អង្គការមួយណែនាំឱ្យពាក់ម៉ាស់និងកុំថើបគ្នាអំឡុងពេលរួមភេទដើម្បីកាត់បន្ថយការឆ្លងកូវីដ១៩

887
ចែករម្លែក

អង្គការឯកទេសខាងផ្លូវភេទមួយនិយាយថា ការពាក់ម៉ាស់ ការចៀសវាងថើបគ្នានិងការជ្រើសរើសក្បាច់មិនទល់មុខចំគ្នាអំឡុងពេលរួមភេទអាចជួយគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ១៩បាន។

ខណៈប្រទេសកំពុងបន្តដោះស្រាយជាមួយនឹងវិបត្តិកូវីដ១៩ អង្គការ The Terrence Higgins Trust (THT) ដែលជាអង្គការឈានមុខផ្នែកមេរោគហ៊ីវនិងសុខភាពផ្លូវភេទនៅចក្រភពអង់គ្លេសបានចេញសេចក្តីណែនាំស្តីពីការគ្រប់គ្រងហានិភ័យនៃការឆ្លងមេរោគកូរ៉ូណាក្នុងចំណោមដៃគូរួមភេទ។

ការណែនាំនេះធ្វើឡើងបន្ទាប់ពីការស្រាវជ្រាវដែលធ្វើឡើងដោយអង្គការគ្លីនិកផ្លូវភេទនេះបានរកឃើញថា ប្រជាជន ៨៤ ភាគរយបានចៀសវាងការរួមភេទនៅខាងក្រៅគ្រួសាររបស់ពួកគេ ដោយសារតែការដាក់កំហិតលើការបិទប្រទេស។

បន្ទាប់ពីការបិទប្រទេសអស់រយៈពេលជាច្រើនខែនិងការបន្ធូរបន្ថយដោយអន្លើ ឥឡូវនេះអង្គការសប្បុរសធម៌នេះនិយាយថាវាលែងជារឿងជាក់ស្តែងទៀតហើយក្នុងការស្នើសុំឱ្យមនុស្សនៅឆ្ងាយពីការរួមភេទទាំងស្រុង។

នៅក្នុងការណែនាំនោះ អង្គការបានណែនាំដៃគូរួមភេទល្អបំផុតក្នុងអំឡុងពេលមានជំងឺរាតត្បាតគឺខ្លួនអ្នកឬអ្នកដែលលោកអ្នករស់នៅជាមួយ។

ការសម្រេចកាមដោយខ្លួនដោយប្រើប្រដាប់រួមភេទឬចូលរួមក្នុងការរួមភេទតាមទូរស័ព្ទឬតាមអ៊ីនធឺណេតត្រូវបានណែនាំថាជាជម្រើសដែលមានសុវត្ថិភាពបំផុតព្រោះវិធីទាំងនេះអាចធ្វើបាននៅចម្ងាយពីអ្នកដទៃ។

ប្រសិនបើរួមភេទជាមួយនរណាម្នាក់នៅក្រៅគ្រួសាររបស់អ្នក អង្គការ THT បានណែនាំឱ្យមានដៃគូទៀងទាត់ណាមួយឬរឹតត្បិតចំនួនដៃគូរួមភេទក៏ដូចជាត្រូវមានការប្រុងប្រយ័ត្នផ្សេងទៀតផងដែរ។

ដៃគូរួមភេទគួរតែពិភាក្សាគ្នាអំពីកូវីដ១៩ហើយសួរថាតើពួកគេឬនរណាម្នាក់នៅក្នុងគ្រួសាររបស់ពួកគេមានរោគសញ្ញាឬត្រូវបានធ្វើតេស្តវិជ្ជមានឬអត់។

អង្គការក៏បានណែនាំផងដែរថា កុំរួមភេទអីបើអ្នកមិនស្រួលខ្លួន ឬ ត្រូវនៅដាច់ដោយឡែកពីគេប្រសិនបើអ្នកមានរោគសញ្ញាកូវីដ១៩។

ដៃគូរួមភេទត្រូវបានណែនាំឱ្យលាងដៃ២០វិនាទីមុននិងក្រោយពេលរួមភេទដើម្បីជួយកាត់បន្ថយហានិភ័យ៕ ដោយ៖ កញ្ញាដាលីស

ទីតាំងផ្សាយពាណិជ្ជកម្ម