មនុស្សស្រីនៅក្នុងកុលសម្ព័ន្ធស៊ូរីទាល់តែចោះបបូរមាត់ដាក់ចានសំប៉ែតទើបអាចរកប្តីបាន

800
ចែករម្លែក

រូបភាពគួរឱ្យចាប់អារម្មណ៍ជាច្រើនបានផ្តិតយកស្ត្រីនៃកុលសម្ព័ន្ធស៊ូរីដែលចោះបបូរមាត់ឱ្យប្រហោងនៅអាយុ១២ឆ្នាំដើម្បីដាក់ចានសំប៉ែត្រទំហំរហូតដល់ ១៦ អ៊ីញជានិមិត្តរូបនៃសម្រស់។

រូបភាព ដែលបានថតដោយលោករ៉ាអ៊ូល បារ៉េរ៉ូ អាយុ ៣៩ ឆ្នាំមកពីទីក្រុងអាលីកាន់តេ ប្រទេសអេស្ប៉ាញ បង្ហាញស្ដ្រីជាមេគ្រួសារកុលសម្ព័ន្ធស៊ូរីពាក់ចានដីឥដ្ឋនៅនឹងបបូរមាត់ ខណៈពួកគេឈរឱ្យថតរូបនៅឯតំបន់គីប៊ីសនៃជ្រលងភ្នំអូម៉ូប្រទេសអេត្យូពី។

រូបភាពមួយបានបង្ហាញស្ត្រីម្នាក់ដោះចានដីឥដ្ឋចេញដើម្បីបង្ហាញបបូរមាត់យារធ្លាក់របស់នាង បន្ទាប់ពីពាក់ចានជាច្រើនឆ្នាំ។

រូបថតមួយសន្លឹកទៀតបានបង្ហាញស្ត្រីចំណាស់ម្នាក់ជក់ស្លឹកថ្នាំតាមបំពង់មូលមួយ ខណៈពាក់ចានដែលមានអង្កត់ផ្ចិត ១០ អ៊ីញនៅលើបបូរមាត់។

ប្រើជានិមិត្តសញ្ញានៃឋានៈសង្គម ចានលើបបូរមាត់កាន់តែធំ ឪពុករបស់ក្មេងស្រីអាចទាមទារចំណងដៃជាគោក្របីបានកាន់តែច្រើន នៅពេលដែលកូនស្រីរបស់គាត់រៀបការ។ គោក្របីមានសារៈសំខាន់ខ្លាំងណាស់ចំពោះប្រជាជនស៊ូរី ព្រោះវាជាសញ្ញាសម្គាល់នៃទ្រព្យសម្បត្តិស្តុកស្តម្ភ។

ទោះបីឥឡូវមិនសូវមានប្រជាប្រិយភាពក្នុងចំណោមនារីវ័យក្មេងក៏ដោយ ក៏ប៉ុន្តែស្ត្រីភាគច្រើននៅក្នុងកុលសម្ព័ន្ធស៊ូរីបានដកធ្មេញក្រោមចេញនិងចោះបបូរមាត់បន្ទាប់មកទាញឱ្យយឺតដើម្បីដាក់ចានចូល ជាទំនៀមទម្លាប់មួយអនុវត្តចំពោះក្មេងស្រីដែលមានអាយុចាប់ពី ១២ ឆ្នាំឡើងទៅ។

នៅពេលពេញវ័យ ក្មេងស្រីភាគច្រើនបានដកធ្មេញក្រោមចំនួនពីរដើម្បីចោះបបូរមាត់ក្រោមដាក់ចាន។ ការដកធ្មេញនេះធ្វើឡើងជាធម្មតាមួយឆ្នាំមុនពេលពួកគេរៀបការ។

ជួនកាលគេថែមទាំងដកធ្មេញដល់ទៅបួនដើម្បីអាចដាក់ចានបានធំជាងនេះ ព្រោះគេជឿថាទំហំចានតំណាងឱ្យសារៈសំខាន់កាន់តែធំនៃសង្គមនិងសេដ្ឋកិច្ចចំពោះកុលសម្ព័ន្ធស៊ូរី។

ស្ត្រីនិងកុមារនៅក្នុងកុលសម្ព័ន្ធនេះក៏តុបតែងខ្លួនពួកគេជាមួយនឹងដីឥដ្ឋពណ៌សនិងផ្កានៅលើក្បាលផងដែរ៕ ដោយ៖ កញ្ញាដាលីស

ទីតាំងផ្សាយពាណិជ្ជកម្ម