រកឃើញម្ចាស់ជើងឯកកម្មវិធីប្រកួត Rules of Survival (RoS) KH Cup រដូវកាល ទី៣ហើយ

179
ចែករម្លែក

ដោយ៖ដេប៉ូ/ភ្នំពេញ៖ការប្រកួតលេងហ្គេមតាមអនឡាញដែលជាព្រឹត្តិការណ៍ប្រកួត Rules of Survival (RoS) KH Cup Season 3 វគ្គផ្តាច់ព្រ័ត្រ ត្រូវបានបញ្ចប់កាលពីថ្មីកន្លងមកនេះ។

កម្មវិធីប្រកួតនេះមានការ សហការរវាង សហព័ន្ធកីឡាអេឡិចត្រូនិចកម្ពុជា ជាមួយក្រុមហ៊ុនសែលកាត និង Netease ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍ហ្គេមខ្នាតយក្សរបស់ប្រទេសចិន។

ក្នុងព្រឹត្តិការនេះដែរមានក្រុមកីឡាករ ចំនួន១៨ក្រុម ដើម្បីប្រជែងយកតំណែងជាម្ចាស់ជើងឯក RoS KH Cup នារដូវកាលទី៣ នៅផ្សារទំនើប អ៊ីអនម៉លសែនសុខ។ ជាលទ្ធផលនៅចុងបញ្ចប់ ក្រុម TeamUP (ក្រុមយូ ភី) បានទទួលជ័យជំនះនៅក្នុងវគ្គផ្តាច់ព្រ័ត្រ ពោលគឺបានក្លាយជាម្ចាស់ជើងឯកប្រចាំកម្មវិធីតែម្តង។

ចំពោះរង្វាន់ជាទឹកប្រាក់សរុបចំនួន ៥0លាន រៀល ត្រូវបានរៀបចំឡើងដើម្បីប្រគល់ជូនដល់ក្រុមកីឡាករដែលបានចូលរួមនៅក្នុងកម្មវិធីប្រកួត ដោយក្នុងនោះ ក្រុម TeamUP (ក្រុមយូ ភី) ទទួលបានរង្វាន់ជាទឹកប្រាក់ចំនួន២០លានរៀល សម្រាប់តំណែងជាជើងឯកប្រចាំកម្មវិធី។ ចំណែកឯក្រុម NRXCambodia ដែលជាប់ចំណាត់ថ្នាក់លេខ២ ទទួលបានទឹកប្រាក់ចំនួន៨លានរៀល និងក្រុម Vipers ទទួលបានទឹកប្រាក់ចំនួន ៥លាន រៀល សម្រាប់ចំណាត់ថ្នាក់លេខ៣ ។

គួរបញ្ជាក់ថាក្រុមកីឡាករទាំងអស់ បានចូលរួមប្រកួតតាមរយៈកម្មវិធី PlayGame របស់ក្រុមហ៊ុនសែលកាត និងចំណែកក្រុមអ្នកគាំទ្រ ក៏បានចូលរួមតាមដានទស្សនាសកម្មភាពផ្សាយផ្ទាល់តាមរយៈ Virtual Gaming Platform ដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុហើយ អ្នកគាំទ្រខ្លះទៀត ធ្វើការតាមដានទស្សនាផ្ទាល់នៅលើទំព័រហ្វេសប៊ុក របស់ក្រុមហ៊ុនសែលកាត។

លោក អៀន វ៉ាតសុន នាយកប្រតិបត្តិក្រុមហ៊ុនសែលកាតបានឱ្យដឹងថា “ក្រុមហ៊ុនសែលកាតពិតជាមានកិត្តិយសបំផុត ដែលមានឱកាសក្នុងការចូលរួមគាំទ្រ និងជួយស្វែងរកកីឡាករស្រុក ដែលមានសមត្ថភាពឆ្នើមៗ។ ហើយទន្ទឹមនឹងនោះ ក្រុមហ៊ុនក៏មានក្តីសោមនស្សក្នុងការរៀបចំកម្មវិធីប្រកួតប្រជែងនៅក្នុងស្រុក ក៏ដូចជាផ្តល់ជូននូវឱកាសដល់កីឡាករអេឡិចត្រូនិចកម្ពុជា ឱ្យអាចចូលរួមប្រកួតនៅក្នុងព្រឹត្តិការណ៍លំដាប់ថ្នាក់អន្តរជាតិផងដែរ” ។

គួររំលឹកផងដែរ ក្រុមហ៊ុនសែលកាត បានចូលរួមជួយជ្រោមជ្រែងដល់វិស័យកីឡាអេឡិចត្រូនិចនៅក្នុងប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ២០១៨ ហើយមកទល់បច្ចុប្បន្ន  ក្រុមហ៊ុនមួយនេះថែមទាំងបានបម្រើជូនដល់សហគមន៍អ្នកគាំទ្រវិស័យហ្គេម ប្រមាណជាង២លាននាក់ទៀតផង៕dp

ទីតាំងផ្សាយពាណិជ្ជកម្ម