បាយដិននិងហារីសប្តេជ្ញាកសាងអាម៉េរិកឡើងវិញនៅក្រោយជំនាន់ត្រាំ

221
ចែករម្លែក

លោកចូ បាយដិន និងលោកស្រី កាម៉ាឡា ហារីស បានចាប់ផ្តើមការប្រកាយតប្រជែងរួមគ្នារបស់អ្នកទាំងពីរសម្រាប់តំណែងនៅសេតវិមានកាលពីថ្ងៃពុធទី១២សីហា ដោយបេក្ខនារីអនុប្រធានាធិបតីលោកស្រីហារីសនិយាយថាពលរដ្ឋអាម៉េរិកកំពុងស្រែកទាមទារឱ្យមានថ្នាក់ដឹកនាំមួយដើម្បីជម្នះត្រីវិបត្តិ គឺសុខភាព ភាពអយុត្តិធម៌ពូជសាសន៍ និង សេដ្ឋកិច្ចដែលកំពុងរងការបំផ្លាញ។

បង្ហាញខ្លួនជាលើកដំបូងក្នុងនាមជាមិត្តរួមការងារនឹងគ្នានៅចំពោះមុខក្រុមអ្នកសារព័ត៌មាននិងបុគ្គលិកមួយចំនួនតូចនៅឯវិទ្យាល័យមួយនៅរដ្ឋដេឡាវ៉ារីដែលបិទទ្វារជាសាធារណៈដោយសារការបារម្ភអំពីវីរុសកូរ៉ូណា សមាជិកបក្សប្រជាធិបតេយ្យទាំងពីររូបនេះបានប្តេជ្ញាថានឹងបញ្ចប់តំណែងប្រធានាធិបតីរបស់លោកដូណាល់ ត្រាំ ហើយលោកបាយដិនបានប្តេជ្ញាថា “នឹងកសាងប្រទេសនេះឡើងវិញ”។

លោកស្រីហារីសបាននិយាយថា “យើងយកចិត្តទុកដាក់លើអ្វីៗគ្រប់យ៉ាង។ អ្វីៗទាំងនោះកំពុងស្ថិតក្នុងគ្រោះថ្នាក់”។

លោកស្រីហារីស ជាព្រឹទ្ធសមាជិកអាម៉េរិកអាយុ ៥៥ ឆ្នាំមកពីរដ្ឋកាលីហ្វ័រញ៉ានិងជាកូនស្រីរបស់ជនអន្តោប្រវេសន៍ បានបង្កើតប្រវត្តិសាស្រ្តរួចទៅហើយក្នុងនាមជាស្ត្រីស្បែកខ្មៅដំបូងគេដែលត្រូវបានសម្រិតសម្រាំងសម្រាប់ការប្រជែងការបោះឆ្នោតប្រធានាធិបតីរបស់គណបក្សដ៏ធំមួយ។

ពណ៌នាសហរដ្ឋអាម៉េរិកកំពុងនៅលើផ្លូវបំបែក លោកស្រីមិនបានលាក់បាំងសោះឡើយនូវការប្តេជ្ញាចិត្តបន្តវាយប្រហារលើលោកត្រាំ ដោយនិយាយថា ត្រាំមិនសមសម្រាប់ការងារនេះទេ និងធ្វើឱ្យប្រទេសជាតិនេះ “រប៉ាត់រប៉ាយ”។

លោកស្រីហារីសនិយាយថា “ពលរដ្ឋអាម៉េរិកកំពុងស្រែករកថ្នាក់ដឹកនាំមួយ ប៉ុន្តែយើងមានប្រធានាធិបតីដែលយកចិត្តទុកដាក់តែលើខ្លួនឯងច្រើនជាងប្រជាជនដែលបានបោះឆ្នោតជ្រើសរើសគាត់”។

អតីតអគ្គរដ្ឋអាជ្ញារបស់រដ្ឋកាលីហ្វ័រញ៉ារូបនេះបានបន្តថា “ករណីបណ្តឹងប្រឆាំងនឹងលោកដូណាល់ត្រាំនិងលោកម៉ៃ ផេនបានបើកនិងបិទវិញ” ខណៈលោកស្រីវាយប្រហារធ្ងន់ៗលើបរាជ័យរបស់ប្រធានាធិបតីក្នុងការទប់ស្កាត់វីរុសកូរ៉ូណានិងមិនអាចសង្គ្រោះសេដ្ឋកិច្ចអាម៉េរិកបាន។

កូនស្រីរបស់ជនអន្តោប្រវេសន៍ឥណ្ឌានិងចាម៉ៃការូបនេះបានវាយសំពងខ្លាំងៗអំពីភាពវឹកវរទូទាំងប្រទេសជុំវិញអំពើហិង្សារបស់ប៉ូលិសនិងការរើសអើងពូជសាសន៍។

លោកស្រីបាននិយាយថា “យើងកំពុងឆ្លងកាត់ទណ្ឌកម្មពីអតីតកាលផ្នែកសីលធម៌ជាមួយនឹងការរើសអើងជាតិសាសន៍និងភាពអយុត្តិធម៌ជាប្រព័ន្ធ ដែលបាននាំមកនូវការបង្កើតសម្ព័ន្ធមនសិការថ្មីនៅតាមដងផ្លូវនៃប្រទេសរបស់យើង ដែលទាមទារឱ្យមានការផ្លាស់ប្តូរ”។

សម្រាប់លោកបាយដិន ដែលនាំមុខលោកត្រាំនៅក្នុងការបោះឆ្នោតស្ទង់មតិថ្នាក់ជាតិភាគច្រើននិងនាំមុខនៅក្នុងរដ្ឋដែលមានអ្នកគាំទ្រប្រហាក់ប្រហែលគ្នា ដូចជារដ្ឋផ្លរីដានិងរដ្ឋវីស្កន់ស៊ីនត្បិតធ្វើយុទ្ធនាការភាគច្រើនពីផ្ទះរបស់គាត់នៅទីក្រុងវីលមីងតុនក្តី ការបង្ហាញបេក្ខនារីអនុប្រធានាធិបតីរបស់គាត់គឺជាការកត់សម្គាល់ដ៏សំខាន់មួយខណៈដែលរូបលោកមានគោលបំណងបង្កើតសម្ព័ន្ធអ្នកបោះឆ្នោតចម្រុះដើម្បីកម្ចាត់លោកត្រាំ។

លោកបាយដិនបាននិយាយអំពីមូលហេតុដែលគាត់ជ្រើសរើសលោកស្រីហារីសធ្វើជាដៃគូរបស់គាត់ ដោយសង្កត់ធ្ងន់ថា លោកស្រីជាព្រឹទ្ធសមាជិកដ៏តឹងតែងបំផុតនិងមានបទពិសោធន៍ពេញខ្លួន “ដែលត្រៀមលក្ខណៈរួចជាស្រេចដើម្បីធ្វើការងារនេះនៅថ្ងៃទី១”។

លោកនិយាយថា ប្រវត្តិរបស់លោកស្រីហារីសជាកូនរបស់ជនអន្តោប្រវេសន៍និងជាស្ត្រីស្បែកខ្មៅ ដែលតស៊ូរហូតបានតំណែងកំពូលក្នុងរង្វង់ច្បាប់និងនយោបាយអាម៉េរិកអាចនឹងជំរុញទឹកចិត្តរបស់ប្រជាជនទូទាំងប្រទេស៕ ដោយ៖ កញ្ញាថាលីស

ទីតាំងផ្សាយពាណិជ្ជកម្ម