ព្យុះ​រលាយ​អស់ហើយ​ភ្លៀង​ច្រើន​ក៏បាន​ត្រឡប់មកវិញ​

271
ចែករម្លែក

ដោយៈ​ប​.​ខុន​/​ភ្នំពេញៈ​ព្យុះ​ទី​៥​និង​ព្យុះ​ទី​៦​បាន​រលាយ​ទៅវិញ​អស់ហើយ ភ្លៀង​នឹង​ចាប់ផ្តើម​ធ្លាក់​រាយ ប៉ាយ​ច្រើន​នៅ​តំបន់​មាត់សមុទ្រ ទំនាប​កណ្តាល​ភាគ​ពាយព្យ និង​បណ្តា​ខេត្ត​ជាប់ ព្រំដែន​កម្ពុជា វៀតណាម និង កម្ពុជា​-​ឡាវ ជាមួយគ្នានេះ​ទឹក​មេគង្គ​ក៏បាន​ចាប់​ផ្តើ​ហូរ​ចូល​ប្រព័ន្ធធារាសាស្ត្រ​វ៉ៃ​កូ​ហើយ​ដែរ​។​


​ ​លោក​ចាន់ យុ​ត្ថា អ្នកនាំពាក្យ​និង​ជា​រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ប្រាប់​រស្មី​កម្ពុជា​នៅ​ថ្ងៃទី​១២​ខែសីហា​ឆ្នាំ​២០២០​ថា​ព្យុះ​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​បាន​រលាយ​ទៅវិញ​អស់ហើយ​។​ឯ​វិ​សម្ពាធ​នៅក្នុង​សមុទ្រ​ប៉ាស៊ីហ្វិក​ភាគ​អ​គ្នេ​យ៍​នៃ​ប្រទេស​ជប៉ុន​ដែល​កំពុង​រំ​កឹ​ល​យឺតៗ​មក​ទិស​ខាងលិច​ទំនងជា​មិនអាច​វិ​វត្ត​ទៅ​ព្យុះ​បានទេ ព្រោះ​មាន​សម្ពាធ​ខ្ពស់​នៅជាប់​នោះ​។​
​ ​អ្នកនាំពាក្យ​ដដែល​បន្តថា ក្រោយពី​ព្យុះ​ទី​៥​និង​ទី​៦​រលាយ​ទៅវិញ ខ្យល់មូសុង​និរតី​បាន​បង្កើន​ឥទ្ធិពល​ជាថ្មី​ធ្វើឱ្យមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ច្រើន​នៅ​តំបន់​មាត់សមុទ្រ ខេត្ត​ជាប់​ព្រំដែន​កម្ពុជា វៀតណាម និង​កម្ពុជា​ឡាវ ជាពិសេស​នៅ​អំឡុង​ពីថ្ងៃ​ទី​១៣​ដល់​១៥​ខែសីហា ។ បន្ទាប់ពី​ថ្ងៃទី​១៥​ខែសីហា​មិនឃើញ​មាន​បាតុភូត​អ្វី​ថ្មី​កើតឡើង​ទេ តែ​ភ្លៀង​មូសុង​និរតី​នៅ​បន្ត​មាន​ធម្មតា​។​

នៅថៃ្ងទី១២ ខែសីហារសៀល មានភ្លៀងធ្លាក់កម្រិតខ្សោយ នៅស្រុករមាសហែក ស្រុកស្វាយជ្រំ ស្រុកកំពង់រោទិ៍ ស្រុករំដួល ក្រុងស្វាយរៀង និងស្រុកស្វាយទាប ខេត្តស្វាយរៀង(រូបថតក្រសួងធនធានទឹក)


​ ​លោក​ចាន់ យុ​ត្ថា បញ្ជាក់ថា ព្យុះ​ចំនួន​បី​ដែល​បាន​កើតមាន​បន្តបន្ទាប់​នៅក្នុង​សប្តាហ៍​មុន​មាន​ឥទ្ធិពល​ទឹកភ្លៀង​ដល់​តំបន់​អាង​ទន្លេមេគង្គ​លើ​ធ្វើឱ្យ​ទឹកទន្លេ​នេះ​ងើបឡើង​បាន​បន្តិច ។ ទឹកទន្លេ​មេគង្គ​នៅ​ភាគ​ខាងលើ​បន្ត​ជន់​ឡើង​បាន​ពីរ​បី​ថ្ងៃ​ទៀត ។ ទឹកទន្លេ​មេគង្គ​បានចាប់ផ្តើម​ហូរ​ចូល​ប្រព័ន្ធធារាសាស្ត្រ​វ៉ៃ​កូ បន្ទាប់ពី​បាន​ឡើងដល់​កម្ពស់​ប្រាំបួន​ម៉ែត្រ​នៅ​ខេត្តកំពង់ចាម​។​


​ ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម កាលពី​ថ្ងៃទី​១១​ខែសីហា​បាន​ជូនដំណឹង​ស្តីពី​ស្ថានភាព​អាកាសធាតុ​សម្រាប់​ពីថ្ងៃ​ទី​១២​ដល់​ថ្ងៃទី​១៨​ខែសីហា ប្រទេស​កម្ពុជា​ទទួលរ​ង​ឥទ្ធិពល​ពី​ជ្រលង​សម្ពាធ​ទាប​រួម​ជាមួយនឹង​ខ្យល់មូសុង​និរតី​ខ្សោយ​។​
​ក្នុង​សេចក្តីជូនដំណឹង​បាន​សរសេរ​ទៀតថា​ស្ថានភាព​ដូចខាងលើ ធ្វើឱ្យ​បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្តាល​មាន​សីតុណ្ហភាព​អប្បបរមា ពី​២៥​ទៅ​២៧​អង្សា​សេ សីតុណ្ហភាព​អតិបរមា​មាន​ពី​២៩​ទៅ​៣១​អង្សា​សេ​។ នៅ​អំឡុង​ថ្ងៃទី​១២-១៣​ខែសីហា​អាចមាន​ភ្លៀង​ធ្លាក់​កម្រិត​ពី​ខ្សោយ​ទៅ​មធ្យម និង​មាន​ច្រើន​នៅ​តំបន់​ទំនាប​កណ្តាល​ភាគ​ពាយព្យ​និង​បណ្តា​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា​វៀតណាម​។​

នៅ​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០២០ រសៀល មាន​ភ្លៀង​ធ្លាក់​កម្រិត​មធ្យម នៅ​ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់​។​


​បណ្តា​ខេត្ត​នៅ​តំបន់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ភាគ​ឦសាន​មាន​សីតុណ្ហភាព​អប្បបរមា​ពី​២៣​ទៅ​២៥​អង្សា​សេ សីតុណ្ហភាព​អតិបរមា​មាន​ពី​២៧​ទៅ​២៩​អង្សា​សេ​អាចមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​ច្រើន​។ តំបន់​មាត់សមុទ្រ មាន​សីតុណ្ហភាព​អប្បបរមា​ពី​២៥​ទៅ​២៧​អង្សា​សេ សីតុណ្ហភាព​អតិបរមា​មាន​ពី​២៧​ទៅ​២៩​អង្សា​សេ​។​អាចមាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​បង្គួរ​។​
​ការ​ព្យាករ​សម្រាប់​ពីថ្ងៃ​ទី​១២​ដល់​ថ្ងៃទី​១៨​ខែសីហា បានបង្ហាញ​ឱ្យឃើញ​ផងដែរ​ថា​បាតុភូត​ផ្គរ​រន្ទះ​និង​ខ្យល់​កន្ត្រាក់​នៅតែ​បន្ត​កើតមាន​សូម​ប្រុងប្រយ័ត្ន​៕សរន

នៅ​ថៃ្ង​ទី​១២ ខែសីហា ឆ្នាំ​២០២០ ព្រឹក កំពុងមាន​ភ្លៀង​ធ្លាក់​ផ្សែង​ក្រូច និង​មេឃ​អួរ​អាប់ នៅ​ទូទាំង​ខេត្ត​កែប​។​
នៅ​ថៃ្ង​ទី​១២ ខែសីហា ឆ្នាំ​២០២០ ព្រឹក កំពុងមាន​ភ្លៀង​ធ្លាក់​ផ្សែង​ក្រូច និង​មេឃ​អួរ​អាប់ នៅ​ទូទាំង​ខេត្ត​កែប​។​
នៅ​ថៃ្ង​ទី​១២ ខែសីហា ឆ្នាំ​២០២០ ព្រឹក កំពុងមាន​ភ្លៀង​ធ្លាក់​ផ្សែង​ក្រូច និង​មេឃ​អួរ​អាប់ នៅ​ទូទាំង​ខេត្ត​កែប​។​

ទីតាំងផ្សាយពាណិជ្ជកម្ម