ស្តេច​ថៃ​ធ្វើ​ជា​អធិ​ប​តី​នៃ​ការស្បថ​ចូលកាន់​តំណែង​គណៈរដ្ឋមន្ត្រី តែ​នៅ​ស្ងៀម​អំពី​ការទាមទារ​កែ​ទំរង់​

210
ចែករម្លែក

​ស្តេច​ថៃ ព្រះ​ចៅ មហា វេច​រ៉ា​ឡុងកន កាលពី​ថ្ងៃ​ពុធ​ទី​១២​សីហា​បាន​ធ្វើ​ជា​អធិបតី​នៃ​ការស្បថ​ចូលកាន់​តំណែង​គណៈ​រដ្ឋ​ថ្មី ដោយ​ទ្រង់​បាន​អំពាវនាវ​សុំ​«​សន្តិភាព​និង​សណ្តាប់ធ្នាប់​»​តែ​មិន​បាន​មានបន្ទូល​​អំពី​ការប្រឆាំង​តវ៉ា​របស់​ក្រុមនិស្សិត​កាលពី​ពេល​ថ្មីៗ ដែល​បាន​ទាម​តារ​អោយមាន​ការកែ​ទំរង់​របបរាជានិយម​នោះទេ​។​

​ពិធី​នេះ​កត់សំគាល់​ការបង្ហាញ​ព្រះ​ភ​ក្រ​ព្រះមហាក្សត្រ​ថៃ​ជា​សាធារណៈ​លើកដំបូង ចាប់តាំងពី​បាតុកម្ម​និស្សិត​អំពាវនាវ​អោយ​កាត់​តម្រឹម​អំណាច​ដែល​ស្តេច​ថ្មី វេច​រ៉ា​ឡុងកន បាន​កេណ្ឌ​ប្រមូល​ចាប់​តាំង​​ពី​ព្រះ​បិតា​របស់​ទ្រង់​សោយ​ទិវង្គត​នៅ​ឆ្នាំ​២០១៦​។​

​ស្តេច ដែល​ក៏​ជា​ប្រមុខរដ្ឋ បាន​ជូនពរ​សមាជិក​គណៈរដ្ឋមន្ត្រីថ្មី អោយ​ពួកគេ​មាន​សុខភាព​ល្អ​និង​បញ្ញា​វៀងវៃ​ព្រមទាំង​កម្លាំង​ពលំ​ដើម្បី​បំពេញភារកិច្ច​ស្រប​ទៅតាម​សម្បថ​របស់គេ​។​ព្រះអង្គ​ក៏​បង្ហាញ​ព្រះ​​ហ​ឬ​ទ័យ​អោយ​ប្រជាជន និង​រដ្ឋ​មាន​សុភមង្គល ព្រម​ទាំង​ប្រទេស​មាន​សណ្តាប់ធ្នាប់​និង​សន្តិភាព​។​ទោះជា​យ៉ាងណា​ទ្រង់​មិន​បាន​មានបន្ទូល​អំពី​ការប្រឆាំង​តវ៉ា​របស់​ក្រុមនិស្សិត ដែល​ការតវ៉ា​ប្រឆាំង​ខ្លះ​​បាន​បំពាន​ច្បាប់​ហាម​ប្រមាថ​ព្រះមហាក្សត្រ ។​

​នាយករដ្ឋមន្ត្រី ប្រា​យុទ្ធ ចាន​អូ​ចា កាលពី​ថ្ងៃ​អង្គារ បាន​និយាយថា បាតុករ​និស្សិត​រាប់ពាន់​នាក់​បាន​«​ទៅ​ហួស​ឆ្ងាយ​» ក្រោយពី​ក្រុម​នេះ​បាន​អំពាវនាវ​១១​ចំណុច​អោយមាន​ការកែ​ទំរង់​របបរាជានិយម​។​

​តាំងពី​មុន​មក មិន​មាន​មេដឹកនាំ​បាតុកម្ម​ណា​ម្នាក់​ត្រូវបាន​ចោទប្រកាន់​ទេ​នៅក្រោម​ច្បាប់​ប្រឆាំង​ការប្រមាថ​ព្រះមហាក្សត្រ តែ​មេដឹកនាំ​សំខាន់​២​នាក់​ត្រូវបាន​ចាប់ខ្លួន​កាលពី​សប្តាហ៍​មុន​ពី​បទ​បះបោរ​​និង​រំលោភ​បំរាម​ជួបជុំ​ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​វីរុស​កូរ៉ូណា​។​

​សូមបញ្ជាក់​ថា ការស្បថ​ចូលកាន់​តំណែង​សមាជិក​គណៈរដ្ឋមន្ត្រី​ថ្មី​នេះ​កើតឡើង​ក្រោយ​ការលាឈប់​សមាជិក​ចាស់​ចំនួន​៦​រូប​កាលពី​ខែ​មុន​ចំ​ពេល​គណបក្សកាន់អំណាច​មាន​ជម្លោះ​ផ្ទៃក្នុង​និង​រដ្ឋា​ភិ​​បាល​ប្រឈម​ចលនា​ប្រឆាំង​តវ៉ា​កាន់តែខ្លាំង​ឡើង​ពី​មួយថ្ងៃ​ទៅមួយថ្ងៃ​៕​ប្រែ​សម្រួល​៖​វាសនា​

នាយករដ្ឋមន្ត្រី ប្រា​យុទ្ធ ចាន​អូ​ចា ដឹកនាំ​សមាជិក​គណៈរដ្ឋមន្ត្រី​ថ្មី​ស្បថ​នៅ​ចំពោះ​ព្រះ​ភ​ក្រ​ស្តេច​ថៃ​កាលពី​ថ្ងៃ​១២​សីហា​នៅក្នុង​វាំង​នា​ក្រុង​បាងកក​

ទីតាំងផ្សាយពាណិជ្ជកម្ម