មោទនភាព​​កម្ពុ​ជាៈ​លោកស្រី ជា សិរី ត្រូវបាន​ជ្រើសរើស​ជា​សមាជិក​គណៈកម្មការ​វាយតម្លៃ​សម្រាប់​​ការប្រកួតប្រជែងក្រោម​គំនិត​ផ្តួចផ្តើម G20 TechSprint

450
ចែករម្លែក
លោកស្រី ជា សិរី អគ្គនាយក​បច្ចេកទេស ធនាគារជាតិ​នៃ​កម្ពុជា(រូបឯកសារ)

ដោយៈ​បញ្ញា​សាស្ត្រ​/​ភ្នំពេញៈ​ប្រភពពី​ធនាគារជាតិ​នៃ​កម្ពុជា​នៅ​រសៀល​ថ្ងៃទី​១២​ខែសីហា​ថា​ក្រោម​គំនិត​ផ្តួចផ្តើម G20 TechSprint ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​ដែលជា​ប្រធាន G20 និង​ធនាគារ​សម្រាប់​ការទូទាត់​អន្តរជាតិ (BIS) បានជ្រើសរើស​បេក្ខភាព​ជា​ក្រុមហ៊ុន​ចំនួន ២០ ក្នុងចំណោម ១២៨ ក្រុមហ៊ុន មកពី​ប្រទេស​ចំនួន ៣៥ សម្រាប់​ស្វែងរក​ដំណោះស្រាយ​ចំពោះ​បញ្ហា​ប្រឈម​ក្នុង​ផ្នែក​ត្រួតពិនិត្យ​និង​និយតកម្ម​ហិរញ្ញវត្ថុ​។​
​ ​ជាមួយគ្នានេះ​គណៈកម្មការ​វាយតម្លៃ​ឯករាជ្យ​ក៏​ត្រូវបាន​បង្កើតឡើង​ដោយមាន​សមាជិក​ចំនួន ១៤ រូប ដែល​ក្នុងនោះ​ក៏មាន លោកស្រី ជា សិរី អគ្គនាយក​បច្ចេកទេស ធនាគារជាតិ​នៃ​កម្ពុជា ហើយ​គណៈកម្មការ​ទាំង ១៤​រូប​សុទ្ធសឹង​ជា​ថ្នាក់ដឹកនាំ​និង​ជំនាញការ​អន្តរជាតិ​មកពី​ធនាគារកណ្តាល សកល​វិទ្យាល័យ​ល្បីៗ និង​ស្ថាប័នហិរញ្ញវត្ថុ​អន្តរជាតិ​ពិភពលោក​។
​គួរ​បញ្ជាក់ថា គំនិត​ផ្តួចផ្តើម G20 TechSprint ដែល​បានចាប់ផ្តើម​នៅ​ខែមេសា​ឆ្នាំ ២០២០ ត្រូវបាន​ធ្វើឡើង​ក្នុង​គោលបំណង​បង្ហាញ​ពី​សក្តានុពល​នៃ​បច្ចេកវិទ្យា​ក្នុងការ​ផ្តល់​ដំណោះស្រាយ​ចំពោះ​ការអនុលោម​តាម​បទ​ប្បញ្ញត្តិ​បច្ចេកវិទ្យា (regtech) និង​បញ្ហា​ប្រឈម​នានា​នៃ​ការត្រួតពិនិត្យ​។ កាលពី​ថ្ងៃទី​៦-៧ ខែសីហា​កន្លងទៅ ក្រុម​បេក្ខជន​ដែល​ជាប់​ឈ្មោះ​បន្ទាប់ពី​ការ​ជម្រុះ​ជុំ​ទី​១ ទទួលបាន​ឱកាស​ក្នុងការ​បង្ហាញ​នូវ​ដំណោះស្រាយ​របស់​ពួកគេ​ទៅកាន់​គណៈកម្មការ​វាយតម្លៃ​ឯករាជ្យ និង​ទទួលបាន​មតិយោបល់​នានា មុនពេល​ទទួលបាន​កា​រ​វិនិច្ឆ័យ​ចុងក្រោយ​នៅ​ខែតុលា​ឆ្នាំ​២០២០។


​ប្រភពដដែលបញ្ជាក់ថានៅក្នុង​បរិការណ៍​នៃ​ការរីក​រាលដាល​ជាស​កល​នៃ​ជំងឺ​កូ​វីដ​១៩ គំនិត​ផ្តួចផ្តើម TechSprint របស់​ក្រុម​ប្រទេស G20 បានកត់សម្គាល់​ថា​និយតករ​និង​អ្នកត្រួតពិនិត្យ​ផ្នែក​ហិរញ្ញវត្ថុ​នឹង​នៅតែ​បន្ត​ធ្វើឱ្យ​ប្រាកដថា​ប្រព័ន្ធ​ហិរញ្ញវត្ថុ​ពិភពលោក​ដំណើរការ​ប្រកបដោយ​ស្ថិរភាព ប្រសិទ្ធភាព និង​បរិ​យាប​ន្ន​។ គំនិត​ផ្តួចផ្តើម​នេះ​ក៏​កត់សម្គាល់​ផងដែរ​ថា និយតករ​និង​អ្នកត្រួតពិនិត្យ​ត្រូវមាន​ឧបករណ៍​នានា ដើម្បី​កំណត់​ភាព​ងាយ​រងគ្រោះ និង​ចែករំលែក​ព័ត៌មាន​នៅក្នុង​និង​ក្រៅប្រទេស​ឱ្យបាន​ទាន់ពេលវេលា ហើយក៏​លើកទឹកចិត្ត​ដល់​ក្រុម​បេក្ខជន​ដែល​ចូលរួម​ក្នុងការ​ប្រកួតប្រជែង​ឱ្យ​បង្កើត​ដំណោះស្រាយ​នានា​ដែល​ជួយ​គាំទ្រ​ដល់​ដំណើរការ​នេះ​​៕សរន

ទីតាំងផ្សាយពាណិជ្ជកម្ម