ដឺរ៉ុកនៅតែឈរលើកំពូលតារាងតារាហូលីវូដរកចំណូលបានខ្ពស់បំផុតរបស់ទស្សនាវដ្តី Forbes

278
ចែករម្លែក

យោងតាមរបាយការណ៍ប្រចាំឆ្នាំរបស់ទស្សនាវដ្តី Forbes ចេញផ្សាយកាលពីថ្ងៃអង្គារទី១១សីហាបានឱ្យដឹងថា តារាកីឡាកាសប្រែមកជាតារាភាពយន្តហូលីវូដ លោក ដ្វេន ចនសុន ឬហៅដឺរ៉ុក បានឈរនៅលើកំពូលតារាងតារាប្រុស ដែលរកចំណូលបានច្រើនជាងគេបំផុតក្នុងឆ្នាំនេះ។

ទស្សនាវដ្តី Forbes បាននិយាយថា ដឺរ៉ុករកចំណូលបាន ៨៧,៥ លានដុល្លារចាប់ពីថ្ងៃទី ១ ខែមិថុនាឆ្នាំ ២០១៩ ដល់ថ្ងៃទី ១ ខែមិថុនាឆ្នាំ ២០២០ រួមបញ្ចូលទាំងប្រាក់ចំនួន ២៣,៥ លានដុល្លារពីក្រុមហ៊ុន Netflix Inc ដើម្បីសម្តែងក្នុងរឿងបែបរំជើបរំជួល Red Notice។ គាត់ក៏ទទួលបានអត្ថប្រយោជន៍ពីខ្សែសង្វាក់ឈុតហាត់ប្រាណ “Project Rock” របស់គាត់សម្រាប់ក្រុមហ៊ុន Under Armor Inc. ផងដែរ។

លោក រ៉ាយអែន រ៉េណុល ដែលបានចូលរួមសម្តែងជាមួយលោកចនសុនក្នុងរឿង Red Notice បានជាប់ចំណាត់ថ្នាក់ទី ២។ ទស្សនាវដ្តី Forbes និយាយថា គាត់រកប្រាក់បាន ២០ លានដុល្លារសម្រាប់ខ្សែភាពយន្តនោះ និង ២០ លានដុល្លារទៀតសម្រាប់ខ្សែភាពយន្តហូលីវូដ Six Underground ដែលជាផ្នែកមួយនៃទឹកប្រាក់សរុប ៧១,៥ លានដុល្លាររបស់គាត់សម្រាប់រយៈពេលមួយឆ្នាំ។

តារាសម្តែងនិងជាផលិតករលោក ម៉ាក វ៉ាល់បឺក ជាតារាសម្តែងក្នុងរឿងវាយតប់បែបកំប្លែង Spenser Confidential របស់ក្រុមហ៊ុន Netflix ឈរក្នុងចំណាត់ថ្នាក់លេខ ៣ ជាមួយនឹងទឹកប្រាក់រកបានចំនួន ៥៨ លានដុល្លារ។ អ្នកបន្ទាប់ទៀតនៅក្នុងបញ្ជីគឺតារាសម្តែង បិន អាហ្វផ្លិក ដែលមានទឹកប្រាក់ចំនួន ៥៥ លានដុល្លារ និង លោក វីន ឌីសសែល ៥៤ លានដុល្លារ។

លោក អាក់សាយ កុមារ ដែលជាតារាបូលីវូដតែមួយគត់ក្នុងចំណោមតារាកំពូលទាំង ១០ បានជាប់ចំណាត់ថ្នាក់លេខ ៦ ជាមួយនឹងប្រាក់ចំណូល ៤៨,៥ លានដុល្លារ។ ប្រាក់ចំណូលរបស់គាត់ភាគច្រើនបានមកពីការផ្សាយពាណិជ្ជកម្មឱ្យផលិតផលនានា។

អ្នកបន្តបន្ទាប់ទៀតក្នុងបញ្ជីឈ្មោះទាំង១០គឺលោកលីន ម៉ានូអែល មីរ៉ាន់ដា លោកវីល ស្មីត លោក អាដាំ សែនត្ល័រ និងលោកជែកគី ចាន់៕ ដោយ៖ កញ្ញាដាលីស

ដឺរ៉ុកនៅតែឈរលើកំពូលតារាតារារកចំណូលច្រើនជាងគេបំផុតលើលោក

ទីតាំងផ្សាយពាណិជ្ជកម្ម