តៃវ៉ាន់​បង្កើន​ចំណាយ​យោធា​នៅ​ពេល​ចិន​បង្កើន​សមយុទ្ធ​ជិតៗ​ខ្លួន​

214
ចែករម្លែក

​យោធា​ចិន​បាន​និយាយថា សមយុទ្ធ​កាលពីពេល​ថ្មី​នៅ​ជិត​កោះ​តៃវ៉ាន់​មាន​ភាពចាំបាច់​ដើម្បី​ការពារ​អធិបតេយ្យភាព​។​

​អ្នកនាំពាក្យ​យោធា​ចិន​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១៣​សីហា​ថា យោធា​ចិន​កាលពី​ពេល​ថ្មីៗ​បាន​ធ្វើ​សមយុទ្ធ​សំដៅ​កោះ​តៃវ៉ាន់ ចំ​ពេល​មន្ត្រី​អាម៉េរិក​ធ្វើ​ទស្សនកិច្ច​កោះ​នេះ​។​

​វរសេនីយឯក ហ្សាង ជុន​ហ៊ូ​យ អ្នកនាំពាក្យ​បញ្ជា​តំបន់​ខាងកើត​របស់​ក​ង​ទ័ព​រំដោះប្រជាជន​បាន​និយាយថា «​សមយុទ្ធ​នៅ​ចុង​ខាងជើង​និង​ខាងត្បូង​ច្រក​សមុទ្រ​តៃវ៉ាន់​នេះ​មាន​ភាពចាំបាច់​ដើម្បី​​ការពារ​អធិបតេយ្យភាព​»​។​

​ចិន​តែង​ចាត់ទុក​តៃវ៉ាន់​ជា​ផ្នែក​មួយ​នៃ​ទឹកដី​របស់​ខ្លួន និង​មិន​ដែល​ច្រាន​ចោល​ការប្រើ​កម្លាំងយោធា​ដើម្បី​បង្រួបបង្រួម​កោះ​នេះ​ជាមួយ​មហា​ចិនដីគោក​ឡើងវិញ​ទេ​។​

​ចំ​ពេល​ចិន​បង្កើន​សកម្មភាព​យោធា​ជិតៗ​ខ្លួន រដ្ឋាភិបាល​តៃវ៉ាន់​កាលពី​ថ្ងៃ​១៣​សីហា​បាន​ប្រកាស​បង្កើន​ចំណាយ​យោធា​ឆ្នាំក្រោយ​ចំនួន​១,៤​ពាន់​លាន​ដុល្លារ​អាម៉េរិក ។​

​កាលពី​ថ្ងៃ​ចន្ទ តៃវ៉ាន់​បាន​និយាយថា យន្តហោះ​យោធា​ចិន​បាន​ហោះ​កាត់​ខ្សែ​បន្ទាត់​ព្រំដែន​នៃ​ច្រក​សមុទ្រ​តៃវ៉ាន់​មួយ​ភ្លែត ជា​ថ្ងៃ​ដែល​រដ្ឋ​មន្ត្រី​សុខាភិបាល​អាម៉េរិក​កំពុង​ធ្វើ​ទស្សនកិច្ច​នៅ​កោះ​នេះ​។​

​សូមបញ្ជាក់​ថា ប្រធានាធិបតី​តៃវ៉ាន់​បានធ្វើ​ទំនើបកម្ម​កងកម្លាំងប្រដាប់អាវុធ​តៃវ៉ាន់ និង​ការបង្កើន​ចំណាយ​យោធា​ជា​អាទិភាព​មួយ​។​តៃវ៉ាន់​ក៏​កំពុង​ពិភាក្សា​ទិញ​មីន​ប្រឆាំង​ការ​វាយ​ឡើងគោក ព្រម​​ទាំង​កាំជ្រួច​បណ្តែត​ដើម្បី​ការពារ​ឆ្នេរ​របស់ខ្លួន​។​

​កាលពី​ឆ្នាំទៅ ក្រសួង​ការពារជាតិ​អាម៉េរិក បានអនុម័ត​លក់​អាវុធ​តំលៃ​១០​ពាន់​លាន​ដុល្លារ​ទៅ​អោយ​តៃវ៉ាន់ រួម​មាន​រថក្រោះ M1A2 Abrams​ជាង​មួយ​រយ​គ្រឿង និង​យន្តហោះ F-16V​ចំនួន​៦៦​គ្រឿង​៕​ប្រែ​សម្រួល​៖​វាសនា​

ចិន​បង្កើន​ការហោះ​របស់​យន្តហោះ​យោធា​ទៅ​កៀកៗ​កោះ​តៃវ៉ាន់ នៅពេល​កោះ​សេរីនិយម​នេះ​កាន់តែ​មាន​និន្នាការ​ឆ្ពោះទៅ​រក​ឯករាជ្យភាព​

ទីតាំងផ្សាយពាណិជ្ជកម្ម