​ឧត្ដមសេនីយ៍ត្រី​ម្នាក់ សុំ​ស្នេហ៍​ស្ត្រី​ម្ចាស់​ហាង វិមាន​ព្រិល មិនបាន យក​កាំភ្លើង​គំរាម​បាញ់​

21025
ចែករម្លែក

ដោយៈ​ចាន់តូ /
​ភ្នំពេញ​៖
បុរស​ម្នាក់ ស្លៀកពាក់​ស៊ីវិល បានមក​ផឹកស៊ី ខណៈ​ស្រវឹង​ស្រឿងៗ សុំ​ស្នេហ៍​ពី​ស្ត្រី​ម្ចាស់​ហាងមិនបាន ឈានទៅដល់​ដក​កាំភ្លើងខ្លីគំរាម​បាញ់ បណ្ដាល​ឲ្យ​ភ្ញៀវ​ផឹកស៊ីដូចគ្នារត់​ចែក​ជើង​គ្នា ។ ហេតុការណ៍​នេះ បាន​បង្កឱ្យមានការភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង ១​និង​៣០​នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃ​ពុធ ទី​១២ ខែសីហា ឆ្នាំ​២០២០ នៅ​ហាង​ផឹកស៊ី យីហោ វិមាន​ព្រិល ស្ថិតនៅតាម​បណ្តោយ​ផ្លូវ ១៦៣ សង្កា​ត់​ទួល​ទំពូង​ទី​១ ខណ្ឌចំការមន​។​

ខ្មាន់កាំភ្លើង ឈ្មោះ ជិន សាមឺឌី

​ប្រភពពី​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​ឃើញ​បុរស​ម្នាក់ ស្លៀកពាក់​ស៊ីវិល ក៏ប៉ុន្តែ​បាន​ត្រូវគេ​ស្គាល់​ថាជា​ឧ​ត្ត​ម​សេនីយ៍​ត្រី (​ផ្កាយ​១) បាន​ជិះ​រថយន្ត​ម៉ាក ឡិច​ស៊ី​ស ពណ៌​ទឹកប្រាក់ ពាក់​ផ្លាកលេខ នគរបាល 2.7119 បាន​ចូលទៅ​ហាង​ផឹកស៊ី ដែលមាន​យីហោ ” វិមាន​ព្រិល ” ។​

ខ្មាន់កាំភ្លើង ជា​ឧ​ត្ត​ម​សេនីយ៍​ត្រី ឈ្មោះ ជិន សាមឺឌី

​ប្រភព បានបញ្ជាក់​ថាៈ ខណៈ​ស្រវឹង​ស្រឿងៗ បុរស​ម្នាក់​នោះបាន​សុំ​ស្នេហ៍ពី​ម្ចាស់​ហាង ក៏ប៉ុន្តែ​ស្ត្រី​ម្ចាស់​ហាងមានប្រតិកម្ម ដើម្បី​ការពារ​សិទ្ធិ និង​កិត្តិយស​របស់ខ្លួន បង្ក​ឱ្យ​បុរស​នោះមាន​ភាពអាម៉ាស់ និង​ខឹងសម្បាយ៉ាងខ្លាំង ដោយសារ​ការ​ចែចង់សុំ​ស្នេហ៍​មិនបាន ហើយក៏​ស្រាប់តែ​ផ្ទុះ​ហិង្សាជាមួយ​ម្ចាស់​ហាង មួយ​ប្រាវ រួច​ក៏​បើករថយន្ត ចេញ​បាត់ទៅ ។

រថយន្ត​របស់ខ្មាន់កាំភ្លើង ម៉ាក ឡិច​ស៊ី​ស ពណ៌​ទឹកប្រាក់ ពាក់​ផ្លាកលេខ នគរបាល 2.7119

​ប្រភព​បាន​បន្តទៀតថា មួយសន្ទុះ​ក្រោយមក ស្រាប់តែ​បើករថយន្តមក​ហាង​ផឹកស៊ី ” វិមាន​ព្រិល ” វិញ បាន​ដក​កាំភ្លើងគំរាម​បាញ់ ត្រូវបាន​ម្ចាស់​ហាង រាយការណ៍​ទៅ​កងកម្លាំង​នគរបាល និង​អាវុធហត្ថ​ចំការមន ឱ្យជួយ​ធ្វើ​អន្តរាគមន៍​។ កងកម្លាំង​មាន​សមត្ថកិច្ច បាន​ចុះ​ទៅដល់​កន្លែង​ភ្លាមៗ តែ​ជនបង្កបាន​ឡើង​រថយន្ត បើក​គេចចេញ ពី​កន្លែងកើតហេតុ ហើយក៏​ត្រូវបាន​សមត្ថ​កិច្ចដេញតាម​ពីក្រោយ រហូតដល់​ផ្លូវជាតិ​លេខ​១ ស្ថិតក្នុង​សង្កាត់​ច្បារអំពៅ ខណ្ឌ​ច្បារអំពៅ ទើប​ឃាត់​រថយន្ត និង​បុរស​ម្នាក់ ដែលជា​ខ្មាន់កាំភ្លើង​នោះបាន ហើយ​ក៏បាន​នាំខ្លួនមកកាន់​អធិការដ្ឋានខណ្ឌចំការមន​វិញ​។​

ស្ត្រី​ម្ចាស់​ហាង ផឹកស៊ី យីហោ វិមាន​ព្រិល

​បន្ទាប់ពី​បញ្ជូន​ជនបង្ក​នោះមកដល់​អធិការដ្ឋាននគរបាល​ខណ្ឌចំការមន សមត្ថកិច្ច បានបង្ហាញ​អត្តសញ្ញាណជនបង្ក​នោះ ឱ្យដឹងថា មានឈ្មោះ ជិន សាមី​ឌី អាយុ​៣២​ឆ្នាំ មាន​ឋានន្តរស័ក្តិ ជា​ឧ​ត្ត​ម​សេនីយ៍​ត្រី (​អនុប្រធាននាយកដ្ឋាន​) ទីលំនៅ​ផ្ទះ​លេខ ១៥V ភូមិ​វាល​ស្បូវ សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ​។​

​បច្ចុប្បន្ន ឧ​ត្ត​ម​សេនីយ៍ខាងលើ ត្រូវបាន​សមត្ថកិច្ច នាំមក​សាកសួរ​បន្ថែម ។ រីឯ​ស្ត្រី​ម្នាក់ ដែលជា​ម្ចាស់​ហាងខាងលើ ក៏​ត្រូវបាន​សមត្ថកិច្ច អញ្ជើញ​មកកាន់​អធិការដ្ឋាន ខណ្ឌចំការមន ផងដែរ ដើម្បី​សាកសួរពី​មូលហេតុ និង​ចាត់ការតាមផ្លូវ​ច្បាប់ ៕V​/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម