អាជ្ញាធរ​ជាតិ​អប្សរា រៀបចំ​សិក្ខាសាលា ស្តីអំពី ប្រព័ន្ធគ្រប់គ្រង បរិស្ថាន​អង្គរ សម្រាប់​ឆ្នាំ​២០២០

192
ចែករម្លែក

ដោយ​៖ គូលែន​/ សៀមរាប​: អាជ្ញាធរ​ជាតិ​អប្សរា បានរៀបចំ​សិក្ខាសាលា​មួយ ស្តីអំពី​ប្រព័ន្ធគ្រប់គ្រង​បរិស្ថាន​អង្គរ សម្រាប់​ឆ្នាំ​២០២០​។ សិក្ខាសាលា​នេះ បានរៀបចំ​ឡើង នៅ​ស្នាក់ការ​អាជ្ញាធរ​ជាតិ​អប្សរា កាលពី​ព្រឹក ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០២០ ដោយមាន​ការចូលរួម​ពី​លោក សុខ លក្ខិណា តំណាង​គ្រប់គ្រង​បរិស្ថាន​អង្គរ​។​

​លោក សុខ លក្ខិណា តំណាង​គ្រប់គ្រង​បរិស្ថាន​អង្គរ បាន​និយាយថាៈ សិក្ខាសាលា​នេះ មាន​គោលបំណង​ផ្សព្វផ្សាយ សៀវភៅ​ប្រើប្រាស់ ប្រព័ន្ធគ្រប់គ្រង បរិស្ថាន​-​អង្គរ ស្វែងយល់ និង​ចូលរួម​ការពារ​បរិស្ថាន ក្នុង​តំបន់​អង្គរ​។​

​លោក​បាន​បន្តថាៈ សិក្ខាសាលា ថ្ងៃនេះ ជាការ​រំឭក​ឡើងវិញ និង​ឆ្លុះ​ប​ញ្ជាំ​ង​តថភាព​ខ្លះ ដែល​បាន​ឆ្លងកាត់ ការអនុវត្ត កន្លងមក​។ ការអនុវត្ត​ការងារ គ្រប់គ្រង​បរិស្ថាន គឺជា​ការគ្រប់គ្រង ការងារ​ទាំងស្រុង ហើយ​ការងារ​នេះ មាន​ជា​ប្រព័ន្ធ​។ បើទោះបី ឆ្នាំ​២០២០ នេះ ពិភពលោក ទទួលផល​ប៉ះពាល់ គ្រប់​វិស័យ​យ៉ាងធ្ងន់ធ្ងរ ពី​ជំងឺ​កូ​វីដ ១៩ រាតត្បាត រួមទាំង​ប្រទេស​កម្ពុជា ពិសេស​តំបន់​រមណីយដ្ឋាន​អង្គរ ក៏​អាជ្ញាធរ​ជាតិ​អប្សរា ឆ្លៀត​យក​ផល​លំបាក​នេះ ប្រែជា​សក្កា​នុ​ភាព ដើម្បី​ពង្រឹង​ការថែទាំ កែលម្អ​ឱ្យ​កាន់តែ ល្អប្រសើរ​ឡើង​។ ជាក់ស្តែង ការរៀបចំ​រចនា​សម្ព​ន្ធ សួនច្បារ ប្រព័ន្ធ​ស្រោចស្រព​ស្មៅ នៅ​បរិវេណ​ប្រាសាទអង្គរវត្ត​។​

​លោក​បាន​បញ្ជាក់ថាៈ ការថែរក្សា​បេតិកភណ្ឌ និង​ថែរក្សា​បរិស្ថាន នៅ​តំបន់​ឧទ្យាន​អង្គរ ទាំងមូល សំខាន់​ណាស់ ដែល​អាជ្ញាធរ​ជាតិ​អប្សរា ភាគី​ពាក់ព័ន្ធ ទាំងអស់ បាន​ខិតខំ​កន្លងមក ឱ្យ​រីកចម្រើន​គ្រប់​វិស័យ ក្នុងការ​ទាក់ទាញ​ភ្ញៀវទេសចរ ឱ្យ​កើន​ឡើងជា​លំដាប់​។ ដើម្បី​រក្សា​ឱ្យបាន រមណីយដ្ឋាន​ធម្មជាតិ រក្សា​ធម្មជាតិ កាន់តែ​ប្រសើរឡើង អាជ្ញាធរ​ជាតិ​អប្សរា បានរៀបចំ​ប្រព័ន្ធគ្រប់គ្រង បរិស្ថាន​មួយ ប្រកបដោយ​ប្រសិទ្ធិភាព និង​និរន្ត​ភាព ដែល​អនុលោម​តាម ស្តង់ដារ ISO 14001 ដែលមាន​ការចូលរួម តាមដាន​របស់ ស្ថាប័ន​ធានា​គុណភាព ជប៉ុន Japan Quality Assurance (JQA)​។​

​លោក​បាន​បន្ថែមថាៈ មកដល់ពេលនេះ ក្រុមការងារ បាន​អនុវត្តតាម​ស្តង់ដារ តាំងពី ISO14001 ឆ្នាំ​២០០៤ ដល់​ឆ្នាំ​២០១៨ អនុវត្ត​ស្តង់ដារ​ថ្មី គឺ ISO 14001:2015 ដែលមាន​ការកែប្រែ​ខ្លះ​។ នៅ​ខែកុម្ភៈ ឆ្នាំ​២០២១​នេះ ជា​ឆ្នាំ​ចុងក្រោយ ដែល​នឹង​អស់​សុពលភាព វិញ្ញាបនបត្រ ស្រប​ពេលដែល សវន​ករ​តំណាង​ស្ថាប័ន JQA ចុះមក​ពិនិត្យ តាមដាន ដើម្បី​បញ្ជា​ក់នូវ​ភាព​អនុលោម ជាប្រចាំ​ថ្ងៃ នៃ​ប្រព័ន្ធគ្រប់គ្រង​បរិស្ថាន នៅក្នុង​រយៈពេល នៃ​សុពលភាព ៣ ឆ្នាំ នៃ​ស្ដង់ដា ISO14001: 2015​។​

​ក្នុង​សិក្ខា​សិលា​នេះ ក៏បាន​ធ្វើ​បទ​បង្ហាញ ស្តីពី​ការគ្រប់គ្រង​បរិស្ថាន ក្នុង​តំបន់​អង្គរ សៀវភៅ​ប្រើប្រាស់ ប្រព័ន្ធគ្រប់គ្រង​បរិស្ថាន​-​អង្គរ ការចូលរួម​សម្អាត រមណីយដ្ឋាន​អង្គរ សំណួរ​-​ចម្លើយ មតិ និង​សំណូមពរ សម្រាប់​សិក្ខាកាម លើក​ឡើងដល់​វាគ្មិន​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម