យឹម សំបា​ត់ ត្រូវបាន​បញ្ជូនទៅ​មន្ទីរ​ស​-២១ បន្ទាប់ពី​សង្ស័យ​រួមគំនិត​បោក​គ្រាប់បែក​

393
ចែករម្លែក

​ខ្ញុំ​ឈ្មោះ យឹម សំបា​ត់ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ (​ឆ្នាំ​១៩៧៦)​។ ខ្ញុំ​មាន​ទីកន្លែង​កំណើត នៅ​ភូមិ​ព្រែក​ដំបូក ឃុំ​ព្រែក​ដំបូក ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម​។ ខ្ញុំ​មាន​ឪពុក​ឈ្មោះ យឹម ហោ ឬ យឹម ឈឺ​ន គឺជា​អតីត​ប៉ូលីស (​បច្ចុប្បន្ន​យានដ្ឋាន​ពាណិជ្ជកម្ម​ទួលគោក​) នៅ​ខេត្តមណ្ឌលគិរី និង​ម្ដាយ​ឈ្មោះ អ៊ិន ពៅ រស់នៅ​ស្រុកកំណើត ហើយ​មាន​បងស្រី​ម្នាក់​ឈ្មោះ យឹម សាវ៉ន មានគ្រួសារ​។​

នៅ​ខែធ្នូ ឆ្នាំ​១៩៧០ ខ្ញុំ​បាន​ចូល​បម្រើ​បដិវត្តន៍ មាន​អ្នក​ឧទ្ទេសនាម​ឈ្មោះ យិន (​ប្រធាន​ក្រុម​១ អនុ​សេនា​ធំ​លេខ​៩) និង​បាន​ចូល​ជា​សមាជិក​យុ​វកក (​សម្ព័ន្ធ​យុវជន​កុម្មុយនីស្ត​កម្ពុជា​) នៅ​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​១៩៧១ ដោយមាន​អ្នក​ឧទ្ទេសនាម​ឈ្មោះ តូច សឿន (​ប្រធាន​យោធា អនុ​សេនា​ធំ​លេខ​៣) និង ឡុង វី (​អតីត​ប៉ូលីស​នៅ​មណ្ឌលគិរី​)​។ ខ្ញុំ​មាន​តួនាទី​ជា​ប្រធាន​កងអនុសេនាតូច​លេខ​១ អនុ​សេនា​ធំ​លេខ​៤១ វរ​សេនា​តូច​លេខ​៧៣២ វរ​សេនា​ធំ​១៧៣​។​

​នៅ​ខែកុម្ភៈ ឆ្នាំ​១៩៧៦ មិត្ត​សារិន (​កម្មាភិបាល​អនុ​សេនា​ធំ​លេខ​៤១) បាន​ចាត់តាំង​ពេទ្យ ថន នៅ​កងអនុសេនាតូច​លេខ​២, មិត្ត​ណាត់ ប្រធាន​ក្រុម​ក្នុង​កង​អនុ​សេនា​តូ​ចលេ​ខ​២ ឲ្យ​ចូលទៅ​បាញ់រះ នៅក្នុង​សាលា​រចនា និង​បាច​ខិត្តប័ណ្ណ ប៉ុន្តែ​ខ្ញុំ​មិនបាន​ចូលរួម​នៅក្នុង​សកម្មភាព​នេះ​ទេ​។ បន្ទាប់ពី​ព្រឹត្តិការណ៍​បាញ់រះ​នៅ​សាលា​រចនា កងវរសេនាតូច​បាន​ចាប់​ពេទ្យ​ថន និង មិត្ត​ណាត់ បញ្ជូនទៅ​កងវរសេនាធំ រួច​វរ​សេនា​ធំ​ផ្សព្វផ្សាយ​ថា ពីរ​នាក់​នោះ​ត្រូវបាន​អង្គការ​កម្ទេចចោល​។ អង្គការ​ក៏បាន​ដក​កម្លាំង​៤​នាក់​បន្ថែម ទៅ​មន្ទីរ​វរ​សេនា​ធំ គឺមាន ៖ យន់ (​ប្រធាន​វរ​សេនា​តូច​លេ​១១៣), ចំរើន (​ប្រធាន​នយោបាយ​អនុ​សេនា​ធំ​លេខ ២៣), លឿន (​ប្រធាន​យោធា​អនុ​សេនា​ធំ លេខ​២៣) និង សាំង (​អនុ​នយោបាយ​កងអនុសេនាធំ​លេខ​២១)​។​

១) អតីត​មន្ទីរ​ស​-២១ នៅក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ (​ឆ្នាំ​១៩៧៥-១៩៧៩)
(​បណ្ណសារ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)​

​នៅ​ខែមីនា ឆ្នាំ​១៩៧៦ មាន​យុទ្ធជន​ម្នាក់​នៅក្នុង​កងអនុសេនាតូច​លេខ​២ រើស​បាន​គ្រាប់បែក​ផ្លែទៀប​មួយគ្រា​ប់ នៅពេល​រៀបចំផ្ទះ​ដើម្បី​សម្រាក​។ បន្ទាប់ពី​យុទ្ធជន​រើស​បាន គ្រាប់បែក​ផ្លែទៀប​ហើយ ក៏បាន​យកទៅ​ប្រគល់​ឲ្យ​មិត្ត​ឈ្មោះ ថន ដែលជា​កម្មាភិបាល​កង​អនុ​សេនា​តូច​លេខ​២ ក្នុង​អនុ​សេនា​ធំ​លេខ​៤១​។ មិត្ត ថន ក៏បាន​យក​គ្រាប់បែក ហើយ​បាន​រាយការណ៍​ជូន​មិត្ត សារិន ។ មិត្ត សារិន ក៏បាន​បញ្ជា​ឲ្យ មិត្ត ថន យក​គ្រាប់បែក​ដែល​រើស​បាន​ទៅ​កប់​ទុក​មួយកន្លែង​សិន​។ នៅ​ចុងខែ​មីនា យុទ្ធជន​ម្នាក់ទៀត​នៅក្នុង​ក្រុមទី​២ កងអនុសេនាតូច​ទី​២ រើស​បាន​កាំភ្លើង អ៊ែរ​កែង មួយ​ដើម និង​គ្រាប់បែក​មួយចំនួនទៀត ហើយក៏​បាន​យកទៅ​ឲ្យ​មិត្ត ថន ដដែល​។ មិត្ត ថន បាន​ទៅ​រាយការណ៍​ឲ្យ​មិត្ត សារិន ហើយ​មិត្ត សារិន ឆ្លើយថា​ឲ្យ​យក​ទុក​មួយកន្លែង​សិន​ចាំ​មាន​វិធានការ​បន្តទៀត​។​

​នៅ​ដើមខែ មេសា ឆ្នាំ​១៩៧៦ មិត្ត សារិន បាន​ឲ្យ​មិត្ត ថន យក​គ្រាប់បែក​ទៅ​បោក​នៅក្រោយ​វាំង​។ មុនពេល​បោក​គ្រាប់បែក​ទាំងនោះ មិត្ត​ថន បានរៀបចំ​ឲ្យ មិត្ត ម៉ី សារុន (​ក្រុមទី​ពីរ អនុ​សេនា​តូច​១ អនុ​សេនា​ធំ​៤១ កងពល​១៧០) និង មិត្ត អ៊ុក ឃុន​នី (​អនុ​ក្រុមទី​ពីរ អនុ​សេនា​តូច​១ អនុ​សេនា​ធំ​៤១ កងពល​១៧០) យាម​នៅតាម​ផ្លូវ​ក្រោយ​វាំង​បែរមុខ​ទៅ​ទិស​ខាងលិច ដោយ​បន្លំ​ធ្វើជា​អ្នក​បោសសម្អាត​នៅក្បែរនោះ​។ ចំណែក​ខ្ញុំ​បន្លំ​ធ្វើជា​អ្នក​បោស​សំរាម នៅ​រោង​យាម​ជិត​នោះដែរ​។ នៅពេល​រៀបចំ​ហើយ មិត្ត​ថន បាន​ចូលទៅ​បោក​គ្រាប់បែក​។ គោលបំណង​នៃ​ការបោកគ្រាប់បែក​នេះ​គឺ​នៅក្នុង​វាំង ប៉ុន្តែ​ពេល​បោះ​គ្រាប់បែក​នោះ​ទៅ​បែរជា​ប៉ះ​ខ្សែភ្លើង និង​បាន​ធ្លាក់​មក​ជិត​អ្នកយាម​ទៅវិញ​។ ព្រឹត្តិការណ៍​បានកើត​ឡើង​នៅ​ថ្ងៃទី​២ ខែមេសា ឆ្នាំ​១៩៧៦ ម៉ោង​៤ និង​៣៥​នាទី ទៀបភ្លឺ​។ បន្ទាប់ពី​បោក​គ្រាប់បែក​ហើយ មិត្ត​ថន បាន​រត់ចេញ​មកវិញ​ហើយ​ដើរគេច​តាម​ផ្ទះ​ដែលមាន​ធុងសាំង ត្រឡប់ទៅផ្ទះ​របស់គាត់​វិញ​។ ១០​នាទី​ក្រោយមក​កង​១៨០ បានមក​កាន់​ទីកន្លែង​ដែល​បាន​កើតហេតុ និង​ទាក់ទង អ៊ុក ឃុន​នី និង​រាយការណ៍​ថា​មាន​ខ្មាំង​បោក​គ្រាប់បែក​។ បន្តិចក្រោយមក សារិន និង មិត្ត ថន ក៏បាន​ដើរ​ចេញមក​មើល​ដែរ ដោយ​ធ្វើ​ហាក់ដូចជា​មិនបាន​ដឹង​អ្វីដែល​បានកើត​ឡើង​។ ក្រោយមក មិត្ត​សារិន ក៏បាន​ដើរចូល​ទៅក្នុង​បង្គន់​បត់ជើង ទន្ទឹមនឹងនោះ​មាន​មិត្ត​មកពី​កង​១៨០ ម្នាក់​ក៏បាន​ដើរចូល​ជាមួយ​ដែរ​។ ក្រោយពី សារិន បត់ជើង​រួច​មិត្ត​មកពី​កង​១៨០ បាន​រើស​បាន​សំបុត្រ​មួយច្បាប់​សរសេរថា «​មិត្ត​យើង​ខាង​១៨០ ជំហរ​រឹង​ដែរ តែ​កាំភ្លើង សេ​កា​សេ មិនអាច​យកឈ្នះ​កាំភ្លើង​អាកា​បានទេ​» នៅមាន​ន័យ​ច្រើន​ជាងនេះទៀត ប៉ុន្តែ​ខ្ញុំ​ចាំ​មិនបាន​។ ពេលនោះ មិត្ត​សារិន បាន​ហៅ​ខ្ញុំ​, អ៊ុក ឃុន​នី​,​ម៉ី សារុន​,​នុ​ច សារិត (​ប្រធាន​ក្រុម​១ សេនា​តូច​១ អនុ​សេនា​ធំ​៤១ កងពល​១៧០) ,​ស្រី គិត (​យុទ្ធជន អនុ​ក្រុមទី​ពីរ អនុ​សេនា​តូច​១ អនុ​សេនា​ធំ​៤១ កងពល​១៧០) និង ខែម សំអាត (​អនុ​ក្រុមទី​បី អនុ​សេនា​តូច​១ អនុ​សេនា​ធំ​៤១ កងពល​១៧០) ទៅ​ណែនាំ​ថា «​ឲ្យ​មិត្ត​យើង​រាយការណ៍​តាម​មិត្ត​យើង​ឃើញ តែ​កុំ​បង្កាច់បង្ខូច​មិត្ត​ខាង​កង​១៨០ គឺ​យើង​រាយការណ៍​ដើម្បី​យុត្តិធម៌​»​។ មួយថ្ងៃ​ក្រោយពី​រាយការណ៍​ឲ្យ​គណៈ​ង​ហើយ បង​សារិន បាន​ចាត់តាំង​ឲ្យ​ខ្ញុំ​មកជួប​គណៈកង​ពល​ទៀត​។ បន្ទាប់ពី​ខ្ញុំ​រាយការណ៍​ជូន​គណៈ​កងពល​រួចហើយ កងពល​ក៏បាន​បញ្ជូន​ខ្ញុំ​មក​ទីនេះ​តែម្ដង​។​

​កំណត់ចំណាំ ៖ រាល់​ចម្លើយសារភាព​របស់​អ្នកទោស​ទាំងអស់​នៅ​មន្ទីរ​សន្តិសុខ​ស​-២១ សុទ្ធតែ​ឆ្លងកាត់​ការបង្ខិតបង្ខំ និង​ធ្វើ​ទារុណកម្ម​ធ្ងន់ធ្ងរ​ពី​កង​សួរចម្លើយ​របស់​ខ្មែរក្រហម ដូច្នេះ យើង​មិនអាច​សន្និដ្ឋានបានថា ចម្លើយ​របស់ យឹម សំបា​ត់ ពិត​ឬ​យ៉ាងណា​នោះទេ​៕V

ទីតាំងផ្សាយពាណិជ្ជកម្ម