ក្រុមអ្នកវិទ្យាសាស្ត្រថៃចាប់ប្រចៀវដើម្បីស្វែងរកដានមេរោគកូរ៉ូណា

417
ចែករម្លែក

ក្រុមអ្នកស្រាវជ្រាវនៅក្នុងប្រទេសថៃបានដើរលុកតាមទីជនបទនានាដើម្បីចាប់សត្វប្រចៀវនៅក្នុងរូងភ្នំក្នុងគោលបំណងតាមដានប្រភពដើមនៃមេរោគកូរ៉ូណា។

យោងតាមទិន្នន័យរបស់សាកលវិទ្យាល័យចនហប់ឃីនបានឱ្យដឹងថា ការស្រាវជ្រាវដំបូងៗបានចង្អុលបង្ហាញសត្វប្រចៀវជាប្រភពនៃវីរុសកូរ៉ូណា ដែលបានចម្លងដល់មនុស្សជាង ២០,៥ លាននាក់និងបណ្តាលឱ្យមនុស្សស្លាប់ជាង ៧៤៨.០០០ នាក់នៅទូទាំងពិភពលោក។ ភាពត្រូវគ្នាកៀកបំផុតទៅនឹងវីរុសកូរ៉ូណាត្រូវបានរកឃើញនៅក្នុងសត្វប្រចៀវក្រចកសេះនៅខេត្តយូនណានភាគខាងត្បូងប្រទេសចិន។

ថៃមានសត្វប្រចៀវក្រចកសេះចំនួន ១៩ ប្រភេទ ប៉ុន្តែក្រុមអ្នកស្រាវជ្រាវនិយាយថា ពួកវាមិនទាន់ត្រូវបានធ្វើតេស្តរកមើលមេរោគកូរ៉ូណានៅឡើយទេ។

ក្រុមអ្នកស្រាវជ្រាវជនជាតិថៃបានឡើងភ្នំមួយនៅឧទ្យានជាតិសៃយ៉ក់នៅខេត្តកាញ់ចាណាបុរីភាគខាងលិចដើម្បីរៀបចំសំណាញ់ដើម្បីចាប់សត្វប្រចៀវប្រមាណ ២០០ ក្បាលចេញពីរូងភ្នំបីផ្សេងគ្នា។

ក្រុមការងារមកពីមជ្ឈមណ្ឌលវិទ្យាសាស្ត្រសុខាភិបាលផ្នែកជំងឺឆ្លងថ្មីៗនៃកាកបាទក្រហមថៃបានយកសំណាកទឹកមាត់ឈាមនិងលាមកពីសត្វប្រចៀវ មុនពេលព្រលែងពួកវាវិញ។ ពួកគេធ្វើការពេញមួយយប់និងឈានដល់ថ្ងៃបន្ទាប់ ដោយប្រមូលយកសំណាកមិនត្រឹមតែពីប្រចៀវក្រចកសេះប៉ុណ្ណោះទេប៉ុន្តែថែមទាំងពីសត្វប្រចៀវផ្សេងទៀតផងដែរ ដែលពួកគេចាប់បានដើម្បីស្វែងយល់កាន់តែច្បាស់ពីធាតុបង្កជំងឺកូរ៉ូណា ដែលដឹកជញ្ជូនដោយសត្វប្រចៀវ៕ ដោយ៖ កញ្ញាដាលីស

ទីតាំងផ្សាយពាណិជ្ជកម្ម