អាជ្ញាធរតម្រូវឲ្យពលរដ្ឋចូលរួមថយ ដីរបងធ្វើផ្លូវវាងខណះច្រាំងស្ទឹងសង្កែបាក់ស្រុតចំណែកផ្លូវកាន់តែខ្លាំង

291
ចែករម្លែក

ដោយ:ភ្នំខៀវ/បាត់ដំបង: អាជ្ញាធរឃុំសំរោងក្នុង បង្ខំចិត្តឲ្យពលរដ្ឋចូលរួមថយដីរបងចូលក្នុងដើម្បីប្រើប្រាស់ជាផ្លូវវាងស្របពេល ដែលច្រាំងស្ទឹងសង្កែបាក់ស្រុតអស់ចំណែកផ្លូវកាន់តែធំ។

លោក វ៉ាង សុភី មេភូមិកំពង់សំបួរ បានប្រាប់ឲ្យដឹងនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ នេះថា ដោយសារមានភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់ ពិសេសកាលពីពេលថ្មីៗកន្លងនេះបានបណ្តាលឲ្យផ្លូវក្រាលកៅស៊ូជាច្រើនម៉ែត្រ និងច្រើនកន្លែងឋិតនៅក្នុងភូមិកំពង់សំបូរ ឃុំសំរោងក្នុង ស្រុកឯកភ្នំរងការបាក់ស្រុតយ៉ាងដំណំធ្វើឲ្យអាជ្ញាធរមូលដ្ឋានស្នើសុំឲ្យប្រជាពលរដ្ឋថយរបងបង្ខិតចូលក្នុងដើម្បីរៀបចំផ្លូវថ្នល់ឲ្យប្រជាពលរដ្ឋបានធ្វើដំណើរជាបណ្តោះអាសន្ន។

លោកមេភូមិខាងលើបានបន្តថា ទន្ទឹមនឹងការបាក់ស្រុតចំណែកផ្លូវយ៉ាងខ្លាំងនេះមន្ត្រីឃុំ ស្រុកបានបង្កើនការរៀបចំដាក់ស្លាកសញ្ញាឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នអំពីគ្រោះថ្នាក់ និងដាក់បម្រាមហាមមិនឲ្យរថយន្តធុនធំឆ្លងកាត់ទៅមក។

ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានចំណុចផ្លូវរងការបាក់ស្រុតក្នុងភូមិកំពង់សំបួរ ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់់ដំបងបានទទូចសុំឲ្យអាជ្ញាធរជួយរៀបចំជួសជុលឲ្យបាន លឿនផងជៀសវាងមានបញ្ហាគ្រោះថ្នាក់ដល់កូនចៅ អ្នកធ្វើដំណើរឆ្លងកាត់ ឬបាក់ស្រុតដីផ្លូវថ្នល់កាន់តែធំទៅៗនិងឈានដល់ប៉ះពាល់លំនៅស្ថានដល់ប្រជាពលរដ្ឋដែលរស់នៅជាប់មាត់ច្រាំងស្ទឹងសង្កែ។

គួរកត់សម្គាល់ថា÷ ដីច្រាំងស្ទឹងសង្កែត្រើយខាងកើតជាច្រើនកន្លែងបច្ចុប្បន្នកំពុងរងការបាក់ស្រុតយ៉ាងដំណំពិសេសចាប់ពីចំណុចភូមិសូភី ឃុំនរា ស្រុកសង្កែ រហូតដល់ភូមិកំពង់សំបួរ ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម