ការបាក់​ដងសន្ទូច​ចល័ត​នៅ​ការដ្ឋាន​សំណង់​បណ្តាល​ឲ្យ​ស្លាប់​និង​របួស​ជិត​១០​នាក់​គឺជា​ឧបទ្ទវហេតុ​

291
ចែករម្លែក
លោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យដឹកនាំកម្លាំងសរុបនៃគណៈបញ្ជាការរដ្ឋបាលខេត្តគ្រប់គ្រង ដោះស្រាយក្រោយឧបទ្ទហេតុនេះ

ដោយៈ​ភ្នំ​ស្វាយ​,​មុនី​រ័ត្ន​/​បន្ទាយ​មាន​ជ័​យៈម​ន្ត្រី​នៃ​មន្ទីរជំនាញ​បាន​អះអាងថា​ ករណី​បាក់ដង​សន្ទូច​បម្រើ​ឲ្យ​ការដ្ឋាន​សំណង់​កាលពី​រសៀល​ថ្ងៃទី​១២​ខែសីហា​នេះ ​មិនមែនជា​កំហុស​បច្ចេកទេស​សំណង់​ទេ តែ​ជា​ឧ​ប​ទ្ទ​ហេតុ​ដួល​រលំ​ម៉ាស៊ីន​ដងសន្ទូច​ចល័ត​។​ការបាក់​ដងសន្ទូច​នេះ​បណ្តាល​ឲ្យ​ស្ត្រី​ប្រាំ​នាក់​បាត់​បង់ជីវិត​និង​ស្រី​បួន​នាក់​ផ្សេងទៀត​របួស​។​


​លោក​អាង​ ​ណា​រឹទ្ធិ​ ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់​ខេត្ត​បន្ទាយមានជ័យ​ប្រាប់​កាសែត​រស្មី​កម្ពុជា​ល្ងាច​ថ្ងៃទី​១២​ខែសីហា​ថា ករណីនេះ​មិនមែនជា​កំហុស​បច្ចេកទេស​សំណង់​ទេ តែ​ជា​ឧ​ប​ទ្ទ​ហេតុ​ដួល​រលំ​ម៉ា​ស៊ី​ដងសន្ទូច​ចល័ត​(Mobile Crane) ពេល​ស្ទូច​ផែន​បេតុង​ឡើង​ដាក់​លើ​អគារ​សំណង់ ត្បិត​ដី​នៅជាប់​កង់​ច្រវាក់​នៃ​ម៉ាស៊ីន​បាន​ស្រុតចុះ ហើយ​វា​រេ​គ្រវាត់​បាក់​រលំ​។​
​ពេលនោះ​ផែន​ថ្ម​ក៏​ធ្លាក់​ចុះមក​លើផ្ទះ​ប្រក់ស័​ង្ក​សី​មួយ​នៅក្រៅ​ការដ្ឋាន​សំណង​បណ្តាល​សង្កត់​ស្លាប់​និង​របួស​មនុស្ស​ជិត​១០​នាក់​។​ហេតុនេះ​ការដ្ឋាន​សំណង់​ត្រូវ​បិទ​បណ្តោះអាសន្ន​។​

លោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យដឹកនាំកម្លាំងសរុបនៃគណៈបញ្ជាការរដ្ឋបាលខេត្តគ្រប់គ្រង ដោះស្រាយក្រោយឧបទ្ទហេតុនេះ


​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សិទ្ធិ ឡោះ ស្នងការរង​នគរបាល​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​កាសែត​រស្មី​កម្ពុជា​ថា សព​ជនរងគ្រោះ​ស្ត្រី​ទាំង​ប្រាំ​នាក់​ត្រូវបាន​កម្លាំងចម្រុះ​និង​ក្រុម​ជួយសង្គ្រោះ​បញ្ជូនទៅ​តម្កល់​បណ្តោះអាសន្ន​នៅ​វត្ត​ម៉ុង​ចិន​ក្នុងភូមិ​គីឡូម៉ែត្រ​លេខ​៤ ។​បន្ទាប់មក​រថយន្ត​ពេទ្យ​នៃ​នគរបាល ,​មន្ទីរ​សុខាភិបាល​និង​គ្លី​និង​ឯកជន​ដឹក​ទៅ​ប្រគល់​គ្រួសារ​សព​ដើម្បី​ធ្វើបុណ្យ​តាម​ផ្ទះ​។​​ឯ​ជនរងគ្រោះ​របួស​ត្រូវ​សមត្ថកិច្ច​បញ្ជូន​ទៅមន្ទីរពេទ្យ​រដ្ឋ​។​


​ចំណែក​លោក​មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញា​អម​នៃ​អយ្យការ​សាលាដំបូង​ខេត្តបន្ទាយ​មានជ័យ​ប្រាប់​កាសែត​រស្មី​កម្ពុជា​ដែរ​ថា ក្រោយ​ឧ​ប​ទ្ទ​ហេតុនេះ លោក​បញ្ជា​ឲ្យ​ស៊ើបអង្កេត​លំអិត​អំពី​មូលហេតុ​នៃ​ការបាក់​រលំ​ដងសន្ទូច ដែល​មិនមែនជា​បច្ចេកទេស​សំណង់​នៃ​ការដ្ឋាន​សំណង់​។​ពោលគឺ​ដើម្បី​ឲ្យ​ច្បាស់លាស់​មុននឹង​បិទ​ការដ្ឋាន​សំណង់​នេះ ។​
​រីឯ​លោក​វរសេនីយ៍​នួន នី​ណា​រ៉ូ មេបញ្ជាការ​កង​រាជ​អ​វុ​ធ​ហត្ថ​ក្រុង​ប៉ោយប៉ែត​បាន​ឲ្យ​ដឹងថា ឈ្មោះ​ពុត លី​វិ​ន ភេទ​ប្រុស​អាយុ​២០​ឆ្នាំ​ ជា​អ្នក​កាន់​ម៉ាស៊ីនស្ទូច​ចល័ត​ត្រូវ​ឃាត់ខ្លួន​ដោយ​កម្លាំង​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​ដើម្បី​សាកសួរ ស៊ើ​អង្កេត​ដោយ​កម្លាំង​លោក​និង​ព្រះរាជអាជ្ញា ។​


​លោក​អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ​ដែល​ដឹកនាំ​កម្លាំង​សរុប​នៃ​គណៈបញ្ជាការ​រដ្ឋបាលខេត្ត​គ្រប់គ្រង ដោះស្រាយ​ក្រោយ​ឧ​ប​ទ្ទ​ហេតុនេះ​បាន​ប្រាប់​កាសែត​រស្មី​ក​ម្ពុជា​ល្ងាច​ដដែល​ថា ចំពោះមុខ​គឺ​ត្រូវ​សង្គ្រោះបន្ទាន់​ជនរងគ្រោះ​របួស​និង​ការបញ្ជូន​សព​ជន​រង​គ្រេាះទៅ​ឲ្យ​គ្រួសារ​សព​ដើម្បី​ធ្វើបុណ្យ​ឈាបនកិច្ច ។​ក្នុងនោះ​អាជ្ញាធរ សមត្ថកិច្ច​នគរបាល អាវុធហត្ថ ព្រះរាជអាជ្ញា​បាន​ឧបត្ថម្ភ​បុណ្យសព​ចំនួន​១,៤​លាន​រៀល​និង​ខាង​ក្រុមហ៊ុន​The Park City ជួយ​៣០០​ដុល្លារ​សម្រាប់​សព​មួយ និង​មាន អង្ករ និង​ទេយ្យទាន​មួយចំនួន​។​


​លោក​អភិបាលខេត្ត​បាន​បន្ថែមថា ចំពោះមុខ ខេត្ត​ឲ្យ​លោក​កែវ តារា​រស្មី អភិបាល​ស្តីទី​នៃ​រដ្ឋបាល​ក្រុង​ចេញ​លិខិត​បិទ​ការដ្ឋាន​សំណង់​បណ្តោះអាសន្ន ។​


​គួររំលឹកថា ​កាលពី​ម៉ោងជាង​២​រសៀល​ថ្ងៃទី​១២​ខែសីហា​មាន​ករណី​បាក់ដង​សន្ទូច​នៅ​ការដ្ឋាន​មួយ​នៅ​ក្រុង​ប៉ោយប៉ែត​បណ្តាល​ឲ្យ​មនុស្ស​ប្រាំ​នាក់​បាត់​បង់ជីវិត​និង​បួន​នាក់​ផ្សេងទៀត​របួសធ្ងន់​ស្រាល​។​

លោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យដឹកនាំកម្លាំងសរុបនៃគណៈបញ្ជាការរដ្ឋបាលខេត្តគ្រប់គ្រង ដោះស្រាយក្រោយឧបទ្ទហេតុនេះ


​របាយការណ៍​សមត្ថកិច្ច​បញ្ជាក់ថា​ជនរងគ្រោះ​ដល់​ជីវិត​ទាំង​ប្រាំ​នាក់​សុទ្ធ​ជា​ស្ត្រី​។​ក្នុងនោះ​ទី​១ .​ឈ្មោះ ឈាន ហុង អាយុ​៤៤​ឆ្នាំ​,​ទី​២.​ឈ្មោះ ឌឹ​ម សុខ ណាក់ អាយុ​២៩​ឆ្នាំ​,​ទី​៣.​ឈ្មោះ លឿ​ប ឡាក់ អាយុ​៥៥​ឆ្នាំ​,​ទី​៤.​ឈ្មោះ សេង មុយ​គា និង​ទី​៥.​ឈ្មោះ ចូ​វ លី អាយុ​៤៩​ឆ្នាំ​។​ចំណែក​អ្នករបួស​ជា​ស្ត្រី​ដែរ​ក្នុងនោះ​ទី​១.​ឈ្មោះ ផល សុ​ដាលីន អាយុ​៣៣​ឆ្នាំ​,​ទី​២.​ឈ្មោះ កា សុ​ម៉ា​មាន អាយុ​៣៤​ឆ្នាំ​,​ទី​៣.​ឈ្មោះ សៅ រិ​ទ្ធ អាយុ​៤១​ឆ្នាំ​និង​ទី​៤.​ឈ្មោះ​ខាន់ ចាន់​ឌី អាយុ​២៧​ឆ្នាំ​(​ស្រាល​)​។​អ្នក​ទាំងអស់​រស់នៅ​ភូមិ​គីឡូ​លេខ​៤​។​សាកសព​និង​អ្នករងរបួស​ត្រូវបាន​បញ្ជូនទៅ​កាន់​មន្ទីរពេទ្យបង្អែក​ដី​ថ្មី​។​

​ការដ្ឋាន​សំណង់​នោះ​ជា​របស់​បុរី​ដឹ​ផាក ស៊ី​ធី​(The Park City )​ស្ថិតនៅ​ខាងកើត​សាលារៀន​ចិន ផ្លូវជាតិ​លេខ​៥​ភូមិ​គីឡូម៉ែត្រ​សង្កាត់​ផ្សារកណ្តាល​ក្រុង​ប៉ោយប៉ែត​។ ការដ្ឋាន​នោះ​របស់​ក្រុមហ៊ុន​ដឺ​ផាក​ស៊ី​ធី​វីឡា របស់លោក ឧកញ៉ា​ឡៅ ប៊ុន​ប៉ា ។​៕​សរន​/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម