ត្រាំចុះកិច្ចព្រមព្រៀងទី៦ដើម្បីទិញវ៉ាក់សាំងកូវីដ១៩ចំនួន ១០០ លានដូសទៀត

183
ចែករម្លែក

ប្រធានាធិបតីដូណាល់ត្រាំកាលពីថ្ងៃអង្គារទី១១សីហាបានប្រកាសពីកិច្ចសន្យាតម្លៃ ១,៥ ពាន់លានដុល្លារជាមួយក្រុមហ៊ុនជីវបច្ចេកវិជ្ជាអាម៉េរិក Moderna សម្រាប់វ៉ាក់សាំងកូវីដ១៩ចំនួន ១០០ លានដូស ដែលនេះជាកិច្ចព្រមព្រៀងទី ៦ ដែលសម្រេចបានគិតចាប់តាំងពីខែឧសភា។

លោកត្រាំបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅសេតវិមានថា “ខ្ញុំរីករាយនឹងប្រកាសថាយើងបានឈានដល់កិច្ចព្រមព្រៀងមួយជាមួយក្រុមហ៊ុន Moderna ដើម្បីផលិតនិងផ្តល់ជូននូវវ៉ាក់សាំងការពារវីរុសកូរ៉ូណាចំនួន ១០០ លានដូសរបស់ពួកគេ។ រដ្ឋាភិបាលសហព័ន្ធនឹងគ្រប់គ្រងនូវវ៉ាក់សាំងទាំងនេះ ព្រោះយើងជាអ្នកទិញវា”។

លោកបានបន្ថែមថា “យើងកំពុងស្ថិតលើមាគាផលិតឱ្យបាន ១០០ លានដូសភ្លាមៗ នៅពេលវ៉ាក់សាំងត្រូវបានអនុម័ត និងផលិតបានរហូតដល់ ៥០០ លានដូសភ្លាមបន្ទាប់ពីនោះ ដូច្នេះយើងនឹងមានចំនួន ៦០០ លានដូស”។

ក្រុមហ៊ុន Moderna ដែលសហការជាមួយវិទ្យាស្ថានសុខភាពជាតិអាម៉េរិក (NIH) កំពុងធ្វើការសាកល្បងព្យាបាលដំណាក់កាលទី ៣ នូវបេក្ខជនវ៉ាក់សាំងមួយ និង ការផលិតវ៉ាក់សាំងនឹងត្រូវធ្វើឡើងខណៈពេលដែលការសាកល្បងព្យាបាលកំពុងដំណើរការ។

វ៉ាក់សាំងដែលមានឈ្មោះថា mRNA-1273 នេះកំពុងត្រូវបានសហការបង្កើតឡើងដោយក្រុមហ៊ុន Moderna និងវិទ្យាស្ថានជាតិអាឡែរស៊ីនិងជំងឺឆ្លង (NIAID) របស់វិទ្យាស្ថាន NIH ដែលដឹកនាំដោយវេជ្ជបណ្ឌិត អានថូនី ហ្វូស៊ី។

លោកហ្វូស៊ីនិយាយថា ក្រុមអ្នកស្រាវជ្រាវទំនងជាមិនដឹងពីប្រសិទ្ធភាពនៃវ៉ាក់សាំងនេះទេមុនដល់ដំណាច់ឆ្នាំនេះ។ ប៉ុន្តែលោកត្រាំនិយាយថាលោកសង្ឃឹមមានវ៉ាក់សាំងនៅមុនការបោះឆ្នោតប្រធានាធិបតីថ្ងៃទី ៣ ខែវិច្ឆិកា។

កិច្ចសន្យាចុងក្រោយនេះបាននាំមកនូវការប្តេជ្ញាចិត្តសរុបរបស់រដ្ឋាភិបាលអាម៉េរិកដល់ក្រុមហ៊ុន Moderna រហូតដល់ ២,៤៨ ពាន់លានដុល្លារ។

ក្រុមហ៊ុន ដែលបានបង្កើតឡើងតិចជាង ១០ ឆ្នាំនេះ មិនដែលបានបង្កើតវ៉ាក់សាំងប្រភេទណាមួយទេ ប៉ុន្តែលទ្ធផលបឋមនៃវ៉ាក់សាំងកូវីដ១៩របស់ក្រុមហ៊ុនបានបង្ហាញលទ្ធផលគួរជាទីរំពឹង។

រដ្ឋបាលត្រាំបានត្រៀមថវិកាយ៉ាងហោចណាស់ចំនួន ១០,៩ ពាន់លានដុល្លារសម្រាប់ការអភិវឌ្ឍនិងផលិតវ៉ាក់សាំងការពារមេរោគកូរ៉ូណា។

រដ្ឋបាលនេះបានបញ្ជាទិញវ៉ាក់សាំងចំនួន ១០០ លានដូសរួចទៅហើយពីក្រុមហ៊ុន Johnson & Johnson ក្រុមហ៊ុន Novavax, Pfizer និងក្រុមហ៊ុន Sanofi និង ៣០០ លានដូសពីក្រុមហ៊ុន AstraZeneca៕ ដោយ៖ កញ្ញាដាលីស

ប្រធានាធិបតីដូណាល់ត្រាំ

ទីតាំងផ្សាយពាណិជ្ជកម្ម