រុស្ស៊ីហៅការបារម្ភជាអន្តរជាតិលើវ៉ាក់សាំងរបស់ខ្លួនថា “គ្មានមូលដ្ឋាន”

182
ចែករម្លែក

រុស្ស៊ីបានច្រានចោលការព្រួយបារម្ភជាអន្តរជាតិចំពោះសុវត្ថិភាពនៃវ៉ាក់សាំងកូវីដ១៩ផលិតក្នុងស្រុករបស់ខ្លួនថា “គ្មានមូលដ្ឋាន”។

កាលពីថ្ងៃអង្គារទី១១សីហា រុស្ស៊ីនិយាយថា វ៉ាក់សាំងមួយត្រូវបានផ្តល់ការយល់ព្រមស្របច្បាប់ បន្ទាប់ពីការធ្វើតេស្តតិចជាងពីរខែលើមនុស្ស។

ប៉ុន្តែក្រុមអ្នកជំនាញបានលើកឡើងពីការព្រួយបារម្ភអំពីល្បឿនឆាប់រហ័សពេកនៃការងាររបស់រុស្ស៊ីនិងប្រទេសច្រើនឡើងបានសម្តែងការសង្ស័យ។

អ្នកវិទ្យាសាស្ត្រនៅប្រទេសអាល្លឺម៉ង់បារាំងអេស្ប៉ាញនិងសហរដ្ឋអាម៉េរិកសុទ្ធតែជំរុញឱ្យមានការប្រុងប្រយ័ត្ន។

រដ្ឋមន្រ្តីក្រសួងសុខាភិបាលរុស្ស៊ីលោក មីខាអ៊ីល មូរ៉ាសាកូ បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Interfax កាលពីថ្ងៃពុធទី១២សីហាថា “វាហាក់ដូចជាមិត្តបរទេសរបស់យើងកំពុងជ្រួតជ្រាបពីឧត្តមភាពប្រកួតប្រជែងជាក់លាក់នៃថ្នាំរុស្ស៊ីនិងកំពុងព្យាយាមបញ្ចេញមតិដែលគ្មានមូលដ្ឋានទាំងស្រុង”។

លោកបានបន្ថែមថាវ៉ាក់សាំងនេះនឹងមានលក់ក្នុងពេលឆាប់ៗនេះ។

លោកមូរ៉ាសាកូនិយាយថា “កញ្ចប់ថ្នាំវ៉ាក់សាំងដំបូងនឹងត្រូវបានទទួលក្នុងរយៈពេល ២ សប្តាហ៍ខាងមុខនេះ ជាពិសេសសម្រាប់គ្រូពេទ្យ”។

ក្រុមមន្ត្រីរុស្ស៊ីនិយាយថា ពួកគេមានផែនការផលិតវ៉ាក់សាំងទ្រង់ទ្រាយធំនៅខែតុលា។

ការប្រកាសកាលពីថ្ងៃអង្គារត្រូវបានធ្វើឡើងដោយប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន ដែលនិយាយថា វ៉ាក់សាំងនេះបានឆ្លងកាត់រាល់ការត្រួតពិនិត្យចាំបាច់អស់ហើយនិងបានចាក់ឱ្យកូនស្រីរបស់គាត់រួចហើយដែរ។

ប៉ុន្តែអង្គការសុខភាពពិភពលោកនិយាយថាខ្លួនកំពុងពិភាក្សាជាមួយអាជ្ញាធររុស្ស៊ីអំពីការរៀបចំពិនិត្យមើលវ៉ាក់សាំង ដែលគេដាក់ឈ្មោះថា Sputnik-V។

វ៉ាក់សាំងនេះមិនស្ថិតក្នុងបញ្ជីរបស់វ៉ាក់សាំងចំនួន ៦ របស់អង្គការសុខភាពពិភពលោក ដែលបានឈានដល់ដំណាក់កាលទី ៣ នៃការសាកល្បងព្យាបាលលើមនុស្សនោះទេ៕ ដោយ៖ កញ្ញាដាលីស

ទីតាំងផ្សាយពាណិជ្ជកម្ម