភិបាលកិច្ច​និង​វប្បធម៌​របស់​យើង​។​យើង​បង្កើត​ក្រុម​នេះ​ឡើង​ដើម្បី​រំលឹក​ដល់​ពួក​យុវជន ឪពុក​ម្តាយ​និង​គ្រូបង្រៀន រួមទាំង​មន្ត្រីរាជការ​អំពី​គ្រោះថ្នាក់​​ដល់​ប្រទេស​ជាតិ​ចេញពី​ក្រុម​មនុស្ស​ប្រភេទ​នេះ​»​។​

​តែ​ពួក​និស្សិត​ចោទប្រកាន់​ក្រុមបាតុករ​គាំទ្រ​រដ្ឋាភិបាល​ថា​ព្យាយាម​បង្កបង្កើត​ការ​ប្រឈមមុខ​ដែល​នឹង​នាំ​ដល់​អន្តរាគមន៍​យោធា​មួយ​ទៀត​។​និក ស្ថាណា​វីត សកម្មជន​និស្សិត​មក​ពី​សកល​វិទ្យាល័យ មហា​​សា​រ៉ា​ខា​ម បាន​ប្រាប់​ទៅកាន់​ហ្វូង​មនុស្ស​ថា «​ពួក​គេ​រៀបចំ​ធ្វើ​បាតុកម្ម​ប្រឆាំង​បក​ដើម្បី​បង្កើត​ស្ថានភាព​មួយ​ដែល​អាច​នាំ​ដល់​រដ្ឋប្រហារ​មួយ​ទៀត​។​យើង​មិន​ចង់បាន​ស្ថានភាព​បែបនេះ​ទេ ​ហើយ​នឹង​​ប្រឆាំង​វា​»​។​

​ពួក​បាតុករ​ប្រឆាំង​រដ្ឋាភិបាល​លើក​ម្រាមដៃ​បី​ជា​សញ្ញា​តស៊ូ នៅ​ពេល​ពួកគេ​ចូលរួម​ការជួបជុំ​មួយ​ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​លាឈប់ រំលាយ​សភា​និង​ធ្វើ​ការបោះឆ្នោត​ថ្មី​ក្រោម​រដ្ឋធម្មនុញ្ញ​កែ​ថ្មី នៅ​​សកល​វិទ្យាល័យ​ធម្ម​សាត​នៅ​ជាយក្រុង​បាងកក​កាលពី​ថ្ងៃ​១០​សីហា​

បាតុកម្ម​គាំទ្រ​រដ្ឋាភិបាល​ជួបជុំគ្នា​នៅ​មុខ​សភា​ដើម្បី​ការពារ​ស្ថាប័ន​សំខាន់ៗ រួម​មាន​របប​រាជានិយម​ថៃ​

​សូមបញ្ជាក់​ថា បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​ថៃ​កាន់តែ​មាន​សម្ទុះ​កើនឡើង​ ដោយ​បាតុករ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​របស់​លោក​ប្រា​យុទ្ធ​ចុះចេញ​ពី​តំណែង បង្កើត​រដ្ឋធម្មនុញ្ញ​ថ្មី​មួ​យ​និង​បោះឆ្នោត​ឡើងវិញ​។​​ពួកគេ​មាន​ម្តងម្កាល​បាន​និយាយ​ប៉ះពាល់​របបរាជានិយម ដែល​ជា​ប្រធានបទ​រសើប​បំផុត​និង​ត្រូវ​ហាមឃាត់​នៅ​ថៃ​។​ក្នុង​ការជួបជុំ​តវ៉ា​មួយ វាគ្មិន​ម្នាក់​បាន​អំពាវនាវ​ឲ្យមាន​ការកែ​ទម្រង់​របបរាជានិយម​។​

​ប្រឈម​នឹង​សម្ពាធ​ដូច្នេះ ឧត្តមសេនីយ៍ប្រា​យុទ្ធ បាន​និយាយថា រដ្ឋាភិបាល​កំពុង​រក​វិធី​ឲ្យ​បណ្តា​ក្រុម​នយោបាយ​សម្តែង​ទស្សនៈ​របស់​គេ តែ​លោក​បាន​សម្តែង​ការព្រួយបារម្ភ​អំពី​ការប្រឈមមុខគ្នា​។​

​ប្រតិកម្ម​របស់​អាជ្ញាធ​រ​ចំពោះ​កា​តុ​កម្ម​ប្រឆាំង​រដ្ឋាភិបាល​នៅមានកម្រិត តែ​សកម្មជន​២​នាក់​ត្រូវបាន​ចាប់ខ្លួន​កាលពី​សប្តាហ៍​មុន ពី​បទ​ដឹកនាំ​បះបោរ​និង​រំលោភច្បាប់​ហាម​ការជួបជុំ​ដើម្បី​ប្រឆាំង​ជំងឺ​​ឆ្លងកូវី​ដ​១៩៕​ប្រែ​សម្រួល​៖​វាសនា​/hA

ទីតាំងផ្សាយពាណិជ្ជកម្ម