វៀតណាម​បញ្ឈរជើង​ប្រធាន​ក្រុង​ហាណូយ​ជុំវិញ​ករណី​ព្រហ្មទណ្ឌ​

270
ចែករម្លែក

​លោក ង្វៀន ឌឹ​ក ជុង​(Nguyen Duc Chung) ប្រធាន​គណៈកម្មាធិការ​ប្រជាជន​ក្រុង​ហាណូយ​ត្រូវបាន​ព្យួរការងារ​ដើម្បី​រង់ចាំ​ការបំភ្លឺ​អំពី​ការទទួលខុសត្រូវ​រប​ស់លោក​នៅក្នុង​រឿង​ក្តី​ព្រហ្មទណ្ឌ​ចំនួន​៣ ,នេះបើតាមការផ្សាយរបស់សារព័ត៌មានវៀតណាមVexpress។

​លោក ង្វៀន ឌឹ​ក ជុង

​នាយករដ្ឋមន្ត្រី លោក​ង្វៀន សួន​ហ្វ៊ុក​( Nguyen Xuan Phuc) បាន​ចុះហត្ថលេខា​លើ​សេចក្តីសម្រេច​មួយ​កាលពី​ថ្ងៃ​អង្គារ​ទី​១១​សីហា​ដើម្បី​ផ្អាក​ការងារ​របស់​លោក​រយៈ​ពេល​៩០ ថ្ងៃ​។​

​ការផ្អាក​នេះ​បាន​កើត​ឡើង​នៅ​ថ្ងៃ​តែមួយ​ជាមួយ​សេចក្តីសម្រេច​ដែល​ធ្វើឡើង​ដោយ​ការិយាល័យ​នយោបាយ ដែលជា​អង្គការ​ធ្វើការ​សំរេចចិត្ត​របស់​បក្ស​កុំម្មុយនីស្ត ក្នុងការ​ព្យួរការងារ​របស់ លោក ង្វៀន ឌឹ​ក ​ជុង ពី​តួនាទី​ជា​អនុ​លេខា​បក្ស​ក្រុង​ហាណូយ​ដើម្បី​ពិនិត្យ​និង​ស៊ើបអង្កេត​បញ្ជាក់​ពី​ការទទួលខុសត្រូវ​រប​ស់លោក​នៅក្នុង​ករណី​ព្រហ្មទណ្ឌ​មួយចំនួន​នៅក្រោម​ច្បាប់​ដែល​មាន​ស្រាប់​។​

​លោក តូ អាន់ សូ អ្នកនាំពាក្យ​របស់​ក្រសួង​សន្តិសុខ​សាធារណៈ​បាន​និយាយថា​ក្រុម​អ្នក​ស៊ើបអង្កេត​កំពុង​បញ្ជាក់​អំពី​ការជាប់​ពាក់ព័ន្ធ​របស់​លោក​ង្វៀន ឌឹ​ក ជុង នៅក្នុង​ករណី​ចំនួន​៣​នៅ​ទីក្រុង​ហាណូយ​។​

​ករណី​ទី​មួយ​ទាក់ទង​នឹង​ការរត់ពន្ធ​ជួញដូរ ការរំលោភ​បញ្ជី​គណនេយ្យ ការលាង​លុយ​និង​ការរំលោភបំពាន​ការដេញថ្លៃ​ដែល​បណ្តាល​ឱ្យមាន​ផលវិបាក​ធ្ងន់ធ្ងរ​នៅ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ហាណូយ Nhat Cuong ដែល​នៅក្នុង​នោះ មនុស្ស ២៨​នាក់​ដោយ​រួមទាំង​មន្ត្រី​ក្រុង​ហាណូយ​មួយចំនួន​កំពុង​ប្រឈម​នឹង​ការចោទប្រកាន់​។​

​លោក​ប៊ូ​យ ក្វា​ង វី ប្រធាន​ក្រុមហ៊ុន​Nhat Cuong ដែល​ប៉ូលិស​ចង់​ចាប់ខ្លួន​នេះ​ត្រូវបាន​ចោទប្រកាន់​ពី​បទ​ដឹកនាំ​ក្រុម​ឧក្រិដ្ឋជន​ដែល​ទទួលខុសត្រូវ​ចំពោះ​ការរត់ពន្ធ​ជួញដូរ​ឆ្លងដែន​និង​រក្សា​ទុក​​សៀវ​ឯកសារ​គណនេយ្យ​ចំនួន​២​ដើម្បី​លាក់​ប្រាក់ចំណូល​រាប់លាន លាន​ដុង​។​

​ក្នុង​ករណី​ទី​២ លោក ង្វៀន ឌឹ​ក ជុង​ត្រូវបាន​ចោទប្រកាន់​ពាក់ព័ន្ធ​នឹង​ការរំលោភ​ដោយ​ប្រើប្រាស់​និង​គ្រប់គ្រង​ទ្រព្យសម្បត្តិ​សាធារណៈ​ដែលនាំឱ្យ​មាន​ការ​ខ្ជះខ្ជាយ​លុយ​និង​ខាតបង់​នៅ​គណៈកម្មាធិការ​​ប្រជាជន​ក្រុង​ហាណូយ​និង​ភ្នាក់ងារ​ពាក់ព័ន្ធ​។

​ករណី​មួយទៀត​ទាក់ទង​នឹង​ឯកសារ​សម្ងាត់​របស់​រដ្ឋ ដែល​នាំឱ្យ​លោក អ្នកបើក​រថយន្ត​របស់ លោក​ង្វៀន ឌឹ​ក ជុង​ត្រូវបាន​ចាប់​ឃុំខ្លួន​កាលពី​ថ្ងៃទី ២២ ខែកក្កដា រួម​ជាមួយនឹង​មន្ត្រី​ពីរ​នាក់​៕​ប្រែ​សម្រួល​៖​សុខា​/sn

ទីតាំងផ្សាយពាណិជ្ជកម្ម