សម្តេច​ក្រឡាហោម​សខេង​ បញ្ជា​ឲ្យ​អគ្គស្នងការ​នគរបាល​ជាតិ​ពិនិត្យ​ករណី​មន្ត្រីនគរបាល​ជា​នារី​ប្តឹង​ស្នងការ​នគរបាល​ខេត្តកំពង់ធំ​

990
ចែករម្លែក

ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​បញ្ជា​ឲ្យ​នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​លោក ចាន់ អ៊ា​ន រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ រួមទាំង​អភិបាលខេត្ត​កំពង់ធំ ពិនិត្យ​លើ​ករណី​មន្ត្រីនគរបាល​ជានា​រី​ចំនួន ៤​នាក់ ប្តឹង​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុក កុសល ស្នងការ​នគរបាល​ខេត្តកំពង់ធំ ពាក់ព័ន្ធ​ការ​បៀតបៀន​កេរខ្មាស​។ ការបញ្ជា​នេះ បាន​ធ្វើឡើង​នៅក្រៅ​ពិធី​ប្រកាស​ចូលកាន់​មុខតំណែង​សមាជិក​គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ទារុណកម្ម នៅ​ព្រឹក​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០២០ នេះ នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ​។​


​ ​ការបញ្ជា​របស់​សម្តេច​ក្រឡាហោម ស ខេង បាន​ធ្វើឡើង​បន្ទាប់ពី​មានការ​ផ្សព្វផ្សាយ​លិខិត​ពាក្យបណ្តឹង​របស់​មន្ត្រី​នគរបាល​ជានា​រី​ចំនួន​៤​នាក់ ប្តឹង​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុក កុសល ស្នងការ​នគរបាល​ខេត្តកំពង់ធំ ពាក់ព័ន្ធ​ការ​បៀតបៀន​កេរខ្មាស សុំ​អន្តរាគមន៍​ពីស​ម្តេច​ក្រឡាហោម ស ខេង ឲ្យ​ជួយ​រក​យុត្តិធម៌​ដល់​ពួកគេ​។ លិខិត​ពាក្យបណ្តឹង​នេះ បានធ្វើ​ឡើង​កាលពី​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០២០​។​


​ ​ទាក់ទង​ករណីនេះ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​បញ្ជាក់ថា “​ព័ត៌មាន​ជាបឋម​ទាក់ទង​បញ្ហា​នេះ គឺ​រឿងនេះ មិនមែនជា​រឿង​ថ្មី​ទេ​។ រឿង​យូរហើយ ក៏ប៉ុន្តែ​វា​អាចមាន​បញ្ហា ពីព្រោះ​នៅក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ​វា​មាន​បញ្ហា ។​ដូច្នេះ​មកដល់ពេលនេះ ខ្ញុំ​មិនទាន់​សម្រេច​ដោះស្រាយ​យ៉ាងម៉េច​នៅឡើយ រង់ចាំ​ក្រុមការងារ​រង់ចាំ​ការត្រួតពិនិត្យ​”​។ ស្នងការ​នគរបាល​ខេត្តកំពង់ធំ​នេះ សម្តេច​បានធ្វើ​លិខិត​ព្រមាន​លើក​ទី​១ ម្តង​រួចមកហើយ​កាលពី​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០២០ ហើយ​ក្រោយ​ការព្រមាន​ហើយ ​បើ​មិន​កែប្រែ មានតែ​ឈាន​មួយ​ជំហាន​ទៀត គឺ​ការដក ឬ​ការចាត់វិធានការ​រដ្ឋ​បាល​ណាមួយ​ដែល​ធ្ងន់​ជាង​នេះ ។​

​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុក កុសល ស្នងការ​នគរបាល​ខេត្តកំពង់ធំដែលរងនឹងបណ្តឹងពីមន្រ្តីនគរបាលជានារី(រូបឯកសារ)


​ ​យោងតាម​ពាក្យបណ្តឹង​ចុះ​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០២០ ដោយមាន​ស្នាម​ផ្តិតមេដៃ​ចំនួន​៤​របស់​នគរបាល​នារី​ឱ្យដឹងថា នៅ​អំឡុង​ឆ្នាំ​២០១៨-២០១៩ ស្ត្រី​ជា​ជនរងគ្រោះ​ត្រូវបាន​លោក អ៊ុក កុសល ដែលជា​ស្នងការ​បាន​ហៅ​ពួកគាត់​ឲ្យ​ទៅ​ជួប​នៅក្នុង​បន្ទប់ធ្វើការ​របស់លោក ដើម្បី​សួរនាំ​កិច្ចការងារ​មួយចំនួន ដោយ​យល់ឃើញថា​គាត់​ជា​ថ្នាក់ដឹកនាំ​ នារី​រងគ្រោះ​ទាំងនេះ​ក៏បាន​ទៅ​ជួប​គាត់​ម្នាក់​ម្តងៗ តាម​ការ​ណាត់​របស់ គាត់​។ ពេល​ចូលដល់​ក្នុង​បន្ទប់​តែ​ពីរ​នាក់ លោកស្នងការ ក៏បាន​សួរនាំ​ថា “​ពាក់​ស័ក្តិ​ប៉ុន្មាន​? ហើយ​មុខតំណែង​ជា​អ្វី​សព្វថ្ងៃ​? ហើយ​ចង់បាន​មុខតំណែង​ឬ​ឡើង​ស័ក្តិ​អត់​? បើ​ចង់បាន​ចាំ​គាត់​ជួយ​ ព្រោះ​គាត់​ជា​ស្នងការ ជា​ប្រធាន​អង្គភាព​ ចង់​ធ្វើ​អ្វី​ក៏បាន​ដែរ ឱ្យតែ​នារី​ជា​ជន​រងគ្រោះ​ព្រម​ស្រឡាញ់​គាត់​។​


​លិខិត​ដដែល​បានលើកឡើង​បន្តថា ៖ «​លោក អ៊ុក កុសល ​បាន​និយាយទៀតថា បើ​អូន (​ជនរងគ្រោះ​)​ព្រម​ស្រឡាញ់​បង កុំ​បារម្ភ​ខ្លាច​មានកូន​អី ព្រោះ​ទឹកកាម​បង​គ្មាន​មេជី​វិត​បង្ក​កំណើត​ទេ​។ ពេលឮ​ពាក្យសម្ដី​ទាំងអស់នេះ នាង​ខ្ញុំ​ហួសចិត្ត​មិន​នឹកស្មានថា​គាត់ហ៊ាន​និយាយ​ពាក្យសម្ដី​បែបនេះមកលើ​នាង​ខ្ញុំ​ជា​កូនចៅ ជានា​រី​ភេទ​នោះទេ ហើយ​នគរបាល​ជានា​រីខ្លះ​មាន​ទាំង​ប្ដី ទាំង​កូន​ទៀតផង​»​។​


​ប្រភព​ដដែល​បានបញ្ជាក់​ទៀតថា ក្រៅពី​ប្រើពាក្យ​សម្ដី​លួងលោម បុគ្គល​នេះ​ក៏បាន​ចាប់បង្ខំ​ស្ទាបអង្អែល​កេរខ្មាស​ដោយ​មិន​ញញើត ទោះបី​ពេលខ្លះ​ពួកនាង​ខំ​រើបម្រះ​ឬ​ចង់​ស្រែកប្រាប់​គេឯង​ក៏​មិន​ហ៊ាន ព្រោះ​ខ្លាច​អំណាច​គាត់​ជា​ស្នងការ ម្យ៉ាងទៀត​គាត់​បាន​គំរាម​មិន​ឲ្យ​ប្រាប់​រឿង​ដែល​គាត់​បាន​ប្រព្រឹត្ត​នោះ​ឲ្យ​អ្នកណា​ដឹង​ទេ បើ​ហ៊ាន​គឺមាន​បញ្ហា​ហើយ​។


​ទោះបី​ដឹងថា​បុគ្គល​នេះ​តែងតែ​ប្រព្រឹត្ត​បែបនេះ​មកលើ​រូប​កាយ​និង​ផ្លូវភេទ​ពួកនាង​យ៉ាងណា​ក៏​មិន​ហ៊ាន​ប្រាប់​គេឯង​ដែរ ម្យ៉ាង​ខ្លាច​ប៉ះពាល់​កិត្តិយស​សេចក្តីថ្លៃថ្នូរ​ជា​ស្ត្រីភេទ​ទន់ខ្សោយ ម្យ៉ាង​ខ្លាច​ប៉ះពាល់​ដល់​ក្រុមគ្រួសារ ខ្លាច​រឿងនេះ​ដឹង​ដល់​ប្ដី​អាច​ប្រឈម​នឹង​ការ​លែងលះគ្នា​ធ្វើ​ឲ្យ​បែកបាក់​គ្រួសារ​។ ពេលខ្លះ​ពួកគាត់​ដែលជា​ជនរងគ្រោះ​ត្រូវយក​ឯកសារ ឆ្លង​យោបល់​គាត់​ ម្នាក់ៗ​ខ្លាច​មិន​ហ៊ាន​ទៅ​ជួប​ទេ តែ​ជា​ភារកិច្ច​ហើយ​មិនអាច​ប្រកែក​បាន ម្យ៉ាងទៀត​គាត់​ប្រាប់ តាមរយៈ​នាយការិយាល័យ ឬ​ស្នងការរង​ទទួល​ផែន តម្រូវ​ឲ្យ​ស្ត្រី​ទាំងនេះ​ទៅ​បកស្រាយ​ទើប​គាត់​ព្រម​។ ក្រៅពី​ស្ទាបអង្អែល​សុដន់​ឬ​កេរភេទ​នាង​ដែលជា​ជនរងគ្រោះ បុគ្គល​នេះ​ក៏បាន​បង្ខំ​ឲ្យ​ជនរងគ្រោះ​លេង​ប្រដាប់ភេទ​គាត់​រហូតដល់​ចេញ​ទឹកកាម ទើប​គាត់​ព្រម​ឲ្យ​ចេញពី​បន្ទប់​របស់គាត់​។ នគរបាល​ជានា​រី ដែល​ចូលទៅ​ជួប​គាត់​មួយចំនួន​គឺ​ជួបនឹង​រឿង​បែបនេះ ហើយ​ក៏មាន​នគរបាល​ជានា​រីខ្លះ ជួប​រឿង​ឈឺចាប់​ត្រូវ​បែកបាក់​គ្រួសារ​ដោយសារ​ការប្រព្រឹត្ត​អំពើដ៏​ថោកទាប​របស់​បុគ្គល អ៊ុក កុសល មកលើ​មន្ត្រីនគរបាល​ជានា​រី​។ នេះ​បើតាម​ការបញ្ជាក់​ក្នុង​លិខិត​ដដែល​នេះ​។​


​ប្រភព​ដដែល​បានលើកឡើង​ទៀតថា ៖ «​កន្លងមក​ពួកនាង​ខ្ញុំ​ក៏បាន​ទៅ​បំភ្លឺ​នៅ​នាយកដ្ឋាន​បុគ្គលិក​រួចហើយ ប៉ុន្តែ​ពុំ​ទទួលបាន​យុត្តិធម៌​ទេ ផ្ទុយទៅវិញ​បុគ្គល​នេះ​កាន់តែ​គាបសង្កត់​មើលងាយ​មើលថោក​មកលើ​ពួកនាង​ខ្ញុំ​ជា​ជនរងគ្រោះ ដោយ​គំរាម​មិនឱ្យ​តែងតាំង​ឬ​ដំឡើង​ស័ក្តិ​ជាដើម ។ មកដល់ពេលនេះ​ពួកនាង​ខ្ញុំ​គ្មាន​ផ្លូវ​ណា​ដើម្បី​ជ្រើសរើស​ក្រៅពី​គោរព​ស្នើសុំ​ដ៏​ខ្ពង់ខ្ពស់​ពីសម្តេច​ក្រឡាហោម ដែលជា​ឪពុកម្តាយ ជួយ​រក​យុត្តិធម៌​ឲ្យ​កូនចៅ​ជា​ជនរងគ្រោះ​ផង ព្រោះ​អ្នកប្រព្រឹត្ត​ជា​មេ​កើយ ហើយ​មានអំណាច​គាប​សង្កត់​មកលើកូនចៅ​ដែល​ទន់ខ្សោយ​»​។​


​នារី​រងគ្រោះ​ទាំងនេះ​បាន​បន្តថា លោក អ៊ុក កុសល បាន​ដឹកនាំ​បង្កើត​បក្ខពួក ខ្សែស្រឡាយ​ពុករលួយ និង​អុចអាល​ឲ្យ​មានការ​បែកបាក់​សាមគ្គី​ផ្ទៃក្នុង​ទាំង​ថ្នាក់ដឹកនាំ​ស្នងការ​ក៏ដូចជា​មន្ត្រីក្រោមឱវាទ ដែល​មិនអាច​ស្តារ​កិត្តិយស​បានឡើយ​។​
​ក្រុមមន្ត្រី​នគរបាល​នារី​រងគ្រោះ​ទាំង​៤​នាក់​បានឱ្យដឹងថា «​ជាថ្មី​ម្តងទៀត នាង​ខ្ញុំ​ជា​មន្ត្រីនគរបាល​នៃ​ស្នងការដ្ឋាន​ខេត្តកំពង់ធំ សូម​លើកដៃ​សំពះអង្វរ​ដល់សម្តេច ក្រឡា​ហោម មេត្តាជួយ​រក​យុត្តិធម៌​ដល់​នាង​ខ្ញុំ​ដែលជា​ជនរងគ្រោះ​ទន់ខ្សោយ គ្មាន​ខ្នងបង្អែក មានតែ​សម្តេច និង​លោកស្រី ដែលជា​ឪពុកម្តាយ​ជួយ​ថែរក្សា​ការពារ និង​ផ្តល់​យុត្តិធម៌​ឲ្យ​កូនចៅ​ក្រោម​ឱវាទ​ផង និង​សូម សម្តេច មេត្តា​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ ចំពោះ​បុគ្គល​ដែល​បាន​ប្រព្រឹត្ត​អំពើមិន​គប្បី​មកលើ​កូនចៅ​របស់ខ្លួនដូច្នេះ ដើម្បី​ជា​គំរូ​ដល់​អ្នកដឹកនាំ​ដទៃទៀត​កុំ​ឲ្យ​យក​គំរូ​តាម​»​។​


​លោក អ៊ុក កុសល ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ មិនអាច​ទាក់ទង​សុំ​ការបំភ្លឺ​លើ​ការចោទប្រកាន់​នេះ​បានទេ​៕សរន/Ha

​ ​

ទីតាំងផ្សាយពាណិជ្ជកម្ម