​គ្រោះថ្នាក់​ចរាចរណ៍​១០៤​ថ្ងៃៈ​ស្លាប់​មនុស្ស​៤៣១​នាក់​និង​របួស​១.២៧៥​នាក់​

134
ចែករម្លែក

ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន បាន​ថ្លែងប្រាប់​រស្មី​កម្ពុជា​កាលពី​រសៀល​ថ្ងៃទី​១២ ខែសីហា ថា គ្រោះថ្នាក់​ចរាចរណ៍​រយៈ​ពេល ១០៤​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១ ខែឧសភា ដល់​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០២០ បានកើត​ឡើង ៨១៤​លើក ស្លាប់​មនុស្ស​ចំនួន ៤៣១​នាក់ របួស​ចំនួន ១.២៧៥​នាក់ ក្នុងនោះ​របួសធ្ងន់ ៧៤៦​នាក់​។

​លោក​បន្តថា សម្រាប់​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០២០ កើតឡើង​ចំនួន​១១​លើក ស្លាប់​៤​នាក់​និង​របួស​ចំនួន​៤៨​នាក់​ក្នុងនោះ​របួសធ្ងន់​ចំនួន​២១​នាក់​។​បើតាម​របាយការណ៍​បូកសរុប​លទ្ធផល​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ប្រចាំឆមាស​ទី​១​ឆ្នាំ​២០២០​បានឱ្យដឹងថា​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ឆមាស​ទី​១​ឆ្នាំ​២០២០​បាន​កើតឡើង​ចំនួន​១.៦១៩​លើក​។​បណ្ដាលឱ្យ​ស្លាប់​ចំនួន​៨១៦​នាក់​និង​របួស​ចំនួន​២.៤៤៩​នាក់ (​របួសធ្ងន់​១.១២៣​នាក់​) អ្នកស្លាប់​ភាគច្រើន​នៅ​រាជធានី​ភ្នំពេញ ១៤៦​នាក់ ខេត្តកំពង់ធំ ៦០​នាក់ និង​ខេត្តកណ្ដាល ៥៩​នាក់​។​

របាយការណ៍​ដដែល​បាន​បន្តថា​មូលហេតុ​នៃ​ការគ្រោះថ្នាក់​ចរាចរណ៍​មកពី​បើកបរ​លើស​ល្បឿន​កំណត់​៣៣% មិន​គោរព​សិទ្ធិ​២៣% មិន​ប្រកាន់​ស្គាំ​១៤% វ៉ា​ជែង​១០% បត់​១០% ស្រវឹង​៦% កត្តា​យានយន្ដ​៤% និង​ងងុយ​១%​។ បើ​ប្រៀបធៀប​ឆមាស​ទី​១ ឆ្នាំ​២០១៩ គ្រោះថ្នាក់​ថយ​ចំនួន​៥៥២​លើក ស្មើ​២៥% (១.៦១៩/២.១៧១​លើក​)​ស្លាប់​ថយ​ចំនួន​១៧២​នាក់​ស្មើ​១៧%(៨៦១/១.០៣៣​នាក់​)​និង​របួស​ថយ​៧៧៨​នាក់ ស្មើ​២៤% (២.៤៤៩/៣.២២៧​នាក់​)៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម