រុស្ស៊ី​ក្លាយជា​ប្រទេស​ទី​១ ដែល​អនុម័ត​ប្រើ​វ៉ាក់សាំង​ប្រឆាំង​កូវី​ដ​១៩

289
ចែករម្លែក

​ប្រធានាធិបតី​រុស្ស៊ី លោក​វ្ល៉ា​ឌី​មៀ ពូ​ទីន កាលពី​ថ្ងៃ​អង្គារ​ទី​១១​សីហា ​បាន​និយាយថា រុស្ស៊ី​បាន​ក្លាយជា​ប្រទេស​ដំបូង​គេ​នៅ​ក្នុង​លោក​ដែល​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​វ៉ាក់សាំង​ប្រឆាំង​កូវី​ដ​១៩​មួយ បន្ទាប់​ពី​​ការសាកល្បង​លើ​មនុស្ស​មិន​ដល់​២​ខែ​ផង ។​

​ការអនុម័ត​ឲ្យប្រើ​ជា​ផ្លូវការ​នេះ​បើកផ្លូវ​សម្រាប់​ផលិត​និង​ចាក់​វ៉ាក់សាំង​ទ្រង់ទ្រាយ​ធំ​លើ​ពលរដ្ឋ​រុស្ស៊ី ទោះ​ជា​ថ្នាំ​នេះ​កំពុង​នៅក្នុង​ដំណាក់កាល​សាកល្បង​ចុងក្រោយ​ដើម្បី​ឲ្យ​ដឹង​អំពី​សុវត្ថិភាព​និង​​ប្រសិទ្ធភាព​របស់​វាក្តី​។​

​ល្បឿន​ដែល​រុស្ស៊ី​បញ្ចេញ​វ៉ាក់សាំង​របស់ខ្លួន រំលេច​អំពី​ការតាំង​ចិត្ត​របស់​ប្រទេស​នេះ​ដើម្បី​ឈ្នះ​ការប្រឡងប្រណាំង​របស់​ពិភពលោក​សម្រាប់​វ៉ាក់សាំង​ទប់ទល់​នឹង​ជំងឺឆ្លង​សកល តែ​វា​ក៏បង្ក​ការព្រួយបារម្ភ​ថា​ ប្រទេស​នេះ​ដាក់​មោទនភាព​ជាតិ​នៅ​ពីមុខ​វិទ្យាសាស្ត្រ​ត្រឹមត្រូវ​និង​សុវត្ថិភាព​មនុស្ស​។​

​និយាយ​នៅ​ជំនួប​រដ្ឋាភិបាល​មួយ លោកពូ​ទីន បាន​និយាយថា វ៉ាក់សាំង​ផលិតឡើង​ដោយ​វិទ្យាស្ថាន​Gamaleya Institute​របស់​ក្រុង​មូ​ស្គូ មាន​សុវត្ថិភាព និង​ថា​វា​ថែមទាំង​ចាក់​សាកល្បង​លើ​កូនស្រី​​ម្នាក់​របស់លោក​ថែម​ទៀត​។​

​លោក​បាន​និយាយ​អួតថា «​ខ្ញុំ​ដឹង​ថា​វា​មាន​ប្រសិទ្ធភាព​ណាស់ វា​បង្កើត​ភាពស៊ាំ​រឹងមាំ និង​ខ្ញុំ​សូម​និយាយ​ម្តងទៀត​ថា វ៉ាក់សាំង​នេះ​បាន​ឆ្លងកាត់​ការត្រួតពិនិត្យ​សព្វគ្រប់​អស់ហើយ​។​រំពឹង​ថា​ប្រទេស​រុស្ស៊ី​នឹង​​ចាប់ផ្តើម​ផលិត​វ៉ាក់សាំង​នឹង​ទ្រង់ទ្រាយ​ធំ​ក្នុងពេល​ឆាប់ៗ​»​។​

​ការ​អួតអាង​របស់​លោក​កើត​ឡើង​នៅ​ពេល​រុស្ស៊ី​ប្រកាស​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូវី​ដ​១៩​ចំនួន ៤.៩៤៥​នាក់​បន្ថែម​ទៀត​កាលពី​ថ្ងៃ​អង្គារ នាំ​ឲ្យ​រុស្ស៊ី​មាន​អ្នក​ឆ្លង​សរុប​៨៩៧.៥៩៩​នាក់ ជា​ចំនួន​ឆ្លង​ខ្ពស់​បំ​​ផុត​ទី​៤​នៅលើ​លោក​។​ចំនួន​ស្លាប់​ផ្លូវការ​បាន​កើនឡើង​ដល់​១៥.១៣១​នាក់ នៅពេល​អាជ្ញាធរ​រាយការណ៍​អ្នកស្លាប់​ដោយកូវី​ដ​១៩​ចំនួន​១៣០​នាក់​ទៀត​នៅ​២៤​ម៉ោង​កន្លងទៅ​។​

​ក្នុងពេល​ជាមួយគ្នា អាជ្ញាធរ​អង្គការ​សុខភាព​ពិភពលោក​និង​រុស្ស៊ី​កំពុង​ពិភាក្សា​គ្នា​អំពី​ដំណើរការ​នៃ​បញ្ជាក់​គុណភាព​វ៉ាក់សាំង​នេះ​ពី​អង្គការ​សុខភាព​ពិភពលោក​។​

​តា​រិក ចា​សា​រេ​វិក អ្នកនាំពាក្យ​អង្គការ​សុខភាព​ពិភពលោក​បាន​ប្រាប់​សន្និសីទកាសែត​មួយ​នៅ​ក្រុង​ហ្សឺ​ណែវ​ថា «​យើង​ទាក់ទង​ជិតដិត​ជាមួយ​អាជ្ញាធរ​សុខាភិបាល​រុស្ស៊ី និង​ពិភាក្សា​អំពី​ការបញ្ជាក់​លក្ខណសម្បត្តិ​របស់​វ៉ាក់សាំង តែ​ការបញ្ជាក់​បែបនេះ​ទាមទារ​ការ​ពិនិត្យ​មើល​ឡើងវិញ​ពិស្តារ​និង​វាយ​តម្លៃ​គ្រប់​ទិន្នន័យ​សុវត្ថិភាព​និង​ប្រសិទ្ធភាព​»៕​ប្រែ​សម្រួល​៖​វាសនា​/hA

​វ៉ាក់សាំង​រុស្ស៊ី ត្រូវបាន​ក្រសួង​សុខាភិបាល​អនុម័ត​ប្រើ មុន​ការចាប់ផ្តើម​សាកល្បង​លើ​មនុស្ស​រាប់ពាន់​នាក់​ក្នុង​ការសាកល្បង​ដំណាក់កាល​ទី​៣

ទីតាំងផ្សាយពាណិជ្ជកម្ម