សម្តេច​ក្រឡាហោមៈ​រាជរដ្ឋាភិបាល​ប្តេជ្ញា​កែទម្រង់​ច្បាប់​និង​ប្រព័ន្ធយុត្តិធម៌​សំដៅ​ធានា​ដល់​ការគោរព​សិទ្ធិមនុស្ស​

199
ចែករម្លែក

ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​បញ្ជាក់ថា រាជរដ្ឋាភិបាល​មាន​ឆន្ទៈ​នយោបាយ​ខ្ពស់ និង​ប្តេជ្ញា​មោះមុត ក្នុងការ​កែទម្រង់​ច្បាប់ និង​ប្រព័ន្ធយុត្តិធម៌ សំដៅ​ធានា​ដល់​ការគោរព​សិទ្ធិមនុស្ស ដោយ​ពង្រឹង​ការអនុវត្ត​ច្បាប់​ជាតិ បទដ្ឋាន​សិទ្ធិមនុស្ស​អន្តរជាតិ​។​ជាពិសេស​ខិតខំ​បង្ការ​អំពើ​ទារុណកម្ម​ឬ​ប្រព្រឹត្ត​កម្ម​មិន​គប្បី​ណាមួយ​កុំ​ឲ្យ​កើតមាន​ឡើងលើ​ជន​ដែល​ត្រូវបាន​ដកហូត​សិទ្ធិសេរីភាព​។

​ការបញ្ជាក់​នេះ​បាន​ធ្វើឡើង​នៅក្នុង​ពិធី​ប្រកាស​ចូលកាន់​មុខតំណែង​សមាជិក​គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ទារុណកម្ម កាលពី​ព្រឹក​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០២០ នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ​។
​សម្តេច​ក្រឡាហោម ស ខេង បាន​បន្តថា ដើម្បី​ឲ្យ​ការអនុវត្ត​នេះ ទទួលបាន​ជោគជ័យ ទាមទារ​ចាំបាច់​ឲ្យ​មន្ត្រី​សាធារណៈ និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ទទួលបន្ទុក​គ្រប់គ្រង​ជន​ដែល​ត្រូវ​ដកហូត​សិទ្ធិសេរីភាព​ត្រូវ​ផ្លាស់ប្តូរ​ផ្នត់គំនិត​ឥរិយាបថ និង​អាកប្បកិរិយា​របស់ខ្លួន ជុំវិញ​ការឃាត់ខ្លួន ការឃុំខ្លួន ការអប់រំ​កែប្រែ ការព្យាបាល ការស្តារ​នីតិសម្បទា​ជ​ន​ទាំង​ន​ផងដែរ​។

​សម្តេច​បញ្ជាក់ថា “​យើង​ទទួលស្គាល់​ហើយ​ថា ព័ត៌មាន​ទាំងឡាយ​ដែល​យើង​ចង់បាន​ពី​ពួកគេ​មាន​សារៈសំខាន់​ណាស់​សម្រាប់​ជា​ភស្តុតាង​ដើម្បី​ស្វែងរក​យុត្តិធម៌ ក៏ដូចជា​ការរៀបចំ​អប់រំ​កែប្រែ និង​ស្តារនីតិសម្បទា​ជន​ទាំងនោះ ក្នុងន័យ​ធ្វើ​សមាហរណកម្ម​ពួកគេ​ទៅក្នុង​សង្គមជាតិ​វិញ​។

ប៉ុន្តែ​ព័ត៌មាន​ដែល​សមស្រប​បំផុត​នោះ មិនមែនជា​ព័ត៌មាន​ដែល​បានមកពី​ចម្លើយ​ដែល​ទទួលរង​នូវ​ការធ្វើ​ទារុណកម្ម​នោះទេ​។ ការធ្វើ​ទារុណកម្ម និង​ប្រព្រឹត្ត​កម្ម មិន​គ​ម្បី ដែល​ឃោរឃៅ អមនុស្សធម៌ ឬ​បន្ទាបបន្ថោក​មិនមែនជា​វិធានការ​ចាំបាច់​ដែល​ត្រូវ​យកមកអនុវត្ត ចំពោះ​ជន​ទាំង​នោះឡើយ ផ្ទុយទៅវិញ​ប្រព្រឹត្ត​កម្ម​បែបនេះ​ជា​អំពើ​ខុសច្បាប់ និង​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ ដែល​មិនអាច​ទទួលបាន​លទ្ធផល​វិជ្ជមាន​ដូច​យើង​ចង់បាន​នោះទេ វា​ប៉ះពាល់​ដល់​សេចក្តីថ្លៃថ្នូរ​របស់​មនុស្ស​ជាតិ និង​ផ្តល់​ការឈឺចាប់​ដល់​ជន​ទាំងនោះ ហើយ​អាច​បង្កើតឡើង​នូវ​គំនុំ​គំ​គួ​ន​គ្នា​មិនចេះចប់​”​។​

​សម្តេច​ក្រឡាហោម ស ខេង ក៏បាន​អនុសាសន៍​បំពេញបន្ថែម​មួយចំនួន​សម្រាប់​គណៈកម្មាធិកា​រ​ជាតិ​ប្រឆាំង​ទារុណកម្ម និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ក្នុងការ​គ្រប់គ្រង​ជន​ត្រូវបាន​ដកហូត​សេរីភាព ដើម្បី​អនុវត្ត​ឲ្យ​ស្របតាម​ច្បាប់​ជាតិ និង​ស្មារតី​នៃ​អនុសញ្ញា​ប្រឆាំង​ទារុណកម្ម ។​ពិធីសារ​បន្ថែម​លើ​អនុសញ្ញា​នេះ ដូចតទៅ​៖ ១.​ចំពោះ​គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ទារុណកម្ម​៖ ត្រូវ​បន្ត​អប់រំ​ផ្សព្វផ្សាយ និង​លើកកម្ពស់​ការយល់ដឹង​អំពី​អនុសញ្ញា​ប្រឆាំង​ទារុណកម្ម ពិធីសារ​បន្ថែម និង សន្ធិសញ្ញា​ផ្សេងៗ​ទៀត ព្រមទាំង​បទបញ្ញត្តិ​ទាំងឡាយ​ក្នុង​ច្បាប់​ជាតិ​ដែល​ពាក់ព័ន្ធ ទៅដល់​អាជ្ញាធរ​សាធារណៈ និង​មន្ត្រី​ដែល​បំពេញ​តួនាទី​នៅតាម​ទីកន្លែង​ឃុំឃាំង​ជន​ដែល​បាន​ដកហូត​សេរីភាព​។


​ត្រូវ​ចុះ​ត្រួតពិនិត្យ និង​តាមដាន​យ៉ាង​ទៀងទាត់ អំពី​ស្ថានភាព​នៅតាម​កន្លែង​ឃុំឃាំង​នានា ក្នុង​គោលដៅ ពង្រឹង​ការការពារ​ដល់​ជន​ជាប់ឃុំ ពី​ការធ្វើ​ទារុណកម្ម និង​ត្រូវ​ផ្តល់​អនុសាសន៍​ចាំបាច់​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច ក្នុង​គោលបំណង​កែលម្អ​ប្រព្រឹត្ត​កម្ម និង​ស្ថានភាព​រស់នៅ​របស់​ជន​ដែល​ត្រូវបាន​ដកហូត​សេរីភាព ស្របតាម នីតិវិធី​នៃ​ច្បាប់​ជាតិ និង​អនុលោម​តាម​ស្មារតី នៃ​អនុសញ្ញា​ប្រឆាំង​ទារុណកម្ម និង​ពិធីសារ​បន្ថែម​។​

​ត្រូវ​សហការគ្នា​ឲ្យ​បានល្អ និង​មាន​សាមគ្គីភាព​ផ្ទៃក្នុង​គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ទារុណកម្ម ជាពិសេស ត្រូវ​ទំនាក់ទំនង​ល្អ និង​ជិតស្និត​ជាមួយ​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ និង​ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា ដើម្បី​អនុវត្ត​ការងារ​អោយមាន​ប្រសិទ្ធភាព ឆ្លើយតប​ទៅនឹង​អនុសញ្ញា ប្រឆាំង​ទារុណកម្ម និង​អនុសាសន៍​របស់​អនុគណៈកម្មាធិការ​ប្រឆាំង​ទារុណកម្ម​របស់​អង្គការសហប្រជាជាតិ ដែល​បានមក​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា​។​

២.​ចំពោះ​មន្ត្រី​សាធារណៈ និង​អាជ្ញា​ធរមាន​សម្ថ​កិច្ច​៖ ត្រូវ​លើក​កំពស់​ស្មារតី គោរព​សិទ្ធិមនុស្ស ជាពិសេស​ចំពោះ​ជន​ដែល​ត្រូវបាន​ដកហូត​សេរីភាព ស្របតាម​ច្បាប់​ជាតិ និង​ច្បាប់​អន្តរជាតិ​។ ត្រូវ​សហការ​បង្កលក្ខណៈ​ងាយស្រួល​ដល់​គណៈកម្មាធិកា​រ​ជាតិ​ប្រឆាំង​ទារុណកម្ម និង​អនុគណៈកម្មាធិការ​បង្កា​រ​ទារុណកម្ម​របស់​អង្គការសហប្រជាជាតិ ឲ្យ​បំពេញ​កាតព្វកិច្ច​តាម​អណ​ត្តិ​ការងារ​របស់ខ្លួន​ប្រកបដោយ ប្រសិទ្ធភាព សំដៅ​រួមចំណែក​ដល់​ការលើកកម្ពស់​សិទ្ធមនុស្ស​ប្រចាំ​នៅ​កម្ពុជា​ឲ្យ​កាន់តែ​ប្រសើរឡើង​ថែមទៀត​៕S/

​រូបថត​៖​សម្តេច​ក្រឡាហោម ស ខេង ក្នុង​ពិធី​ប្រកាស​ចូលកាន់​មុខតំណែង​សមាជិក​គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ទារុណកម្ម​

ទីតាំងផ្សាយពាណិជ្ជកម្ម