បេក្ខនារីអនុប្រធានាធិបតីអាម៉េរិកលោកស្រី កាម៉ាឡា ហារីស ជាមនុស្សបែបណា?

302
ចែករម្លែក

លោកស្រីកាម៉ាឡា ហារីស ដែលជាបេក្ខនារីសម្រិតសម្រាំងរបស់បេក្ខជនប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យលោកចូ បាដិន ដើម្បីធ្វើជាដៃគូឈរឈ្មោះបោះឆ្នោតរបស់លោកនៅក្នុងការបោះឆ្នោតខែវិច្ឆិកា គឺជាមនុស្សដែលចេញមុខធ្វើអ្វីៗមុនគេជានិច្ចពេញមួយជីវិតរបស់លោកស្រី។

លោកស្រីហារីសអាយុ ៥៥ ឆ្នាំធ្លាប់និយាយរំលឹកឡើងវិញថា «ម្តាយខ្ញុំមានពាក្យស្លោកមួយ។ គាត់នឹងនិយាយមកខ្ញុំថា “កូនអាចជាមនុស្សដំបូងគេដែលធ្វើរឿងជាច្រើន ប៉ុន្តែត្រូវប្រាកដថាកូនមិនមែនជាមនុស្សចុងក្រោយគេទេ»។

លោកស្រីហារីសគឺជាអគ្គរដ្ឋអាជ្ញាទីមួយនៃរដ្ឋកាលីហ្វ័រញ៉ា ជាស្ត្រីដំបូងគេដែលកាន់មុខតំណែងនេះនិងជាស្ត្រីដំបូងគេនៃពូជពង្សអ្នកអាស៊ីខាងត្បូង ដែលជាប់ឆ្នោតជាព្រឹទ្ធសមាជិកអាម៉េរិក។

ឥឡូវនេះ លោកស្រីកំពុងស្វះស្វែងក្លាយជាអនុប្រធានាធិបតីស្រីដំបូងបង្អស់របស់សហរដ្ឋអាម៉េរិក។

ហើយទន្ទឹមលោកបាយដិនអាយុ ៧៧ ឆ្នាំរំពឹងកាន់អំណាចតែមួយអាណត្តិ ប្រសិនបើជាប់ឆ្នោត លោកស្រីហារីសនឹងរំពឹងឈ្នះការតែងតាំងជាបេក្ខនារីប្រធានាធិបតីរបស់បក្សប្រជាធិបតេយ្យរយៈពេល ៤ ឆ្នាំចាប់ពីពេលនេះតទៅ។

នោះអាចផ្តល់ឱ្យលោកស្រីនូវការបង្កើតប្រវត្តិសាស្ត្របន្ថែមទៀត ក្នុងនាមជាប្រធានាធិបតីស្រីដំបូងបង្អស់របស់សហរដ្ឋអាម៉េរិក។

លោកស្រីស៊ូសាន រ៉ាយ ដែលធ្លាប់មានតួនាទីជាទីប្រឹក្សាសន្តិសុខជាតិក្រោមការដឹកនាំរបស់ប្រធានាធិបតីបារ៉ាក់ អូបាម៉ា និងធ្លាប់ត្រូវបានពិចារណាធ្វើជាដៃគូអនុប្រធានាធិបតីរបស់លោកបាយដិនដែរនោះ បាននិយាយថា “ព្រឹទ្ធសមាជិកហារីសគឺជាមេដឹកនាំពូកែតស៊ូនិងផ្ចុងផ្តើម ដែលនឹងក្លាយជាដៃគូដ៏អស្ចារ្យមួយនៅក្នុងយុទ្ធនាការបោះឆ្នោតនេះ”។

ចាប់តាំងពីបញ្ចប់ការប្រជែងតំណែងប្រធានាធិបតីនៅសេតវិមាននិងគាំទ្រលោកបាយដិនមកនោះ លោកស្រីហារីសបានបង្កើនការរិះគន់លើលោកប្រធានាធិបតីដូណាល់ត្រាំលើបញ្ហាជាច្រើនរាប់ចាប់ពីការដោះស្រាយរបស់លោកអំពីការរីករាលដាលនៃជំងឺកូវីដ១៩រហូតដល់ការប្រកាន់ជាតិសាសន៍និងជនអន្តោប្រវេសន៍។

លោកស្រីបានសរសេរលើ Twitter នាពេលថ្មីៗនេះថា “វោហាសាស្រ្តប្រកាន់ជាតិសាសន៍ម្តងហើយម្តងទៀតរបស់លោកត្រាំកំពុងព្យាយាមបន្ទោសបរាជ័យនៃការគ្រប់គ្រងវីរុសកូរ៉ូណារបស់គាត់ទៅលើអ្នកផ្សេងក្រៅពីគាត់។ វាមានគ្រោះថ្នាក់ហើយវាជាការខុសឆ្គង និងមានផលវិបាកក្នុងជីវិតពិតសម្រាប់ជនជាតិអាម៉េរិកដើមកំណើតអាស៊ីនិងជនអន្តោប្រវេសន៍អាស៊ី”។

ឪពុកម្តាយរបស់លោកស្រីហារីសគឺជាជនអន្តោប្រវេសន៍ទៅកាន់សហរដ្ឋអាម៉េរិក ដោយឪពុកមកពីហ្សាម៉ាអ៊ីក​និងម្តាយមកពីឥណ្ឌា ហើយការតស៊ូក្នុងជីវិតរបស់ពួកគាត់និងជីវិតរបស់លោកស្រីផ្ទាល់គឺកើតចេញពីក្តីសុបិនចង់ក្លាយជាពលរដ្ឋអាម៉េរិក។

  • ជិតស្និទ្ធនឹងលោក បូ បាយដិន

លោកស្រីហារីសកើតនៅថ្ងៃទី ២០ ខែតុលាឆ្នាំ ១៩៦៤ នៅទីក្រុងអូកលែន រដ្ឋកាលីហ្វ័រញ៉ា។

ឪពុករបស់លោកស្រី ឈ្មោះ ដូណាល់ ហារីស គឺជាសាស្រ្តាចារ្យផ្នែកសេដ្ឋកិច្ចនិងម្តាយរបស់លោកស្រីឈ្មោះ ស៊ីយ៉ាម៉ាឡា ហ្គោផាឡាន គឺជាអ្នកស្រាវជ្រាវជំងឺមហារីកសុដន់។

ឪពុកម្តាយរបស់នាងបានចែកផ្លូវគ្នានៅពេលលោកស្រីហារីសមានអាយុប្រហែលប្រាំឆ្នាំហើយលោកស្រីនិងប្អូនស្រីឈ្មោះម៉ាយ៉ាត្រូវបានចិញ្ចឹមបីបាច់ដោយម្តាយ ដែលបានស្លាប់ក្នុងឆ្នាំ ២០០៩ ។

លោកស្រីហារីសបានទទួលសញ្ញាប័ត្រអនុបណ្ឌិតនៅសាកលវិទ្យាល័យហូវាដសម្រាប់ជនជាតិស្បែកខ្មៅជាប្រវត្តិសាស្ត្រនៅទីក្រុងវ៉ាស៊ីនតោននិងជាសមាជិកដ៏មានមោទនភាពនៃសមាគមស្ត្រីអាហ្វ្រិកអាម៉េរិកចំណាស់បំផុត ឈ្មោះថា “Alpha Kappa Alpha”។

លោកស្រីទទួលបានសញ្ញាប័ត្រច្បាប់ពីសាកលវិទ្យាល័យកាលីហ្វ័រញ៉ា និងសាកលវិទ្យាល័យច្បាប់ហាស្ទីង ក្លាយជារដ្ឋអាជ្ញា និង បម្រើការពីរអាណត្តិក្នុងនាមជារដ្ឋអាជ្ញាសង្កាត់មួយនៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ។

លោកស្រីបានជាប់ឆ្នោតជាអគ្គរដ្ឋអាជ្ញានៅរដ្ឋកាលីហ្វ័រញ៉ាក្នុងឆ្នាំ ២០១០ និងបានជាប់ឆ្នោតជាថ្មីក្នុងឆ្នាំ ២០១៤ ជាឆ្នាំតែមួយដែលលោកស្រីបានរៀបការជាមួយលោក ឌូក្លាស អេមហូហ្វ ជាមេធាវីមានកូនពីរនាក់ពីអាពាហ៍ពិពាហ៍មុន។

ក្នុងនាមជាអគ្គរដ្ឋអាជ្ញា លោកស្រីហារីសបានបង្កើតទំនាក់ទំនងការងារជាមួយកូនប្រុសស្លាប់ទៅរបស់លោកបាយដិន ឈ្មោះ បូ បាយដិន ដែលកាន់មុខតំណែងដូចគ្នានៅក្នុងរដ្ឋដេឡាវ៉ារី។ លោក បូ បាយដិន បានស្លាប់ដោយសារជំងឺមហារីកកាលពីឆ្នាំ ២០១៥។

ទោះយ៉ាងណា លោកស្រីបានបរាជ័យក្នុងការធ្វើកំណែទម្រង់យុត្តិធម៌ព្រហ្មទណ្ឌដ៏អង់អាចខណៈអគ្គរដ្ឋអាជ្ញាបានជំទាស់នឹងយុទ្ធនាការឃោសនាបោះឆ្នោតប្រធានាធិបតីរបស់លោកស្រី ហើយលោកស្រីមិនបានចុះសម្រុងជាមួយអ្នកបោះឆ្នោតស្បែកខ្មៅនោះទេក្នុងអំឡុងពេលប្រជែងបេក្ខជនប្រធានាធិបតីនៅដំណាក់កាលបឋម។

លោកស្រីហារីសត្រូវបានបោះឆ្នោតជ្រើសរើសជាព្រឹទ្ធសមាជិកនៅខែវិច្ឆិកាឆ្នាំ ២០១៦ ដោយក្លាយជាព្រឹទ្ធសមាជិកស្រីស្បែកខ្មៅទី ២ មិនធ្លាប់មានពីមុនមក។

ក្នុងឋានៈជាព្រឹទ្ធសមាជិក លោកស្រីបានប្រើជំនាញសួរនាំយ៉ាងម៉ឺងម៉ាត់កាលនៅធ្វើជាអគ្គរដ្ឋអាជ្ញា ជាពិសេសក្នុងពេលបើកសវនាការបញ្ជាក់របស់ព្រឹទ្ធសភាអំពីការតែងតាំងចៅក្រមយុត្តិធម៌របស់តុលាការកំពូលលោក ប្រេត កាវ៉ាណាហ្វ។

  • ក្មេងស្រីតូចម្នាក់នោះជាខ្ញុំ

លោកស្រីហារីសបានចាប់ផ្តើមយុទ្ធនាការរបស់លោកស្រីសម្រាប់ការតែងតាំងបេក្ខនារីប្រធានាធិបតីរបស់បក្សប្រជាធិបតេយ្យនៅថ្ងៃខួបកំណើតរបស់លោកម៉ាទីន លូហ្សឺឃីង ជេអា កាលពីខែមករាឆ្នាំ ២០១៩ នៅក្នុងព្រឹត្តិការណ៍មួយដែលមានមនុស្ស ២០.០០០ នាក់ចូលរួមនៅទីក្រុងអកលែន។

លោកស្រីបានប៉ះទង្គិចជាមួយលោកបាយដិនអំឡុងពេលជជែកដេញដោលដំណាក់កាលទីមួយនៅបក្សប្រជាធិបតេយ្យ ដោយរិះគន់អតីតព្រឹទ្ធសមាជិករូបនេះជុំវិញការប្រឆាំងរបស់លោកចំពោះកម្មវិធីឡានក្រុងឆ្នាំ ១៩៧០ ដែលបង្ខំឱ្យដាក់បញ្ចូលគ្នានូវសាលារៀនដាច់ដោយឡែកពីគ្នា។

លោកស្រីនិយាយថា “មានក្មេងស្រីតូចម្នាក់នៅរដ្ឋកាលីហ្វ័រញ៉ា ដែលជាផ្នែកមួយនៃសិស្សរៀនថ្នាក់ទី២ ដែលគេរាប់បញ្ចូលក្នុងសាលារដ្ឋ ហើយនាងត្រូវគេឱ្យជិះឡានក្រុងទៅសាលារៀនរាល់ថ្ងៃ។ ហើយក្មេងស្រីតូចម្នាក់នោះគឺជាខ្ញុំ”។

វាបានផ្តល់ឱ្យលោកស្រីនូវឱកាសមើលឃើញភាពជោគជ័យនិងបានចូលរួមប្រជែងក្នុងការបោះឆ្នោត ប៉ុន្តែវាមានអាយុកាលខ្លីប៉ុណ្ណោះ។ លោកស្រីហារីសបានបោះបង់ចោលការប្រណាំងប្រជែងបោះឆ្នោតនៅខែធ្នូឆ្នាំ ២០១៩ ហើយបានយល់ព្រមគាំទ្រលោកបាយដិននៅខែមីនា។

ត្បិតមានការជជែកវែកញែកគ្នាតឹងសរសៃកក៏ពិតមែន ក៏ប៉ុន្តែលោកបាយដិនបានបញ្ជាក់យ៉ាងច្បាស់ថាគាត់មិនចងគំនុំទេ ដោយពណ៌នាលោកស្រីហារីសថាជា “បញ្ញវន្តលំដាប់លេខ១ បេក្ខនារីលំដាប់លេខ១ និង ជាអ្នកប្រកួតប្រជែងពិតប្រាកដ”។

លោកស្រីហារីសបានបោះឆ្នោតសម្រាប់ការចោទប្រកាន់ប្រឆាំងនឹងលោកត្រាំនៅឯការសវនាការរបស់លោកនៅព្រឹទ្ធសភា និង ដើម្បីកម្ចាត់គាត់ លោកស្រីបានអំពាវនាវឱ្យបង្កើតសម្ព័ន្ធភាពរបស់លោកអូបាម៉ាឡើងវិញ គឺ ជនជាតិអាម៉េរិកដើមកំណើតអាហ្វ្រិក អ្នកនិយាយភាសាអេស្ប៉ាញ ស្ត្រី អ្នកឯករាជ្យ និង អ្នកកើតនៅសហស្សវត្សរ៍ថ្មី។

ជាអ្នកធ្វើយុទ្ធនាការមិនចេះនឿយហត់ លោកស្រីហារីសមានទេពកោសល្យខាងទំនាក់ទំនងផ្ទាល់ខ្លួននិងមានចរិយាមាយាទរឹងប៉ឹង ដែលអាចផ្តល់ឱ្យស្នាមញញឹមដល់មនុស្សគ្រប់គ្នា។

ទន្ទឹមនឹងបទពិសោធន៍របស់លោកស្រីនៅក្នុងស្ថាប័នតុលាការស្ថាប័ននីតិប្រតិបត្តិនិងនីតិប្បញ្ញត្តិរបស់រដ្ឋាភិបាល លោកស្រីហារីសត្រូវគេរំពឹងថានឹងផ្តល់ថាមពលមួយទៀតទៅក្នុងយុទ្ធនាការប្រជែងតំណែងនៅសេតវិមាន ដែលកំពុងគ្របដណ្ដប់ដោយវិបត្តិជំងឺកូវីដ១៩និងវិបត្តិសេដ្ឋកិច្ច៕ ដោយ៖ កញ្ញាដាលីស

លោកស្រីកាម៉ាឡា ហារីស

ទីតាំងផ្សាយពាណិជ្ជកម្ម