ចេញពីផឹកស៊ីបើកម៉ូតូទៅបុកដើម​ឈើហើយធ្លាក់ចូលប្រលាយទឹកស្លាប់

146
ចែករម្លែក

ដោយ:គូលែន/សៀមរាប: សាកសពបុរសម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញដេកស្លាប់ក្រោមស្ពាន ខាងកើតការ៉ាសសាំងមាសេង ក្នុងឃុំប្រាសាទ ស្រុកវ៉ារិន ហើយបានរាយការណ៍មកសមត្ថកិច្ចមូលដ្ឋាន។

ករណីគ្រោះថ្នាក់ចរាចរណ៍ដោយខ្លួនឯងខាងលើនេះ បានកើតឡើងនៅវេលាម៉ោង៦ព្រឹក ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០នេះ ស្ថិតនៅផ្លូវក្រាលគ្រួសក្រហម ខាងកើតការ៉ាសសាំងមាសេង ក្នុងភូមិកញ្ចាន់រុន ក្នុងឃុំប្រាសាទ ស្រុកវ៉ារិន។

លោក វ៉ាន់ វិសាល មន្ត្រីនគរបាលចរាចរណ៍ស្រុកវ៉ារិន បាននិយាយថា ជនរងគ្រោះមានឈ្មោះ ឡុក ក្រូច ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិគោកភ្នំ ឃុំវ៉ារិន ស្រុកវ៉ារិន ខេត្តសៀមរាប ដែលមានមុខរបបរជាគ្រូបង្រៀន។

លោកបានបន្តថា កាលពីយប់ថ្ងៃទី១១ ខែសីហា ជនរងគ្រោះបានចេញពីផឹកស៊ីនៅសាលាស្រុក ដោយបើកបរម៉ូតូម៉ាកហុងដាC១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ១U៧៣៥៧ ក្នុងទិសដៅពីទិសលិចទៅទិសកើត ក្នុងល្បឿនយ៉ាងលឿន ហើយជ្រុលទៅបុកដើមឈើនៅសងខាងផ្លូវ រួចធ្លាក់ចូលប្រលាយទឹកលូ បណ្តាលអោយស្លាប់ដោយពុំមានអ្នកណាដឹងឡើយ។

លោកបានបន្តថា លុះដល់វេលាម៉ោង៦ព្រឹកថ្ងៃទី១២ ខែសីហានេះ ទើបអ្នកស្រុកបានប្រទះឃើញសាកសពរួចរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានតែម្តង។ក្រោយពីចុះទៅដល់កន្លែងកើតហេតុ សមត្ថកិច្ចបានពិនិត្យរួចសន្និដ្ឋានថា ជនរងគ្រោះបានផឹកស្រវឹងហើយជួបគ្រោះថ្នាក់ចរាចរណ៍បង្ករឡើងដោយខ្លួនឯង។

សពជនរងគ្រោះត្រូវបានប្រគល់អោយទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕/B

ទីតាំងផ្សាយពាណិជ្ជកម្ម