ហ្វីលីពីន ទទួលយក​សំណើសុំ​ផ្តល់​វ៉ាក់សាំង​កូវី​ដ​១៩​ពី​រុស្ស៊ី​

293
ចែករម្លែក

​ប្រធានាធិបតី​ហ្វីលីពីន លោក​រ៉ូ​ឌ្រី​ហ្គោ ឌុយ​ទែត បាន​ទទួល​យក​សំណើ​សុំ​ផ្តល់​វ៉ាក់សាំង​កូវី​ដ​១៩​ពី​រុស្ស៊ី ដោយ​លោក​ស្ម័គ្រចិត្ត​ចាក់​សាកល្បង​មុនគេ​ដើម្បី​ជា​កាយវិការ​បង្ហាញ​ទំនុកចិត្ត​និង​ការដឹងគុណ​។​

​លោក​បាន​និយាយ​កាលពី​យប់​ថ្ងៃ​ចន្ទ​ទី​១០​សីហា​ថា «​នៅពេល​វ៉ាក់សាំង​នេះ​មក​ដល់ ខ្ញុំ​នឹង​អោយ​គេ​ចាក់​ខ្ញុំ​នៅ​ទីសាធារណៈ​។​សាកល្បង​លើ​ខ្ញុំ​មុនគេ មិន​ជា​អ្វី​ទេ​ចំពោះ​ខ្ញុំ​»​។​

​លោក​ឌុយ​ទែត ដែល​បាន​ហៅ​ប្រធានាធិបតី​រុស្ស៊ី​លោក​វ្ល៉ា​ឌី​មៀ ពូ​ទីន ថា​ជា​«​ជន​គំរូ​ឬ អាយ​ដល​»​របស់លោក បាន​បន្ថែមថា រដ្ឋាភិបាល​ក្រុង​ម៉ានីល​អាច​ជួយ​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​ខាង​ការពិសោធន៍​វេជ្ជ​​សាស្ត្រ​និង​ការផលិត​វ៉ាក់សាំង​ក្នុងប្រទេស​ហ្វីលីពីន​។​

​សូមបញ្ជាក់​ថា រុស្ស៊ី​ត្រៀមខ្លួន​អនុញ្ញាត​អោយ​ផលិត​ចេញ​វ៉ាក់សាំង​ដែល​ស្រាវជ្រាវ​បង្កើតឡើង​ដោយ​វិទ្យាស្ថាន​រុស្ស៊ី​Gamaleya Institute​សម្រាប់​ការប្រើប្រាស់​ស៊ីវិល នៅ​មុន​ពេល​វា​ត្រូវ​បាន​ពិសោធន៍​ចប់​​សព្វគ្រប់ ដែលនាំអោយ​មាន​ការបា​រ​ម្ភ​អំពី​សុវត្ថិភាព​និង​ការព្រមាន​ពី​បណ្តា​ក្រុមហ៊ុន​ឱសថ​នានា​។​

​កាលពី​ខែ​មុន លោក​ឌុយ​ទែត​ក៏​បាន​ស្នើសុំ​ប្រធានាធិបតី​ចិន ជួយ​ហ្វីលីពីន ក្នុង​ការទទួលបាន​វ៉ាក់សាំង​ប្រឆាំង​កូវី​ដ​១៩​ផងដែរ​។​

​ការប្រកាស​ទទួលយក​វ៉ាក់សាំង​រុស្ស៊ី​នេះ​កើត​ឡើង​នៅ​ពេល​ហ្វីលីពីន​រាយការណ៍​អ្នកស្លាប់​ដោយកូវី​ដ​១៩​ចំនួន​៦១​នាក់​បន្ថែមទៀត​កាលពី​ថ្ងៃអាទិត្យ​ទី​៩​ខែ​សីហា ដែល​ជា​ការកើនឡើង​ខ្ពស់​បំផុត​នៃ​ចំនួន​​អ្នកស្លាប់​ប្រចាំថ្ងៃ ចាប់តាំងពី​ថ្ងៃទី​១៨​ខែកក្កដា ដែល​បាន​នាំ​ឱ្យ​ចំនួន​អ្នក​ស្លាប់​សរុប​កើនឡើង​ដល់ ២.២៧០ នាក់​។​

​ក្រសួង​សុខាភិបាល​កាលពី​ថ្ងៃ​ចន្ទ​ក៏​បាន​រាយការណ៍​ករណី​ឆ្លង​វីរុស​ចំនួន​៦.៩៥៨​នាក់​បន្ថែមទៀត ដែលនាំឱ្យ​ករណី​ឆ្លង​សរុរប កើនឡើង​ដល់​១៣៦.៦៣៨​នាក់​។​

​ឥឡូវ ហ្វីលីពីន​បាន​វ៉ា​ប្រទេស​ឥណ្ឌូនេស៊ី​ដោយ​មាន​ករណី​ឆ្លង​ច្រើន​បំផុត​នៅ​អាស៊ីអាគ្នេយ៍​។​

​ការឆ្លង​វីរុស​បាន​កើនឡើង​ជិត​៧​ដង ខណៈពេល​ដែល​ចំនួន​អ្នក​ស្លាប់​បាន​កើន​ឡើង​ជាង​ទ្វេដង​ចាប់តាំងពី​វិធានការ​បិទ​យ៉ាង​តឹងរឹង ត្រូវបាន​ដកចេញ​កាលពី​ខែ​មិថុនា​។​បញ្ហា​នេះ​បាន​ជំរុញ​ឱ្យ​ក្រុម​អា​​ជ្ញាធរ​មាន​វិធានការ​បិទ​ឡើងវិញ​នៅក្នុង​និង​ជុំវិញ​ទីក្រុង​ម៉ានីល​កាលពីដើម​សប្តាហ៍​នេះ​៕ប្រែសម្រួល៖វាសនា

​រុស្ស៊ី​អាច អនុញ្ញាត​អោយ​វិទ្យាស្ថាន​របស់ខ្លួន​មួយ​ដែល​សិក្សា​បង្កើត​វ៉ាក់សាំង​ផលិត​វ៉ាក់សាំង​នេះ​សំរាប់​ការប្រើប្រាស់​ស៊ីវិល ទៅ​ជា​វា​នៅ​មិនទាន់​ពិសោធន៍​ចប់សព្វគ្រប់​

ទីតាំងផ្សាយពាណិជ្ជកម្ម