​រីករាយ​ទិវា​សត្វ​ដំរី ពិភពលោក ១២ សីហា​

206
ចែករម្លែក

​ដោយ​៖ មូល សម្បត្តិ / ភ្នំពេញ​៖ ដំរី គឺជា​ថនិកសត្វលើគោក ដែលមាន​មាឌធំ​ជាងគេ ហើយ​វា​ក៏​ជាស​ត្វ​មួយ ដែលមាន​ភាព​វៃឆ្លាត ហើយ​រស់នៅ​ជា​ហ្វូង​។ តំបន់​ព្រៃ​ទេសភាពភាគ​ខាងកើត ក្នុង​ខេត្តមណ្ឌលគិរី ជា​តំបន់​ដែលមាន​សត្វ​ដំរី​អាស៊ី រស់នៅ​ច្រើនជាងគេនៅក្នុង​ប្រទេស​កម្ពុជា សរុប​ចំនួន​ជាង ៣០០ ក្បាល (​យោងតាម លទ្ធផល​ស្រាវជ្រាវ​បឋម ផ្តោតលើ​ឌី​អិន​អេ ឆ្នាំ​២០១៥ )​។ នេះ​បើតាម​ផ្សាយ របស់​អង្គការ WWF ប្រចាំ​នៅ​កម្ពុជា បានឲ្យដឹង នៅ​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០២០ នេះ ។​

​អង្គការ WWF ប្រចាំ​នៅ​កម្ពុជា បានឲ្យដឹងថាៈ ទោះបីជា​យ៉ាងនេះ​ក្តី ថនិកសត្វ​ព្រៃ មួយ​ប្រភេទ​នេះ កំពុង​ទទួលរង​សម្ពាធយ៉ាងធ្ងន់ធ្ងរ ដោយសារ​ការ បាត់បង់​ទីជម្រក ការ​បរបាញ់​ខុសច្បាប់ ការដាក់​អន្ទាក់ និង​ការជួញដូរ​សត្វព្រៃខុសច្បាប់​។ អង្គការ WWF ត្រៀមខ្លួន​ជាស្រេច ដើម្បី​គាំទ្រ​ដល់​ការអនុវត្តន៍ផែនការ​សកម្ម​ភាពជា​តិ សម្រាប់​ការអភិរក្សសត្វ​ដំរី​អាស៊ី របស់​រដ្ឋាភិបាល ដែល​ដឹកនាំ​ដោយ ក្រសួងបរិស្ថាន ក្នុងការ​ការពារ​សត្វ ដែលជា​ប្រភេទជិត​ផុត​ពូជ មួយ​នេះ កុំឲ្យ​បាត់បង់ ពី​ប្រទេស​កម្ពុជា​។​

​កម្មវិធី​តាមដាន និង​ស្រាវជ្រាវ​សត្វព្រៃ ដែល​អនុវត្ត ដោយ​អង្គការ WWF មានការ​គាំទ្រ​ថវិកា​ពី ទីភ្នាក់ងារ​ជំនួយ​អាម៉េរិក (USAID), Humanscale, Darwin Initiative, UNEP និង WWF-Belgium ។​

​លោក ឃុន ឌី​យ៉ូន ប្រធាន​សមាគម អភិរក្ស​សត្វ​ដំរី​កម្ពុជា ប្រចាំខេត្ត​មណ្ឌលគិរី បាន​សរសេរ ក្នុង​បណ្តាញ​សង្គម facebook របស់គាត់​ថា​៖ ” ស្នើ​សូម​អំពាវនាវ បញ្ឈប់​ការ​ជិះ​ដំរីតទៅទៀត ” ។ តែ​តាម​ការហៅ​តាម​ទូរស័ព្ទ ទៅកាន់​ប្រធាន​សមាគម អភិរក្ស​សត្វ​ដំរី​កម្ពុជា ប្រចាំខេត្ត​មណ្ឌលគិរី ដើម្បី​បញ្ជាក់​ព័ត៌មាន​បន្ថែម គឺ​មិនអាច​ទា​ក់​ទង​បានទេ នៅ​ព្រឹក​ថ្ងៃទី​១៣ ខែសីហា នេះ ដោយ​ទូរស័ព្ទ​រោទ៍ តែ​គ្មាន​អ្នក​លើក ៕ ល​/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម