ចុងក្រោយនេះតម្លៃទីផ្សារសណ្តែក​កួរធ្លាក់ចុះធ្វើឲ្យកសិករមិនសូវចំណេញ

148
ចែករម្លែក

ដោយ:ភ្នំខៀវ/ប៉ៃលិន: រយៈពេលចុងក្រោយនេះហាងឆេងបន្លែសណ្តែកកួរបានធ្លាក់ចុះបន្តិចធ្វើឲ្យប្រជាកសិករអ្នកដាំលក់មិនសូវចំណេញ។

អ្នកស្រី សុខ ភាព មានវ័យ៥០ឆ្នាំ ជាកសិកររស់នៅភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០នេះបានរៀបរាប់ឱ្យដឹងថា ការប្រកាន់យកមុខរបរដាំដុះបន្លែផ្សេងៗ រួមទាំងការដំណាំបន្លែសណ្តែកកួរដំណាក់កាលបច្ចុ​ប្បន្ន​បានប្រឈមនិងញ្ហាសត្វចង្រៃបំផ្លាញមិនសូវហុចផលល្អ ហើយរយៈពេលចុងក្រោយនេះទៀតសោតហាងឆេងសណ្តែកក៏បានធ្លាក់ទាបជាងឆ្នាំកន្លងមកដែរធ្វើឲ្យអ្នកស្រីមិនចំណេញស្ទើរតែដាច់ប្រាក់ដើម។

កសិករខាងលើបន្តថា បន្លែសណ្តែកកួរដាំដុះក្នុងរយៈពេល៦សប្តាហ៍ចាប់ផ្តើមប្រមូលផលបានបណ្តើរៗ។ វាបានធ្លាក់ថ្លៃចាប់តាំងពីដើមខែកក្កដាមកលក់បានត្រឹមតែតម្លៃ៨០០ រៀលប៉ុណ្ណោះក្នុង១គីឡូក្រាមនិងថ្មីៗនេះនៅក្នុងអំឡុងខែសីហា សណ្តែកឡើងថ្លៃបន្តិចវិញលក់បាន១៥០០រៀលក្នុង១គីឡូក្រាម។ ទោះជាបែបនេះក្តីក៏មិនអាចទូទាត់ចំណេញបានឡើយបើគិតថ្លៃប្រាក់ដើមទិញពូជ ថ្លៃជួលដីដាំដុះ ខណះឆ្នាំកន្លងទៅឈ្មួញបញ្ជាទិញសណ្តែកកួរក្នុង១គីឡូក្រាមលក់តម្លៃពី៣៥០០ ទៅ៤០០០រៀលដែលអាចធ្វើឱ្យគាត់ទទួលបានប្រាក់ចំណេញខ្លះសម្រាប់ទ្រទ្រង់ជីវភាពគ្រួសារ។

លោកស្រីបន្ថែមថា ឆ្នាំនេះតម្លៃឈ្នួលដីដាំដុះមិនខុសពីឆ្នាំមុនឡើយចំនួន៥០ម៉ឺនរៀលក្នុងមួយឆ្នាំ។ លោកស្រីកាប់កាយជាថ្នាលដាំបានចំនួន៣២រង ដាំដុះដោយប្រកាន់ជំហរមិនប្រើថ្នាំគីមីឡើយក្រែងប៉ះពាល់ដល់សុខមាលភាពរបស់អតិថិជនអ្នកទទួលទាន៕/B

ទីតាំងផ្សាយពាណិជ្ជកម្ម