រដ្ឋមន្ត្រីការបរទេស​ជប៉ុន​ផ្តើម​ទស្សនកិច្ច​នៅ​កម្ពុជា

969
ចែករម្លែក

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: ដូច​អ្វីដែល​បានគ្រោង​ទុក លោកតារ៉ូ កូណូ( Taro Kono) រដ្ឋមន្ត្រីការបរទេស​ជប៉ុន បានមក ដល់​កម្ពុជា​នៅវេលា​ម៉ោងជាង​៩​ព្រឹក ថ្ងៃទី​៨ ខែមេសា ឆ្នាំ​២០១៨​នេះ ដើម្បី​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា ក្នុង​គោលបំណង​ដើម្បី​ពង្រឹង​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ​បន្ថែមទៀត​លើ​គ្រប់​វិស័យ​។

​តាម​កម្មវិធី​នៅវេលា​ម៉ោង​១០​ព្រឹក រដ្ឋមន្ត្រីការបរទេស​ជប៉ុន នឹង​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ​លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហ​ប្រតិ​ប​តិ្ត​ការ​អន្តរជាតិ នៅ​វិមាន​សន្តិភាព​។ បន្ទាប់ពី​ជួប​ជា មួយ​លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រួច រដ្ឋមន្ត្រីការបរទេស​ជប៉ុន ជួបពិភាក្សា​ការងារ​ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា នៅ​វិមាន​សន្តិភាព​។​

​បន្ទាប់ពី​ជំនួប​ចប់ លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន និង​លោកតា​រ៉ូ កូ​ណូ រដ្ឋមន្ត្រីការបរទេស​ជប៉ុន នឹង​ចុះ ហត្ថលេខា​លើ​លិខិត​ប្ដូរ​សារ និង​កំណត់ហេតុ នៃ​ការពិភាក្សា ស្ដីពី​ការផ្ដល់​ហិរញ្ញប្បទាន​របស់​រដ្ឋាភិបាល​ជប៉ុន​មកកាន់​រាជរដ្ឋាភិបាល​កម្ពុជា​ដូចខាងក្រោម​៖
១- ហិរញ្ញប្បទាន​ឥត​សំណង​ជប៉ុន ដែលមាន​ទឹកប្រាក់​សរុប​ចំនួន ៥០០ លាន​យ៉េន (¥៥០០,០០០,០០០) សម្រាប់​អនុវត្ត​គម្រោង​កម្មវិធី​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម នៅ​កម្ពុជា​
២- ឥណទាន​សម្បទាន​ជប៉ុន ដែលមាន​ទឹកប្រាក់​សរុប​ចំនួន ៩.២១៦ លាន​យ៉េន (¥៩,២១៦,០០០,០០០) សម្រាប់​អនុវត្ត​គម្រោង​ពង្រីក​ប្រព័ន្ធ​ខ្សែ​បញ្ជូន និង​ចែកចាយ​អគ្គិសនី នៅ​រាជធានី​ភ្នំពេញ ជំហាន​ទី​២​។​

​គួរ​ឲ្យ​កត់សម្គាល់ថា ឆ្នាំ​២០១៨ គឺជា​ខួប​អនុស្សាវរីយ៍​លើក​ទី​៦០ នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា និង​ជប៉ុន​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម