​ជន​មិន​ស្គាល់មុខ លួច​កាប់​ដើម​គ្រញូង ១​ដើម នៅក្នុង​តំបន់​អង្គរ​

161
ចែករម្លែក

ដោយ​៖​បាយ័ន​/​សៀមរាប​៖​ដើម​គ្រញូង​មួយ​ដើម​ដែល​ដុះ​នៅក្នុង​តំបន់​អង្គរ​គ្រប់គ្រង​ដោយ​អាជ្ញាធរ​ជាតិ​អប្សរា​ត្រូវបាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ​លួច​កាត់​យក​បាត់​ដោយ​សុវត្ថិភាព​។​ករណី​ជន​មិន​ស្គាល់មុខ លួច​កាត់ឈើ​គ្រញូង ក្នុង​តំបន់​គ្រប់គ្រង ដោយ​អាជ្ញាធរ​ជាតិ​អប្សរា បានកើត​ឡើងនៅវេលា​ម៉ោង ៩​និង​៣០​នាទី ព្រឹក​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០២០​ស្ថិតនៅ​ចំណុច​គោក​បាខែង ​ក្រុមទី​៦​ភូមិ​ត្រពាំង​សេះ សង្កាត់​គោកចក ក្រុង​សៀមរាប​។​

​យោងតាម​កំណត់ហេតុ របស់​សមត្ថកិច្ច បាន​ឲ្យ​ដឹង នៅ​ថ្ងៃទី​១២ សីហា នេះ​ថាៈ ការចុះ​ត្រួតពិនិត្យ ដល់ទី​តាំង​ជាក់ស្ដែង ឃើញថា ពិតជា​មានការ​លួចកាត់ឈើ​គ្រញូង ដែលមាន​មុខកាត់ ០,២ ម៉ែត្រ ពិតប្រាកដ​មែន ដោយ​ជន​មិន​ស្គាល់មុខ ហើយ​ដើម​គ្រញូង​នេះត្រូវ​ជន​មិន​ស្គាល់មុខ​នោះ លួច​យក​កំណាត់ពាក់កណ្ដាល អស់​ប្រវែង​ប្រមាណ ៣ ម៉ែត្រ ដោយ​បន្សល់ទុក​គល់ និង​ចុង​ប៉ុណ្ណោះ​។​

​ប្រភព​ដដែល បានបញ្ជាក់​ថាៈ ករណីនេះ ក្រុមការងារ នឹង​បន្ត​ស្រាវជ្រាវ រក​ជន​ប្រព្រឹត្ត​បទល្មើសមក​ផ្តន្ទាទោស តាមផ្លូវ​ច្បាប់​។​សូម​រំលឹក​ដែរ​ថា កាល​ថ្ងៃទី​១៦ ខែមេសា ឆ្នាំ​២០២០ កន្លងទៅ ចំណុច​ព្រៃ​ឧទ្យាន​អង្គរ ភូមិ​ក្រ​វ៉ាន់ សង្កាត់​នគរធំ ក្រុង​សៀមរាប មាន​ជនសង្ស័យពុំ​ស្គាល់មុខ បាន​លួច​កាប់​ឈើ​គ្រញូងអស់​ចំនួន ៤ ដើម ។​

​ទោះបីជា​យ៉ាងណា ពាក់ព័ន្ធ​ទៅនឹង​ករណីលួច​កាប់​ឈើ​គ្រញូង នៅក្នុង​តំបន់​គ្រប់គ្រង ដោយ​អាជ្ញាធរ​ជាតិ​អប្សរា ជា​បន្តបន្ទាប់បែបនេះ គេ​នៅ​មិនទាន់​ឃើញ អាជ្ញាធរ​ជាតិ​អប្សរា ចាប់បាន​ជនសង្ស័យយកមក​ផ្ដន្ទាទោស តាមផ្លូវ​ច្បាប់ នៅឡើយ​ទេ​។ ខណៈ​នៅក្នុង​តំបន់​ឧទ្យាន​អង្គរ គ្រប់គ្រង​ដោយ​អាជ្ញាធរ​ជាតិ​អប្សរា មាន​កម្លាំង​ការពារ យ៉ាង​​តឹងរ៉ឹង ពី​សំណាក់​មន្ត្រីអាជ្ញាធរ​ជាតិ​អប្សរា សូម្បី​ប្រជាពលរដ្ឋ ជួសជុល​លំនៅដ្ឋាន បន្តិចបន្តួច ត្រូវបាន​កម្លាំងរបស់​អាជ្ញាធរ​ជាតិ​អប្សរា ចុះ​ទៅដល់​ភ្លាម និង​វាយ​កម្ទេចចោល​ទៀតផង​។​

​ជាការ​កត់សម្គាល់ បើទោះបីជានៅក្នុង​តំបន់​គ្រប់គ្រង ដោយ​អាជ្ញាធរ​ជាតិ​អប្សរា បាន​ហាមឃាត់មិន​ឲ្យ​មានការ​សាងសង់សំណង់​យ៉ាងណាក៏ដោយ ក៏ប៉ុន្តែ គេ​សង្កេតឃើញ នៅក្នុង​តំបន់​រមណីយដ្ឋាន ឧទ្យាន​អង្គរ មានផ្ទះ​សាងសង់ ជាច្រើន​ផងដែរ មិនដឹងថា មាន​លិខិតអនុញាត ឬ​យ៉ាងណា​នោះទេ​។ ជុំវិញ​ករណីនេះ មជ្ឈដ្ឋាន​នានា កំពុង​រង់ចាំ​មើលអាជ្ញាធរ​ជាតិ​អប្សរា តើ​អាចមាន​សមត្ថភាព ចាប់​ជនសង្ស័យ ដែល​លួច​កាប់​ឈើ​គ្រញូងបានដែរ ឬ​យ៉ាងណា ៕S/Ha

​រូបភាព​:​ឈើ​គ្រញូង​១​ដើម​នៅក្នុង​តំបន់​គ្រប់គ្រង​ដោយ​អាជ្ញាធរ​ជាតិ​អប្សរា​ត្រូវបាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ​លួច​កាប់​៕​បាយ័ន​

ទីតាំងផ្សាយពាណិជ្ជកម្ម