ប្រទេស​ប៊ូ​តង់​បញ្ជា​បិទ​ប្រទេស​ជា​លើកទីមួយ នៅពេល​ករណី​ឆ្លង​វីរុស​កើនឡើង​ដល់​១១៣​នាក់​

209
ចែករម្លែក

​ប្រទេស​ប៊ូ​តង់​បញ្ជា​ឱ្យ​បិទ​ប្រទេស​ជា​លើកទីមួយ​នៅ​ថ្ងៃ​អង្គារ​ទី​១១​ខែសីហា​បន្ទាប់​ពី​ពលរដ្ឋ​ដែល​បាន​វិល​ត្រឡប់​មកពី​ក្រៅ​ប្រទេស​វិញ​ត្រូវបាន​ធ្វើតេស្តិ៍​វិជ្ជមាន​កូវី​ដ​១៩​និង​បាន​ទាក់ទង​ជិតស្និទ្ធ​ជាមួយ​​ប្រជាជន​នៅ​ទីក្រុង​ធី​ម​ភូ​នៃ​ប្រទេស​នេះ​។​

​ករណី​នេះ​បាន​ធ្វើ​ឱ្យ​ចំនួន​ឆ្លង​សរុប​នៅ​ប្រទេស​តូច​នៅ​តំបន់ភ្នំ​ហេមពាន្ត​នេះ​កើនឡើង​ដល់​១១៣ ប៉ុន្តែ​ជា​ចំនួន​ទាប​ជាង​គេ​បំផុត​នៅ​នៅ​អាស៊ី​ខាងត្បូង ហើយ​ប្រទេស​នេះ​មិន​ទាន់​មាន​សេចក្តី​រាយ​ការ​​ណ៍​អំពី​អ្នក​ស្លាប់​ដោយ​ជំងឺ​នេះ​នៅឡើយ​ទេ​។​

​ប្រទេស​ប៊ូ​តង់​ដែល​ពឹងផ្អែក​យ៉ាង​ខ្លាំង​លើ​វិស័យ​ទេសចរណ៍​បាន​ហាមឃាត់​ការធ្វើ​ទេសចរណ៍​កាលពី​ខែ​មីនា​បន្ទាប់​ពី​ទេសចរ​អាម៉េរិក​ម្នាក់​បាន​ធ្វើតេស្តិ៍​វិជ្ជមាន​កូវី​ដ​១៩​ហើយ​បាន​បញ្ជា​ឱ្យ​នៅ​ស្ថិត​​នៅ​មណ្ឌល​ធ្វើ​ចត្តា​ឡីស័​ក​រយៈពេល ៣ សប្តាហ៍​សម្រាប់​អ្នក​ដែល​ត្រឡប់​មកពី​បរទេស​។​

​ការបិទ​ប្រទេស​នេះ ត្រូវបាន​ធ្វើឡើង​បន្ទាប់​ពី​ស្ត្រី​ជនជាតិ​ប៊ូ​តង់​អាយុ ២៧ ឆ្នាំ​ម្នាក់​ដែល​បាន​វិល​ត្រឡប់​មកពី​ប្រទេស​គុយ​វ៉ែត ហើយ​ត្រូវបាន​អនុញ្ញាត​ចេញពី​កន្លែង​ធ្វើ​ចត្ត​ឡីស័​ក​បន្ទាប់​ពី​ធ្វើតេស្តិ៍​​អវិជ្ជមាន​នោះ ត្រូវបាន​ធ្វើតេស្តិ៍​វិជ្ជមាន​កូវី​ដ​១៩ នៅ​គ្លីនិក​ឯកជន​មួយ កាលពី​ថ្ងៃ​ចន្ទ​។​ស្ត្រី​រូប​នេះ​បាន​ទាក់ទង​មនុស្ស​ជាច្រើន​ក្នុង​រដ្ឋធានី​ធី​ម​ភូ​។​

​គ្រប់​សាលារៀន ស្ថាប័នរដ្ឋ ការិយាល័យ​និង​ទីតាំង​ពាណិជ្ជកម្ម​នឹង​បន្ត​បិទ ហើយ​ការប្រឡង​របស់​សិស្ស​ក៏​នឹង​ត្រូវ​ពន្យារពេល ៕​ប្រែ​សម្រួល​៖​សុខា​/sn

ទីតាំងផ្សាយពាណិជ្ជកម្ម