​រដ្ឋមន្ត្រីការបរទេស​ជប៉ុន​មក​ទស្សនកិច្ច​នៅ​កម្ពុជា​ពីថ្ងៃ​ទី​២១-២៣ ខែសីហា

129
ចែករម្លែក

​ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ រដ្ឋមន្ត្រីការបរទេស​ជប៉ុន លោក​ម៉ូ​តេ​ហ្គី តូ​ស៊ី​មី​សឺ នឹង​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​ព្រះរាជាណាចក្រ​កម្ពុជា​រយៈ​ពេល​បី​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​២១ ដល់​ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០២០ ខាងមុខនេះ​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៅ​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០២០​។​


ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​បន្តថា ក្នុងអំឡុងពេល​ទស្សន​កិច្ច​លោក ម៉ូ​តេ​ហ្គី តូ​ស៊ី​មី​សឺ នឹង​អញ្ជើញ​ចូលជួប​សម្តែង​ការគួរសម​ចំពោះ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ដែល​នៅក្នុង​ឱកាស​នោះ បញ្ហា​ទ្វេភាគី​និង​ពហុភាគី​មួយចំនួន​ដែលជា​ចំណាប់អារម្មណ៍​រួម នឹងត្រូវ​បាន​លើក​យកមក​ពិភាក្សា​។

​ក្នុងអំឡុងពេល​ស្នាក់នៅ​រាជធានី​ភ្នំពេញ លោក ម៉ូ​តេ​ហ្គី តូ​ស៊ី​មី​សឺ នឹង​អញ្ជើញ​ទៅ​គោរព វិញ្ញាណក្ខន្ធ​នៅ​ចេតិយ​របស់លោក​អាត់​ស៊ូ​ហ៊ី​រ៉ូ​ណា​កាតា​អតីត​បុគ្គលិក​ស្ម័គ្រចិត្ត​ជប៉ុន​របស់​អង្គការសហប្រជាជាតិ និង​លោក​ហា​រូ​យូគី តា​កាតា អតីតមន្ត្រី​ប៉ូលិស​ស៊ីវិល​របស់​អ៊ុនតាក់​។
ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​បញ្ជាក់ថា ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់ លោក ម៉ូ​តេ​ហ្គី តូ​ស៊ី​មី​សឺ រដ្ឋមន្ត្រី​ក្រសួងការបរទេស​ជប៉ុន នៅ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​ជួយ​ពង្រឹងពង្រីក​ថែមទៀត​នូវ​ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ដែល​មាន​ស្រាប់ រវាង​ប្រទេស​ទាំងពីរ​នៅលើ​គ្រប់​វិស័យ ទាំង​នៅក្នុង​ក្របខ័ណ្ឌ​ទេ្វ​ភាគី និង​ពហុភាគី ហើយក៏​ជាការ​បង្ហាញ​នូវ​សាមគ្គីភាព​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​រាតត្បាត​សកល​កូ​វីដ​-១៩ ក៏ដូចជា​កិច្ចសហប្រតិបត្តិការ ក្នុងការ​ស្តារ​សេដ្ឋកិច្ច​ឡើងវិញ​ក្រោយ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩៕S/

​រូបថត​៖​ពីឆ្វេង​ទៅ​ស្តាំៈ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និង​លោក ម៉ូ​តេ​ហ្គី តូ​ស៊ី​មី​សឺ​
​លោក​ម៉ូ​តេ​ហ្គី តូ​ស៊ី​មី​សឺ រដ្ឋមន្ត្រីការបរទេស​ជប៉ុន (​រូប​ថ​តៈ​ឯកសារ​)​

ទីតាំងផ្សាយពាណិជ្ជកម្ម