​ចាប់ធ្វើ​កិច្ចសន្យា ហាង​ខារ៉ាអូខេ កាឡាក់ស៊ី​ធូ ដែល​ល្មើ​សនឹង​បម្រាម​

214
ចែករម្លែក

ដោយៈ សាត ចាន់​បុត្រ / មណ្ឌលគិរីៈ យ៉ាងហោចណាស់ កន្លែង​ផ្តល់​សេវាកម្ម ច្រៀង​កម្សាន្ត​ពេល​រាត្រី ចំនួន​បី​ហើយ នៅក្នុង​ខេត្តមណ្ឌលគិរី បាន​រង​នូវ​ការចាប់ធ្វើ​កិច្ចសន្យា ក្រោយពេល​ល្មើសច្បាប់ ជាមួយនឹង​បម្រាម​ហាមឃាត់ ក្នុង​កិច្ចការ​ទប់ស្កាត់ ការឆ្លង​រីក​រាលដាល វីរុស​កូ​វីដ​-១៩​។​

​កន្លែង​ផ្តល់​សេវាកម្ម​ច្រៀង​កម្សាន្ត​ទាំងបី​នោះ គឺ​ត្រូវ​អាជ្ញាធរ និង​សមត្ថកិច្ច​ខេត្ត ដឹកនាំ​ដោយ​លោកស្រី ឧ​ត្ត​ម​សេនីយ៍​ត្រី ហួន គឹម​ហេង ស្នងការរង ទទួល​ផែន​ប្រឆាំង ការជួញដូរ​មនុស្ស និង​កា​ពារ​អនីតិជន នៃ​ស្នងការដ្ឋាន​នគរបាលខេត្តមណ្ឌលគិរី បាន​ចុះ​ចាត់វិធានការ ម្តង​មួយៗនៅក្នុង​រយៈពេលប៉ុន្មាន​ថ្ងៃ កន្លងទៅនេះ និង​បាន​ដកហូត​សម្ភារ​ជាច្រើន ដែលមាន​តម្លៃរាប់ពាន់​ដុល្លារ​អាមេ៉រិក ទៅ​រក្សាទុកនៅ​ស្នងការដ្ឋាន នគរបាលខេត្តមណ្ឌលគិរី​។​

​ជាក់ស្តែង នៅ​ម៉ោង​ប្រមាណ​ជា ១០​និង​២០​នាទី យប់​ថ្ងៃទី​១២ សីហា ២០២០ នៅ​ហាង​ខារ៉ាអូខេ យីហោ ” កាឡាក់ស៊ី​ធូ ” ស្ថិតក្នុង​ភូមិ​ឡា​ប៉ា​ខេ ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី បាន​រង​នូវ​ការចាត់វិធានការ បង្ក្រាប ពេល​កំពុងផ្តល់​សេវាកម្ម ផឹកស៊ី ច្រៀង​ក្នុង​បន្ទប់ បំពាន​ច្បាប់ ។​

​នាយប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ស្រែ​ខ្ទុ​ម លោក ផេង សាវន់ បាន​បញ្ជាក់ថា ការបង្ក្រាប គឺ​ដឹកនាំ​ផ្ទាល់​ពី​លោកស្រី ហួន គឹម​ហេង ស្នងការរង ទទួល​ផែន​ប្រឆាំង ការជួញដូរ​មនុស្ស និង​កា​ពារ​អនីតិជន នៃ​ស្នងការដ្ឋាន​នគរបាលខេត្តមណ្ឌលគិរី ។ លោក បាន​និយាយថា​៖ ក្នុង​ប្រតិបត្តិការ​នេះ សមត្ថកិច្ច បាន​ដកហូត នូវ​សម្ភារ​មានៈ ថាច់​ស្គ្រី​ន​ចំនួន​៣​គ្រឿង​, អំភ្លី​ចំនួន​៣​គ្រឿង​, ក្បាល​មេក្រូ​ចំនួន​៣, ក្បាល​មេក្រូ​ហ្វូ​ន​ចំនួន​៣, អ៊ី​ហ្វេ​ក​ចំនួន​៣, ផ្លាស់​ចំនួន​១​។​

​លោកនាយ​ប៉ុស្តិ៍​បន្តថា គ្រប់​ទីតាំង​កា​រ៉ា​អូ​ខេ​ទាំងអស់​នៅក្នុង​មូលដ្ឋាន​ឃុំ​ស្រែ​ខ្ទុ​ម កន្លងមក​សមត្ថកិច្ច​បាន​ចុះ​ធ្វើ​កិច្ចសន្យា​ឲ្យបញ្ឈប់​ទាំងអស់ ប្រសិនបើ​លបលួច​បើក ច្រៀង​ខារ៉ាអូខេ ម្ចាស់នឹង​ទទួលខុសត្រូវ ចំពោះមុខ​ច្បាប់​ហើយ​។​

​សូមជម្រាបថា នេះ​ជា​ហាង​ខារ៉ាអូខេ​ទី​៣​ហើយ ដែល​រង​ការចាត់វិធានការ បង្ក្រាប​ពី​អាជ្ញាធរ​។ ដោយ​ហាង​ខារ៉ាអូខេ ពីរ​កន្លែង​ផ្សេងទៀត មាន​យីហោ ” រ៉ូយ៉ាល់ ” និង ” វង់​ភ័​ក្រ​ធា​រី ” មាន​ទីតាំងនៅ​កណ្តាលក្រុង​សែន​មនោ​រម្យ បាន​រង​នូវ​ការបង្ក្រាប មុនគេ ៕​ /Ha

ទីតាំងផ្សាយពាណិជ្ជកម្ម