ជំនួយ​សប្បុរសធម៌​ធ្លាក់ចុះ មន្ទីរពេទ្យ​កុមារ​អង្គរ​កំពុង​ខ្វះ​ថវិកា​សម្រាប់​ផ្តល់​សេវា​សុខភាព​ជួយសង្គ្រោះ​ជីវិត​កុមារ​កម្ពុជា​

1281
ចែករម្លែក

ដោយ​: សុផល / សៀមរាប​: ជំងឺ​កូ​វីដ​១៩ ​បានធ្វើឱ្យ​ប៉ះពាល់​ដល់​ស្ថានភាព​សេដ្ឋកិច្ចពិភពលោក​ទាំង​មូល ក្នុងនោះ​ប្រទេស​កម្ពុជា​ក៏​ទទួលរង​ផលប៉ះពាល់​ផងដែរ​។ ស្ថិតក្នុង​ស្ថានភាព​ដ៏​លំបាក​នេះ មន្ទីរពេទ្យ​កុមារ​អង្គរ ក៏ដូចជា​អង្គការក្រៅរដ្ឋាភិបាល​ផ្សេងទៀត ប្រឈម​នឹង​ការធ្លាក់ចុះ​នូវ​ជំនួយ​សប្បុរសធម៌​ពី​សំណាក់​សប្បុរសជន​ទាំង​ក្នុង​និង​ក្រៅប្រទេស ក្នុងឆ្នាំនេះ​និង​ឆ្នាំក្រោយ​ទៀត​។ ជាក់ស្តែង មន្ទីរពេទ្យ​កុមារ​អង្គរ​បាន​កាត់បន្ថយ​គ​ម្រោ​ង​ថវិកា​ចំណាយ​ប្រចាំឆ្នាំ​ពី​៦​លាន​៥​សែន​ដុល្លារ​អាម៉េរិក មក​ត្រឹម​៥​លាន​៩​សែន​ដុល្លា​អាម៉េរិក​ក្នុង​ឆ្នាំ​២០២០​នេះ​។​

​យោងទៅតាម​លទ្ធភាព​នៃ​ការគ្រប់គ្រង​ស្ថានការណ៍​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ របស់​រាជរដ្ឋាភិបាល​កម្ពុជា មន្ទីរពេទ្យ​កុមារ​អង្គរ សម្រេច​ចិត្តនឹង​រៀបចំ​ព្រឹត្តិការណ៍​មួយចំនួន​ដើម្បី​រៃអង្គាស​ថវិកា​នៅក្នុង​ប្រទេស​របស់ខ្លួន​ឡើងវិញ ដូចជា​ពិធីបុណ្យ​ផ្កាប្រាក់​មហា​សាមគ្គី ឆ្នាំ​ទី​៧ ក្រោម​ការផ្តួចផ្តើម​រប​ស់​ព្រះ​ថេរានុត្ថេរៈ​គ្រប់លំដាប់​ថ្នាក់ និង ពុទ្ធបរិស័ទ​ក្នុង​និង​ក្រៅ ក្រុង​/​ខេត្តសៀមរាប ដែល​នឹង​ប្រារព្ធ​នៅ​ថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០២០ នៅ​វត្ត​រាជ​បូ​ណ៌​​ ក្រុង​សៀមរាប ខាងមុខនេះ​។

​ថវិកា​រៃអង្គាស​ដែល​ទទួលបាន​ពី​ពិធី​នេះ នឹងត្រូវ​បាន​យកមកប្រើ​ប្រាស់​ក្នុង​ការផ្តល់សេវា​សុខភាព​ជួយសង្គ្រោះ​ជីវិត​កុមារ​កម្ពុជាមកពី​គ្រប់ទិសទី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​យ៉ាងតិច ៤០០ នាក់​ក្នុង​មួយថ្ងៃៗ នៅក្នុង​មន្ទីរពេទ្យ​កុមារ​អង្គរ​ដោយ​ឥត​គិត​កម្រៃ​​ប្រកបដោយ​គុណភាព​ខ្ពស់ និង​ក្តី​មេត្តាករុណា​។​

​លោក ទេព ណាវី នាយក​ប្រតិបត្តិ​នៃ​មន្ទីរពេទ្យ​កុមារ​អង្គរ មានប្រសាសន៍ថា “​នៅក្នុង​គម្រោង​ថវិកា​ថ្មី​នេះ​មាន​សប្បុរសជន ឬ​អង្គភាព​មូលនិធិ​នៅក្រៅ​ប្រទេស​មួយចំនួន​បាន​ប្តេជ្ញា​ផ្តល់ជំនួយ​សរុប​ចំនួន ៣ លាន​៣ សែន ដុល្លារ ហើយ​ថវិកា​ចំនួន ១ លាន ៦ សែន​ដុល្លារ​ទៀត តម្រូវ​ឲ្យ​ក្រុមការងារ​រៃអង្គាស​មូលនិធិ​មន្ទីរពេទ្យ​កុមារ​អង្គរ​ស្វែងរក​នៅក្រៅ​ប្រទេស​ចំនួន​១​លាន​ដុល្លារ និងក្នុងប្រទេស​ចំនួន​៦​សែន​ដុល្លារ​។ ពួកយើង​ពិតជា​ត្រូវការ​ជំនួយ​ពី​បណ្តា​ក្រុមហ៊ុន អង្គភាព និង​សាធារណជន​ទាំងអស់ ដើម្បី​ឲ្យ​មន្ទីរពេទ្យ​បន្ត​ការពិនិត្យ​ព្យាបាល​កុមារ​កម្ពុជា​បន្តទៀត​” ។

​សូមជម្រាបថា​៖​ មន្ទីរពេទ្យ​កុមារ​អង្គរ​គឺជា​អង្គ​ភាពមិន​ស្វែងរក​ប្រាក់ចំណេញ ដែលមាន​បេសកកម្ម​លើកកម្ពស់​សុខុមាលភាព​កុមារ​កម្ពុជា​គ្រប់រូប​។ មន្ទីរពេទ្យ​កុមារ​អង្គរ​បាន​ផ្តល់នូវ​ការយកចិត្តទុកដាក់​ក្នុងការ​ពិនិត្យ​ព្យាបាល និង​ថែទាំ​សុខភាព​ដល់​កុមារ​កម្ពុជា ប្រកបដោយ​ក្តីមេត្តា​ករុណា អស់​រយៈពេល​ជាង​២០​ឆ្នាំ ចាប់តាំងពី​ឆ្នាំ ១៩៩៩​។ បច្ចុប្បន្ននេះ មន្ទីរពេទ្យ​កុមារ​អង្គរ​មិន​ត្រឹមតែ​ផ្តល់នូវ​សេវា​សុខភាព​ប្រកបដោយ​គុណភាព និង​ជំនាញ​ឯកទេស​វិជ្ជាជីវៈ​ខ្ពស់​ដល់​កុមារ​កម្ពុជា មន្ទីរពេទ្យ​ក៏មាន​ការប្តេជ្ញាចិត្ត​ក្នុងការ​បណ្តុះបណ្តាល​វេជ្ជសាស្ត្រ​ បន្ត​ពង្រីក​ការអភិវឌ្ឍន៍​សមត្ថភាព​ចំណេះដឹង​ទាំង​ក្នុង និង​នៅ​ខាងក្រៅ​មន្ទីរពេទ្យ ព្រមទាំង​ដើរតួនាទី​ជា​អង្គភាព​គំរូ​ដែលមាន​ភិ​បាល​កិច្ច​ គណនេយ្យភាព​ល្អប្រសើ​រ​។​តាមរយៈ​ទិន្នន័យ​នៃ​ការស្រាវជ្រាវ និង​គោលនយោបាយ​បានបង្ហាញ​ឲ្យ​ឃើញថា មន្ទីរពេទ្យ​កុមារ​អង្គរ​កំពុងតែ​ជួយសង្គ្រោះ​ជីវិត​កុមារ​កាន់តែ​ទូលំទូលាយ តាមរយៈ​ការពង្រឹង​ប្រព័ន្ធ​ថែទាំ​សុខភាព និង​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​សុខុមាលភាព​កុមារ​ក្នុង​តំបន់ និង​អន្តរជាតិ​៕ ល​/hA

ទីតាំងផ្សាយពាណិជ្ជកម្ម