វៀតណាម​ចាប់​ខ្លួន​អតីត​មេ​ប៉ូលិស​ម្នាក់ ក្នុងករណី​ហ្គេម​តាម​អ៊ីនធឺណិត​

3405
ចែករម្លែក
  • 67
    Shares

​អតីត​ប្រធាន អគ្គនាយកដ្ឋាន​ប៉ូលិស​ជាតិ​វៀតណាម ត្រូវ​បាន​ឃាត់​និង​នាំ​ទៅ​ឃុំខ្លួន​រយៈពេល​៤​ខែ​ដើម្បី​ស៊ើបអង្កេត​តួនាទី​របស់​លោក​នៅក្នុង​ក្រុម​ល្បែង​តាម​អ៊ិន​ធឺ​ណិ​ត​​ដ៏​ធំ​មួយ​ដែល​មាន​ខ្នង​ជា​ប៉ូលិស​ហើយ​ដែល​ត្រូវ​បាន​បង្ក្រាប​កាលពី​ឆ្នាំមុន នេះ​បើ​តាម​ការបញ្ជាក់​ពី​ក្រសួង​សន្តិសុខ​សាធារណៈ​វៀតណាម​។​

​ការចាប់ខ្លួន​ឧត្តមសេនី​យ៍​ឯក​ចូល​និវត្តន៍​នេះ កើត​ឡើង​ស្រប​ពេល​ដែល​វៀតណាម​បានសំរេច​ចាប់ផ្តើម​ដំណើរការ​ព្រហ្មទណ្ឌ​ប្រឆាំង​រូបលោក​កាលពី​ថ្ងៃ​សុក្រ​ទី​៦​មេសា​។​

​ការស៊ើបអង្កេត​នៅ​ខេត្ត​ភូ ថូ ភាគ​ខាងជើង ធ្វើ​អោយ​ជាប់​ពាក់ព័ន្ធ​មន្ត្រីប៉ូលិស​ជាច្រើន រួមមាន ឧត្តម​សេស​នី​យ៍​ត្រី​ម្នាក់​ផង​។​

​ផាន វ៉ាន់ វិញ ត្រូវបាន​ឃាត់ខ្លួន​ចំពោះ​ការចោទប្រកាន់​ថា​បាន​«​រំលោភ​អំណាច​និង​តួនាទី​ក្នុងពេល​លោក​បំពេញ​ភារកិច្ច​»​។​លោក​ត្រូវបាន​ចោទប្រកាន់​ថា​ពាក់ព័ន្ធ​ក្នុង​​ករណី​ប្រើ​អ៊ិន​ធឺ​ណិ​តរៀប​ចំការ​លេងល្បែង ជួញដូរ​វិក្កយបត្រ​ខុសច្បាប់​និង​លាង​លុយ​នៅ​ខេត្ត​ភូ​ថូ​និង​នៅ​ខេត្ត​ក្រុង​ផ្សេង​ទៀត​។​

​កាលពី​ថ្ងៃ​សុក្រ​នេះដែរ ប្រធានាធិបតី វៀតណាម ក៏​បាន​ចុះហត្ថលេខា​ដក​ឋានៈ​លោក​វិញ​ជា​មន្ត្រី​សន្តិសុខ​សាធារណៈ​របស់​ប្រជាជន ហើយ​ផ្ទះ​របស់​លោក​ក៏ត្រូវ​​ប៉ូលិស​ចូល​ឆែកឆេរ​ក្នុង​ថ្ងៃ​តែមួយ​។​

​សូមបញ្ជាក់​ថា វិញ បាន​ចុះហត្ថលេខា​លើ​ឯកសារ​ទទួលស្គាល់​ក្រុមហ៊ុន​ដែល​នៅ​ពីក្រោយ​ក្រុម​ល្បែង​តាម​អន​ឡាញ​មួយ​ជា​អង្គភាព​អាជីព​នៅ​ក្រោម​ក្រសួង​សន្តិសុខ​​សាធារណៈ​។​ក្រុម​នេះ បាន​ពង្រីក​បណ្តាញ​របស់​ខ្លួន​នៅ​ទូ​ទាំង​វៀតណាម ជាមួយនឹង​ភ្នាក់ងារ​លក់​រាប់ពាន់នាក់​។​

​ប៉ូលិស​ក៏​កំពុង​ស៊ើបអង្កេត​ថា​តើ​អតីត​មេ​ប៉ូលិស​រូប​នេះ មាន​បាន​ទទួល​ចំណែក​ហ៊ុន​នៃ​ប្រតិបត្តិការ​ល្បែង​ដ៏​ធំ​នេះ​ដែរ​ឬ​អត់​៕​ដោយ​៖​វាសនា​

វិញ បាន​ធ្វើ​ជា​មេ​ប៉ូលិស​ក្រុង ណា​ម ឌី​ញ មុនពេល​ត្រូវ​បាន​ដំឡើង​អោយ​ដឹកនាំ​អគ្គនាយកដ្ឋាន​ប៉ូលិស​

ទីតាំងផ្សាយពាណិជ្ជកម្ម