​ជួសជុល​និង​ស្តារ​ប្រព័ន្ធ​បង្ហូរទឹក​ចាស់​នៅលើ​ស្ពាន​ហាល​ខាងលិច​ប្រាសាទអង្គរវត្ត​ឡើងវិញ​

212
ចែករម្លែក

​ដោយ​:​អង្គរតូច​/​សៀមរាប​៖​អាជ្ញាធរ​ជាតិ​អប្សរា នៅ​ព្រឹក​ថ្ងៃទី​១៣​ខែសីហា​ឆ្នាំ​២០២០​នេះ បាន​ជួសជុល​និង​ស្តារ​ប្រព័ន្ធ​បង្ហូរទឹក​ចាស់ នៅលើ​ស្ពាន​ហាល​ខាងលិច​ប្រាសាទអង្គរវត្ត ដើម្បីឱ្យ​ដំណើរការ​ឡើងវិញ​។​

​លោក​ឡុង កុសល អ្នកនាំពាក្យ​អាជ្ញាធរ​អប្សរា​បានឱ្យដឹងថា ក្នុង​គោលបំណង​សង្គ្រោះ​រចនាសម្ព័ន្ធ​ស្ពាន​ហាល​ខាងលិច​ប្រាសាទអង្គរវត្ត​កុំឱ្យ​ថ្ម​ងាយ​ខូច​ពុកផុយ​ដោយសារ​បញ្ហា​ទឹក​ដក់ ទឹក​ហូរ​ច្រោះ​នា​រដូវវស្សា ។​នាយកដ្ឋាន​គ្រប់គ្រង​ទឹក​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​ជួសជុល​និង​ស្តារ​ប្រព័ន្ធ​បង្ហូរទឹក​ចាស់​នៅលើ​ស្ពាន​ហាល​ឱ្យ​ដំណើការ​ឡើងវិញ​។​ប្រព័ន្ធ​បង្ហូរទឹក​នេះ​ត្រូវបាន​បារាំង​រៀបចំឡើង​នៅពេល​ជួសជុល​ស្ពាន​ហាល​កាលពីពេល​កន្លងមក​ប៉ុន្តែ​ពុំបាន​បន្សល់ទុក​នូវ​ប្លង់​បច្ចេកទេស​លម្អិត​ទេ​។

​លោក​បន្តថា​ដើម្បី​អនុវត្ត​ការងារ​ស្តារ​ប្រព័ន្ធ​ឱ្យបាន​ជោគជ័យ​ក្រុម​អ្នកបច្ចេកទេស​នៃ​នាយកដ្ឋាន​គ្រប់គ្រង​ទឹកបាន​ប្រើប្រាស់​ឧបករណ៍​ទំនើប​បែប​វិទ្យាសាស្ត្រ Drain and Pipe Inspection Camera ដែលជា​ប្រភេទ​ម៉ាស៊ីន​កាមេរ៉ា​ខ្សែ​សម្រាប់​ថត​ពិនិត្យ​បញ្ហា​ដែល​កកស្ទះ​ក្នុង​ប្រព័ន្ធ​បង្ហូរទឹក​ដោយ​មិនចាំបាច់​ប្រើប្រាស់​កម្លាំង​មនុស្ស​ជា​អ្នក​លើកដាក់​ថ្ម​ឡើយ​។

​លោក​បាន​ឱ្យដឹងទៀតថា បន្ទាប់ពី​កំណត់​បាន​នូវ​បញ្ហា​ដែល​កើតមាន​ខាងក្នុង​ហើយ ក្រុម​អ្នក​បច្ចេក ទេស បាន​ប្រើ​ម៉ាស៊ីន Drain Cleaning Machin S-200 ដើម្បី​ខួង​លាង​សម្អាត​រន្ធ​កកស្ទះ​ទាំងនោះ​ចេញ​។ បំពង់​ខួង​អាច​បត់បែន​បាន​តាម​សណ្ឋាន​នៃ​ប្រព័ន្ធ​បង្ហូរទឹក​ចាស់ ហើយ​នៅពេលនេះ​ប្រព័ន្ធ​រំដោះ​ទឹក​នៅលើ​ផ្លូវ​ដើរ ស្ពាន​ហាលមុខ​ប្រាសាទអង្គរវត្ត​ខាងលិច​មានដំណើរ​ការ​ឡើងវិញ​ហើយដោយ​ពុំមាន​ដក់​ទឹក​ទៀត​ទេ​។​

លោក​បញ្ជាក់ថា ក្រុម​អ្នកបច្ចេកទេស​អះអាងថា បញ្ហាសំខាន់​ដែល​ធ្វើឱ្យ​កមាន​ការកកស្ទះ​គឺ​ដោយ សារ​មាន​កម្ទេចកម្ទីរ សំរាម​ប្លា​ស្ទិ​ច និង​ដី​បិទ​ជិត​។ ដូច្នេះ​ដើម្បីឱ្យ​ប្រព័ន្ធ​រំដោះ​ទឹក​អាច​ដំណើរការ​ឡើងវិញ ក្រុម​អ្នកបច្ចេកទេស​បាន​សម្អាត​រន្ធ​បង្ហូរទឹក​សរុប​ទាំងអស់​ចំនួន​៧​កន្លែង​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម