អា​មេរិ​កសម្លឹង​ទៅ​រុស្ស៊ី ចំ​ពេល​មាន​របាយការណ៍​ថា​ជន​ស៊ីវិល​រង​ឧស្ម័ន​ពុល​នៅ​ស៊ី​រី​

3450
ចែករម្លែក

អាមេរិក​បាន​ថ្កោលទោស​ជា​ខ្លាំង​ចំពោះ​ការប្រើ​សព្វាវុធ​គីមី​នៅ​តំបន់​ហ្គោ​តា​ខាងកើត​របស់​ស៊ី​រី​កាលពី​យប់​ថ្ងៃ​សៅរ៍ ដោយ​ថា​រុស្ស៊ី ទទួលខុសត្រូវ​ខ្លះ​ដោយសារតែ​ខ្លួន​​គាំទ្រ​របប​គ្រប់គ្រង​ស៊ី​រី​។​

​ដូ​ម៉ា ទីតាំង​ចុងក្រោយ​របស់​ក្រុមប្រឆាំង​ស៊ី​រី​នៅក្នុង​ហ្គោ​តា​ខាងកើត បាន​រង​ការវាយប្រហារ​តាម​ផ្លូវអាកាស​ជាថ្មី ហើយ​បើ​តាម​របាយការណ៍ ជន​ស៊ីវិល​ដល់​ទៅ​៧០​នាក់​ត្រូវបាន​សម្លាប់​នៅ​រយៈពេល​២៤​ម៉ោង ខណៈ​១១​នាក់​ទទួល​បញ្ហា​ដង្ហើម​ជាហេតុ​នាំ​អោយ​មាន​ការចោទប្រកាន់​ថា កងកម្លាំង​របស់​ប្រធានាធិបតី បាស​សា អាល់​​អា​សាត ប្រើ​ឧស្ម័ន​ពុល​។​

​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​អាមេរិក ហ៊ី​ធឺ ណោ​អឺ បាន​និយាយថា​«​របប​អាសាត​និង​អ្នកគាំទ្រ​វា​ត្រូវ​ទទួលខុសត្រូវ ហើយ​ការវាយប្រហារ​ណាមួយ​បន្ថែម​ត្រូវ​តែ​រារាំង​​ភ្លាម​។​រុស្ស៊ី ជាមួយ​នឹង​ការគាំទ្រ​គ្មាន​ងាករេ​លើ​របប​នេះ ទទួលខុសត្រូវ​ចំពោះ​ការវាយប្រហារ​ដ៏​សាហាវ​ទាំងនេះ​»​។​

​លោកស្រី​ណោ​អឺ បានលើកឡើង​សាជាថ្មី​ចំពោះ​ការអះអាង​របស់​អាមេរិក​កាលពី​មុន​ថា រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​រំលោភ​ការសន្យា​របស់​ខ្លួន​ចំពោះ​អង្គការសហប្រជាជាតិ​​និង​ចោទ​ជា​សំណួរ​ចំពោះ​ការសន្យា​តាំងចិត្ត​របស់​រដ្ឋាភិបាល​វិមាន​ក្រឹម​ឡាំង​ក្នុង​ការបញ្ចប់​វិបត្តិ​។​

​សូមបញ្ជាក់​ថា របប​ដឹកនាំ​ស៊ី​រី ត្រូវបាន​ចោទប្រកាន់​ម្តង​ហើយ​ម្តងទៀត​ថា​ប្រើ​អាវុធ​គីមី​ហើយ​សូម្បី​តែ​អង្គការសហប្រជាជាតិ​បាន​បន្ទោស​កងក​ម្លាំងរដ្ឋាភិបាល​ថា​វាយ​​ប្រហារ​ដោយ​ឧស្ម័ន​សារី​ន​លើ​ភូមិ​មួយ​របស់​កម្លាំង​ប្រឆាំង​កាលពី​ឆ្នាំ​២០១៧​។​

​ចាប់តាំងពី​ខែ​កុម្ភៈ​មក ការវាយប្រហារ​លើ​តំបន់​ហ្គោ​តា​ខាងកើត​ពី​សំណាក់​កម្លាំង​រដ្ឋាភិបាល​បានសម្លាប់​ជន​សី​វិល​ជាង​១.៦០០​នាក់​៕​ដោយ​៖​វាសនា​

​កងកម្លាំង​នៃ​របប​ស៊ី​រី កំពុង​រុល​ទៅ​ទីប្រជុំជន​មួយ នៅ​ទីតាំង​ចុងក្រោយ​របស់​កម្លាំង​ប្រឆាំង​ស៊ី​រី​នៅ​តំបន់​ហ្គោ​តា​ខាងកើត​

ទីតាំងផ្សាយពាណិជ្ជកម្ម