សហគមន៍​អឺរ៉ុប​បញ្ជាក់​ជាថ្មី​ថា ៨០ ភាគរយ​នៃ​ទំនិញ​កម្ពុជា​នៅតែ​ទទួល​ការអនុគ្រោះ

202
ចែករម្លែក

ដោយៈ ជា សីហៈ/ភ្នំពេញ៖នៅថ្ងៃនេះ​សហគមន៍​អឺរ៉ុប​បានបញ្ជាក់​យ៉ាងច្បាស់​ថា ការដក​សិទ្ធិ​អនុគ្រោះ​លើ​ទំនិញ​នាំចូល​ទីផ្សារ​អឺរ៉ុប​ទាក់ទង នឹង​ការនាំ ចេញ​របស់​កម្ពុជា​ទៅ​សហភាព​អឺរ៉ុប​គឺ​អនុវត្ត​តែ​ទៅលើ​ទំនិញ ប្រមាណ ២០ ភាគរយ តែប៉ុណ្ណោះ​។​

​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន ដែល​ទទួលបាន​នៅ​រសៀល​ថ្ងៃនេះ​បាន​ឲ្យ​ដឹងថា ទោះបី​កម្ពុជា​ត្រូវ​ដកហូត​សិទ្ធិ​អនុគ្រោះ​លើ​ទំនិញ​ទាំងនេះ​ក៏ពិតមែន ប៉ុន្តែ​កម្ពុជា នៅតែ​អាច​នាំចេញ ផលិត ផល​នានា​ទៅកាន់​សហភាព​អឺរ៉ុប​ដដែល ដោយ​គ្រាន់តែ ត្រូវ​បង់ពន្ធ​ទូទៅ​ដែល​អនុវត្ត​ចំពោះ​សមាជិក​ផ្សេងទៀត​នៃ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ប៉ុណ្ណោះ ក្រៅពីនោះ ៨០% ទៀត​នៃ​ការនាំចេញ​របស់​កម្ពុជា​នៅតែ​បន្ត​ទទួលបាន​ការអនុគ្រោះ (​ដោយ​មិន​គិត​ពន្ធ​កូតា​) ចូល​ទីផ្សារ​អឺរ៉ុប​។​

​គិត​ត្រឹម​ថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២០ ផលិតផល​នាំចេញ​ធម្មតា​របស់​កម្ពុ​ជាមួយ​ចំនួន​ដូចជា​សម្លៀកបំពាក់ ស្បែកជើង និង​ទំនិញ​ធ្វើដំណើរ​ត្រូវ​ស្ថិតក្រោម​ពន្ធ គយ​របស់​សហភាព​អឺរ៉ុប ក្រោយ​ពេលដែល គម្រោង​អនុគ្រោះ​ពាណិជ្ជកម្ម​ដែល​ទទួលបាន​ដោយ​ប្រទេស​កម្ពុជា​ក្រោម គម្រោង​“ អ្វីៗ​ទាំងអស់​លើកលែងតែ​អាវុធ​” ត្រូវ​ចូល​ជា​ធរមាន ដោយសារតែ​ការព្រួយបារម្ភ​ទាក់ទង​នឹង​សិទ្ធិមនុស្ស ។​

​លោក ហ្វីល ហូ​ហ្គេ​ន ( Phil Hogan) ស្នងការ​ពាណិជ្ជ​កម្មស​ហគ​មន៍​អឺរ៉ុប​បាន​មានប្រសាសន៍ថា​“ យើង​បានផ្តល់​ដល់​ប្រទេស​កម្ពុជា​នូវ​ឱកាស​ពាណិជ្ជកម្ម​ដែល​អនុញ្ញាតឱ្យ​ប្រទេស​នេះ​អភិវឌ្ឍ​ឧស្សាហកម្ម​តម្រង់​ទិសដៅ​នាំចេញ​និង​ផ្តល់​ការងារ​ដល់​ប្រជាជន​កម្ពុជា​រាប់ពាន់នាក់​។ ឥឡូវនេះ​យើង​ឈរ​ក្បែរ​ពួកគេ​ផងដែរ​នៅក្នុង​ស្ថានភាព​លំបាក​ដែល​បណ្តាលមកពី​ជំងឺ​រាតត្បាត​។ ទោះជា​យ៉ាងណាក៏ដោយ​ការបន្ត​គាំទ្រ​របស់​យើង​មិន​បន្ថយ​នូវ​តម្រូវការ​បន្ទាន់​ស​ម្រា​ប់​ប្រទេស​កម្ពុជា​ក្នុង​ការគោរព​សិទ្ធិមនុស្ស​និង​សិទ្ធិ​ការងារ​នោះទេ​។ ខ្ញុំ​ត្រៀមខ្លួន​ជាស្រេច​ដើម្បី​បន្ត​ការចូលរួម​របស់​យើង​និង​ស្តារ​លទ្ធភាព​នាំ​ទំនិញ​ដោយ​សេរី​ទៅ​ទីផ្សារ​អ៊ឺរ៉ុប​សម្រាប់​ផលិតផល​ពី​ប្រទេស​កម្ពុជា​ដោយ​យើង​បាន​ឃើញថា​យើង​មានការ​រីកចម្រើន​យ៉ាងខ្លាំង​នៅក្នុង​ការគោរព​នេះ​” ។​

​គណៈកម្មការ​អឺរ៉ុប និង បន្ត​សហការ​ជាមួយ​ស្ថាប័ន​សេវាកម្ម​សកម្មភាព​ខាងក្រៅ​អឺរ៉ុប ( European External Action Service) នឹង​បន្ត​ការចូលរួម​ពង្រឹង​ការ​ខិតជិត​គ្នា​រវាង​សហគមន៍​អឺរ៉ុប​និង​កម្ពុជា​លើ​កិច្ចការ​នេះ​។ សហគមន៍​អ៊ឺរ៉ុប​នឹង​បន្ត​ឃ្លាំមើល​ស្ថានការណ៍​នៅក្នុង​ប្រទេស​ដោយ​ផ្តោត​ជាពិសេស​លើ​ការ​រឹតត្បិត​នាពេល​បច្ចុប្បន្ន​លើ​បញ្ហា​សេរីភាព​នៃ​ការបញ្ចេញមតិ សិទ្ធិ​ស៊ីវិល និង​នយោបាយ ក៏ដូចជា​វិវាទ​ដីធ្លី​និង​សិទ្ធិ​ការងារ​ក្នុង​បរិបទ​នៃ​ការធ្វើកំណែទម្រង់​ដែល​កំពុង​បន្ត​។​

​សហគមន៍​អ៊ឺរ៉ុប​ដឹង​អំពី​ផលប៉ះពាល់​គួរឱ្យកត់សម្គាល់​នៃ​ការឆ្លង​ជំងឺ​រាតត្បាត​ដោយ​មេរោគ​កូ​រ៉ូ​ណា លើ​សេដ្ឋកិច្ចកម្ពុជា និង កិច្ចខិតខំ​ប្រឹងប្រែងរ​បស់​ប្រទេស​កម្ពុជា​លើ​ការ​ទប់​ស្កាត​បញ្ហា​នេះ ដូចនេះ សហគមន៍​អឺរ៉ុប បាន​ត្រៀមខ្លួន​គាំទ្រ​ដល់​ប្រទេស​កម្ពុជា​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​វិបត្តិ​នៃ​ការរីក​រាលដាល​នៃ​មេរោគ​នេះ​និង​ឆ្ពោះទៅរក​ការ​ងើប​ឡើងវិញ​នៃ​សេដ្ឋកិច្ច​។

​កាលពី​ឆ្នាំ ២០១៩ កន្លងទៅនេះ ពាណិជ្ជកម្ម​កម្ពុជា​ជាមួយនឹង​សហគមន៍​អឺរ៉ុប គឺមាន​តម្លៃ​សរុប ប្រមាណ​ជា ៥,៦ ពាន់ លាន​អឺរ៉ូ ៕R/

ទីតាំងផ្សាយពាណិជ្ជកម្ម