អង្គការភ្លែន ចែកសម្ភារប្រើប្រាស់ សម្រាប់លាងដៃ​ ជូនប្រជាពលរដ្ឋ នៅក្នុងឃុំមោង

83
ចែករម្លែក

ដោយ៖គូលែន/សៀមរាប៖ កាលពីព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ អង្គការភ្លែនអន្តរជាតិ ប្រចាំប្រទេសកម្ពុជា ក្រោមកិច្ចសហការ ពីក្រសួងអភិវឌ្ឍន៍ជនបទ មន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តសៀមរាប អង្គការដៃគូ និងអាជ្ញាធរស្រុកផងនោះ បានចុះចែកសម្ភារធុងទឹក សម្រាប់ប្រើប្រាស់លាងដៃ ជូនដល់ប្រជាពលរដ្ឋ គ្រួសារក្រីក្រ កម្រិត១ និងកម្រិត២ នៅក្នុងឃុំមោង ស្រុកស្រីស្នំ ខេត្តសៀមរាប។

លោកស្រី គ្រឹង ស៊ាម អភិបាលរងស្រុកស្រីស្នំ បានសម្ដែងនូវការគាំទ្រ និងថ្លែងអំណរគុណ ចំពោះអង្គការភ្លែនអន្តរជាតិ ក្រោមកិច្ចសហការ ពីក្រសួងអភិវឌ្ឍន៍ជនបទ មន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តសៀមរាប អង្គការដៃគូ និងអាជ្ញាធរ ពាក់ព័ន្ធទាំងអស់ ដែលតែងតែយកចិត្តទុកដាក់ ជាមួយបងប្អូន ប្រជាពលរដ្ឋ រស់នៅក្នុងស្រុកស្រីស្នំ ក្នុងរយ: កាលកន្លងមក ដោយការចែករូបភាព ខិត្តប័ណ្ណ និងការចាក់សារ បំពងសំឡេង ស្តីពីការបង្ការ ការអប់រំ និងការការពារជំងឺកូវីដ ១៩ តាមទីសាធារណៈ និងបានផ្តល់សម្ភារ អនាម័យមួយចំនួន ដល់គ្រួសារក្រីក្រ កម្រិត១និងកម្រិត២ នៅក្នុងស្រុកស្រីស្នំនេះ ។

លោកស្រី អភិបាលរងស្រុក ក៏បានសំណូមពរដល់ បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមទាំងអស់គ្នា ក្នុងការការពារ និងទប់ស្កាត់ការរីករាលដាល ជំងឺកូវីដ ១៩ ពិសេសត្រូវមានការប្រុងប្រយ័ត្ន ឲ្យបានខ្ពស់ ពេលធ្វើដំណើរ ទៅណាមកណា សូមរក្សាគម្លាតសុវត្ថិភាព និង ត្រូវលាងដៃ ដោយសាប៊ូ ឬអាកុល ឲ្យបានជាប្រចាំ ក្នុងគ្រួសារនីមួយៗ ។

លោក ហង្ស ប៊ុនណា ប្រធានប្រតិបត្តិ អង្គការភ្លែនអន្តរជាតិ ប្រចាំប្រទេសកម្ពុជា បានបញ្ជាក់ថាៈ ការចែកសម្ភារប្រើប្រាស់ សម្រាប់លាងដៃ ជាប្រចាំនេះ វាពិតជាមានភាពចាំបាច់ណាស់ សម្រាប់បងប្អូនប្រជាពលរដ្ឋ ជាពិសេសអ្នករស់នៅ តំបន់ដាច់ស្រយាល ក្នុងការទទួលបានព័ត៌មាន ក៏ដូចជា ចំណេះដឹង ស្តីពីការរក្សាអនាម័យ និងវិធានការ ការពារពាក់ព័ន្ធ ទៅនឹងជំងឺផ្សេងៗទៀត ដោយផ្តោតលើគម្រោងទឹកស្អាត អនាម័យ សុខភាព អាហារូបត្ថម្ភ កិច្ចការពារកុមារ ការអប់រំ និងការឆ្លើយតបដើម្បីទប់ស្តាត់ការរីករាលដាលនៃជំងឺកូវីដ១៩ផងដែរ ដែលគម្រោងនេះ បានអនុវត្តនៅក្នុងខេត្តសៀមរាប ចាប់តាំងពីឆ្នាំ២០០២មកម្លេះ ។

លោកបានបន្តថា បច្ចុប្បន្ន យើងបានអនុវត្ត លើយុទ្ធនាការ ចុះអប់រំផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋ តាមរយៈការចែករូបភាព ខិត្តប័ណ្ណ និងការចាក់សារ បំពងសំឡេង ស្តីពីការបង្ការ និងការការពារជំងឺកូវីដ ១៩ តាមទីសាធារណៈ និងបានផ្តល់សម្ភារអនាម័យ ទៅដល់គ្រួសារក្រីក្រ កម្រិត១ និងកម្រិត២ សរុបចំនួន ៥.១០០ គ្រួសារ នៅក្នុងតំបន់ប្រតិបត្តិ របស់អង្គការភ្លែនអន្តរជាតិ មានស្រុកចំនួន៤ គឺ ស្រុកអង្គរធំ ស្រុកអង្គរជុំ ស្រុកបន្ទាយស្រី និងស្រុកស្រីស្នំ ជាពិសេសធ្វើឲ្យកុមារ និងប្រជាពលរដ្ឋ មានការយល់ដឹង ឲ្យកាន់តែល្អប្រសើឡើង នូវការអនុវត្តអនាម័យទូទៅ ជាមួយការលាងសម្អាតដៃ ជាប្រចាំ ឲ្យបានត្រឹមត្រូវ និងការគ្រប់គ្រង សុវត្ថិភាពទឹក នៅក្នុងសហគមន៍ សាលារៀន និងមណ្ឌលសុខភាព ជាដើម ។

លោក បានបន្តទៀតថា ចំពោះសកម្មភាព ដែលយើងបានអនុវត្ត ក្នុងកំឡុងពេលជំងឺកូវីដ១៩ នៅក្នុងខេត្តសៀមរាបនេះ អង្គការភ្លែនអន្តរជាតិ បានសហការជាមួយ ក្រសួងអភិវឌ្ឍន៍ជនបទ មន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តសៀមរាប អង្គការដៃគូ និងអាជ្ញាធរស្រុក បានចុះអនុវត្តសកម្មភាព មួយចំនួន ដូចជា៖ ១. ផលិតឈ្នាន់ជាន់ សម្រាប់លាងសម្អាតដៃ ចំនួន២៥ ដើម្បីផ្តល់ជូនដល់មន្ទីរពេទ្យ មណ្ឌលសុខភាព សាលាស្រុក សាលាឃុំដែលខ្វះខាត កន្លែងលាងសម្អាតដៃ និង ២. ផលិតឧបករណ៍ លាងសម្អាតដៃ តាមគ្រួសារ ចំនួន ៥.១០០ ផងដែរ៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម