ហោរ​ទាយ​ថា​ប្អូនប្រុស​ខ្ញុំ​កំពុង​រស់នៅ​ឯនាយសមុទ្រ​

482
ចែករម្លែក

ដោយៈ​អ៊ុន សុដាវី អ្នកសរសេរ​ទស្សនា​វ​ដ្តី​ស្វែងរក​ការពិត​/ភ្នំពេញៈ
​រយៈពេល​ប្រហែល​៥0​ឆ្នាំ ដែល​ខ្ញុំ​បាន​បែក​ពី​ប្អូនប្រុស​ទី​៣​របស់ខ្ញុំ​។ ចាប់តាំងពី​ក្រុម​កុម្មុយនីស្ត​ខ្មែរក្រហម​ឡើងកាន់​កាប់​អំណាច​នៅក្នុង​ប្រទេស​កម្ពុជា​ពី​ឆ្នាំ​១៩៧៥​មក ខ្ញុំ​មិន​ធ្លាប់បាន​ទទួលដំណឹង​ពី​ប្អូនប្រុស​ខ្ញុំ​ទេ​។ ប្អូនប្រុស​ខ្ញុំ​ឈ្មោះ វង្ស អោក ប្រសិនបើ​គាត់​នៅ​រស់រានមានជីវិត​ដល់​សព្វថ្ងៃនេះ គាត់​ប្រហែល​ជាមាន​អាយុ​៧២​ឆ្នាំ​ហើយ​។ អោក គឺជា​កូន​ទី​៣ ក្នុងចំណោម​បងប្អូន​៥​នាក់​នៅក្នុង​គ្រួសារ​។ អោក មាន​សប្បុរ​ស្រអែម ខ្ពស់ និង​មាន​ធ្មេញ​ជំ​ពើ​ស​ចូលទៅ​ខាងក្នុង​ក្រអូមមាត់​។ កាល​នៅ​រៀន អោក ចូលចិត្ត​លេង​កីឡាបាល់ទាត់​។ អោក មាន​អត្តចរិត​កាច​ជាងគេ​ក្នុងចំណោម​បងប្អូន​ទាំងអស់​។ គាត់ មិន​ចូលចិត្ត​ធ្វើស្រែ​ចម្ការ​នោះទេ​។ ចំណែកឯ​ការសិក្សា​វិញ អោក រៀនអក្សរ​បាន​ជ្រៅជ្រះ​ជាង​ខ្ញុំ​។ គាត់​ធ្លា​ប់រៀន​នៅ​វិទ្យាល័យ​រស្មី​សោ​ភណ្ឌ​។

វង្ស អោក​(​រូប​ថ​តៈ​សូត្រ អ៊ុ​ល​/​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)


​នៅ​អំឡុង​ឆ្នាំ​១៩៦៩ អោក បាន​សុំ​អនុញ្ញាត​ឪពុកម្តាយ​ខ្ញុំ​ឈប់រៀន ហើយ​ទៅរក​ការងារ​ធ្វើ​នៅឯ​ខេត្តសៀមរាប​ជាមួយនឹង​មិត្តភក្តិ​របស់គាត់​។ បើតាម​អ្នកភូមិ​ស្គាល់គ្នា​ម្នាក់ ដែល​បាន​វិល​ត្រឡប់មក​រស់នៅក្នុង​ភូមិ​វិញ​បន្ទាប់ពី​របប​ខ្មែរក្រហម​ដួលរលំ​បាន​និយាយប្រាប់​ខ្ញុំ​ថា គាត់​ធ្លាប់​ឃើញ អោក រស់​នៅឯ​ខេត្តសៀមរាប​ពិតប្រាកដ​មែន និង​ធ្វើជា​ប៉ូលីស​ទៀតផង​។ ក្រោយមក គាត់​មិនដែល​ឃើញ អោក ទៀត​ទេ តាំងតែ​ពី​អោក បាន​ចាក​ចេញពី​ខេត្តសៀមរាប​មុនពេល​ដែល​ខ្មែរក្រហម​ចូលមក​ជម្លៀស​ប្រជាជន​ចេញពី​ភូមិ​។ ទាំង​ខ្ញុំ​និង​សមាជិក​ក្រុមគ្រួសារ​ទាំងអស់​មិនដែល​បាន​ជួប និង​ទទួលដំណឹង​ពី អោក ឡើយ​តាំងពី​ឆ្នាំ​១៩៧៤​មក​ម្លេះ​។ ខ្ញុំ​ដឹង​តាមរយៈ​ម្តាយ​ខ្ញុំ​ថា អោក ធ្លាប់មាន​ប្រពន្ធ​នៅឯ​ខេត្តសៀមរាប ប៉ុន្តែ​គ្មាន​កូន​ទេ​។ នៅពេលដែល​របប​ខ្មែរក្រហម​បាន​ដួលរលំ ឪពុក​របស់ខ្ញុំ ត្រូវបាន​ខ្មែរក្រហម​សម្លាប់ ហើយ​ក្រុមគ្រួសារ​របស់ខ្ញុំ​បាន​ត្រឡប់មក​ជួបជុំគ្នា​វិញ ដោយ​អវត្តមាន​តែ អោក​។ យើងទាំងអស់គ្នា​នឹករ​ឮ​ក​ដល់ អោក ណាស់​។ យើង​នៅតែមាន​មន្ទិលសង្ស័យ​ពី​ការបាត់​ខ្លួន​របស់ អោក​។ ថ្ងៃមួយ ម្តាយ​និង​ប្អូនស្រី​របស់ខ្ញុំ បាន​ទៅរក​ហោរ​ម្នាក់​ឲ្យ​ធ្វើ​ការទស្សទាយ​អំពី​ដំណើរ​ជីវិត​របស់ អោក​។ គ្រូទាយ​នោះ​ប្រាប់ថា អោក មិនទាន់​ស្លាប់​ទេ ហើយ​កំពុងតែ​រស់នៅ​ឯនាយសមុទ្រ​ឆ្ងាយ​ពី​ប្រទេស​កម្ពុជា​។
​ដោយសារតែ​អ​បិ​យ​ជំនឿ ដែល​ហោរ​បាន​ប្រាប់​យ៉ាង​ដូច្នេះ បានធ្វើ​ឲ្យ​ខ្ញុំ​កាន់តែ​ចង់​ស្វែងរក​ប្អូនប្រុស​របស់ខ្ញុំ​កាន់តែខ្លាំង​ឡើងៗ​។ ខ្ញុំ​សង្ឃឹមថា បងប្អូន​របស់ខ្ញុំ នឹង​បាន​ជួបគ្នា​នៅក្នុង​វ័យចាស់​ជរា​នេះ​ម្តងទៀត​។ ទោះបីជា​យ៉ាងណា នៅក្នុង​ចិត្ត​របស់ខ្ញុំ ក៏បាន​គិត​ដែរ​ថា ប្រសិនបើ អោក នៅមាន​ជីវិត​រស់ តើ​ហេតុអ្វី​បានជា​គាត់​មិន​វិលត្រឡប់​មករក​ក្រុមគ្រួសារ​វិញ​?


​ខ្ញុំ​ឈ្មោះ សូត្រ អ៊ុ​ល ភេទ​ប្រុស អាយុ ៧៥ ឆ្នាំ រស់នៅក្នុង​ឃុំ​បន្ទាយ​ស្ទោង ឃុំ​បន្ទាយ​ស្ទោង ស្រុក​ស្ទោង ខេត្តកំពង់ធំ​។ ខ្ញុំ​រៀបការ​នៅ​ក្នុងសម័យ​សង្គមរាស្ត្រនិយម​។ ប្រពន្ធ​របស់ខ្ញុំ​ឈ្មោះ រិ​ន រៃ​។ ខ្ញុំ​មានកូន​ស្រី​ចំនួន​៣​នាក់​។ រស់នៅ​ទីនេះ ខ្ញុំ​ប្រកបមុខរបរ​ធ្វើស្រែ​ចម្ការ​។ ខ្ញុំ​ក៏មាន​តួនាទី​ជា​មេឃុំ​បន្ទាយ​ស្ទោង ចាប់តាំងពី​របប​ខ្មែរក្រហម​បាន​ដួលរលំ​រហូតដល់​សព្វថ្ងៃ​នេះ​។ ខ្ញុំ​រស់នៅក្នុង​ឃុំ​បន្ទាយ​ស្ទោង​នេះ​រហូត​តាំងពី​ខ្ញុំ​កើត​មកដល់​សព្វថ្ងៃនេះ​ដោយ​មិន​ធ្លាប់​ជម្លៀស​ទៅ​រស់នៅ​ទីណា​ឡើយ​។
​នៅ​អំឡុង​ឆ្នាំ​១៩៦៩ ប្អូនប្រុស​របស់ខ្ញុំ​ឈ្មោះ អោក បាន​ចាក​ចេញពីផ្ទះ​ទៅរក​ការងារ​ធ្វើ​នៅឯ​ខេត្តសៀមរាប​។ មិនយូរប៉ុន្មាន ឪពុកម្តាយ​និង​ប្អូន​របស់ខ្ញុំ​ចំនួន​៣​នាក់​ទៀត បាន​ផ្លាស់​ទីលំនៅ​ទៅ​រស់នៅក្នុង​ខេត្តកំពង់ឆ្នាំង​។ ការផ្លាស់​ទីលំនៅ​នោះ ព្រោះ​ឪពុក​ខ្ញុំ​ចង់​លាក់​ប្រវត្តិរូប​របស់គាត់​ដែល​ធ្លាប់​ធ្វើជា​មេឃុំ​ក្នុងសម័យ លន់ នល់​។ ក្រោយមក ខ្ញុំ​ក៏បាន​ដឹង​ដែរ​ថា ឪពុកម្តាយ​និង​ប្អូនៗ​របស់ខ្ញុំ​បាន​ទំនាក់ទំនង​ជាមួយនឹង អោក ហើយ​បាន​ផ្លាស់​ទៅ​រស់​នៅឯ​ខេត្តសៀមរាប​ជាមួយគ្នា​។ មុន​ពេលដែល​ខ្មែរក្រហម​ចាប់ផ្តើម​ជម្លៀស​ប្រជាជន​ចេញពី​ក្រុង​សៀមរាប អោក បាន​ចាក​ចេញពី​ក្រុង​សៀមរាប​មុនគេ​។ មិនយូរប៉ុន្មាន ម្តាយ​ឪពុក​និង​ប្អូនៗ​ទាំង​៣​នាក់​ផ្សេងទៀត បាន​ចាក​ចេញពី​ក្រុង​សៀមរាប​ទៅ​រស់នៅ​ក្បែរ​ភ្នំ​គូ​លេន ឬ​ហៅថា​តំបន់​ស្រែ​វាល ក្នុងស្រុក​សូត្រ​និគម​។ អោក បាន​បែកចេញ​និង​បាត់​ដំណឹង​សូន្យឈឹង​ចាប់តាំងពី​ពេលនោះ​មក​។ យើងទាំងអស់គ្នា​ក៏​លែង​ទទួលបាន​ដំណឹង​អ្វី​ពី​គាត់​ទាំងអស់​។ មិនយូរប៉ុន្មាន ខ្មែរក្រហម​បាន​ស៊ើប​ដឹង​ពី​ប្រវត្តិរូប​របស់​ឪពុក​ខ្ញុំ ហើយក៏​បាន​យក​ឪពុក​ខ្ញុំ​ទៅ​សម្លាប់ចោល​។ នៅ​ថ្ងៃ​ដដែល​នោះ ខ្មែរក្រហម​បានមក​នាំ​ឪពុក​និង​ប្អូនថ្លៃ​របស់ខ្ញុំ​ទៅ​សម្លាប់​ជាមួយគ្នា​។
​នៅក្នុង​របប​ខ្មែរក្រហម ខ្ញុំ ប្រពន្ធ និង​កូនស្រី​ច្បង រស់​នៅឯ​ភូមិ​បន្ទាយ​ស្ទោង ឃុំ​បន្ទាយ​ស្ទោង ស្រុក​ស្ទោង ខេត្តកំពង់ធំ​។ នៅពេលដែល​ខ្មែរក្រហម​ចូលមក​ដល់​ក្នុងភូមិ​របស់ខ្ញុំ​ដំបូង គឺ​ខ្មែរក្រហម​មាន​អាកប្បកិរិយា​ស្លូតបូត​។ អ្នក​ទាំងនោះ ស្លៀក​សម្លៀកបំពាក់​ពណ៌​ខ្មៅ និង​មាន​បង់​ក្រមា​នៅ​នឹង​ក​គ្រប់ៗ​គ្នា​។ ខ្មែរក្រហម​បាន​ប្រើ​វិធីសាស្ត្រ​មក​បញ្ចុះបញ្ចូល​ប្រជាជន​ឲ្យ​គាំទ្រ​បដិវត្តន៍​ដោយ​ចោទថា អ្នកដឹកនាំ​នៅក្នុង​សង្គម​ចាស់​សុទ្ធតែជា​អ្នក​ក្បត់ជាតិ ពុករលួយ ជិះជាន់​ធ្វើបាប​ប្រជារាស្ត្រ និង​ប្រើប្រាស់​អំណាច​ផ្តាច់ការ​។ នៅពេលនោះ ប្រជាជន​ម្នាក់ៗ​គ្មាន​ជម្រើស​ទេ​។ ប្រសិនបើ​ប្រជាជន​មិន​គាំទ្រ​ខ្មែរក្រហម​ទេ នោះ​ខ្មែរក្រហម​នឹង​សម្លាប់​ប្រជាជន​ទាំងអស់នោះ​វិញ​។ ប្រជាពលរដ្ឋ​មួយចំនួន​ដែល​ធ្លាប់​ជួបប្រទះ​នឹង​ភាព​ក្រខ្សត់ និង​ទទួលរង​ការជិះជាន់ ក៏​នាំគ្នា​គាំទ្រ​ក្រុមខ្មែរក្រហម​យ៉ាងខ្លាំង​។ គ្មាន​រណា​ហ៊ាន​ប្រកែក​តវ៉ា​ឡើយ​។ ចូលដល់​ឆ្នាំ​១៩៧៦ ខ្មែរក្រហម​ចាប់ផ្តើម​ប្រមែប្រមូល​ទ្រព្យសម្បត្តិ​របស់​ប្រជាជន​យកមក​ដាក់​ជា​សមូហភាព​។ ប្រជាជន​ចាប់ផ្តើម​ប្រឈម​នឹង​ភាពលំបាក​។ នៅទីនេះ ខ្មែរក្រហម បានធ្វើ​បាប និង​សម្លាប់​មនុស្ស​ជាច្រើន​នាក់​។
​ខ្ញុំ​គឺជា​ប្រជាជន​ត្រៀម​។ ខ្ញុំ​ត្រូវ​ទៅធ្វើ​ស្រែចម្ការ និង​ដឹក​ស្បៀងអាហារ​យកទៅដាក់​នៅតាម​ការដ្ឋាន​នីមួយៗ​នៅតាម​សហករណ៍​។ ប្រពន្ធ​របស់ខ្ញុំ​ធ្វើស្រែ រីឯ​កូន​ទៅ​រស់នៅក្នុង​កុមារ​។ ការរស់នៅ​ពេលនោះ គឺ​លំបាក​ណាស់​។ យើង​ត្រូវធ្វើ​ការងារ​ទាំងយប់​ទាំង​ថ្ងៃ​តាម​បញ្ជា​របស់​អង្គការ​ដោយ​មិន​ហ៊ាន​និយាយស្តី​ប្រកែក​តវ៉ា​ឡើយ​។ ខ្ញុំ​ព្យាយាម​បត់បែន​តាម​សភាពការណ៍​រហូត មិន​ហ៊ាន​និយាយ​វែកញែក​រកខុសរកត្រូវ​ឡើយ​។ កាលណា​ហូប​មិន​ឆ្អែត​ក៏​មិន​ហ៊ាន​រអ៊ូ​ដែរ ហើយ​បើ​ហូប​មិន​ឆ្ងាញ់​ក៏ត្រូវ​ឆ្លើយថា​ហូប​ឆ្ងាញ់​ដែរ​។ នៅ​ទីនោះ ខ្មែរក្រហម​បាន​ចាត់​ប្រជាជន​តាម​ប្រភេទ គឺមាន​ប្រជាជន​មូលដ្ឋាន ប្រជាជន​ត្រៀម និង​ប្រជាជន​បញ្ញើ គឺជា​ប្រជាជន​ដែល​ជាប់​និន្នាការ​នយោបាយ​។ ខ្មែរក្រហម បាន​ធ្វើបាប​ប្រជាជន​បញ្ញើ​ដោយ​ឲ្យ​ធ្វើ​ការងារ​ធ្ងន់​ជាង​ប្រជាជន​មូលដ្ឋាន ហើយ​ភាគច្រើន​ប្រជាជន​បញ្ញើ​ត្រូវ​ខ្មែរក្រហម​យកទៅ​សម្លាប់​។ នៅក្នុង​របប​ខ្មែរក្រហម ខ្ញុំ​គ្មាន​ពេល​ឬ​ឱកាស​ជួបជុំ ឬ​សួរដំណឹង​ពីគ្នា​នោះទេ​។​
​កងទ័ព​វៀតណាម​វាយ​ចូលមក​ប្រទេស​កម្ពុជា​នៅក្នុង​ឆ្នាំ​១៩៧៩​។ កងទ័ព​វៀតណាម​បាន​ប្រមូលផ្តុំ​ប្រជាជន​ទៅ​ដាក់​នៅក្នុង​វត្ត​បន្ទាយ​ស្ទោង​។ ចំណែក​ខ្មែរក្រហម​បាន​រត់​បែក​គ្នា​អស់​។ ខ្ញុំ​និង​ក្រុមគ្រួសារ​ក៏​នាំគ្នា​រត់​ដែរ ព្រោះ​យើង​មិនទាន់​ដឹងថា​តើ​កងទ័ព​វៀតណាម​ចូលមកក្នុង​គោលបំណង​អ្វី​នោះទេ​។ នៅពេលដែល កងទ័ព​វៀតណាម​រស់នៅក្នុង​តំបន់​ខ្ញុំ​បានយូរ​បន្តិច ទើប​យើង​ហ៊ាន​សហការគ្នា​។ កងទ័ព​វៀតណាម​មក ផ្សព្វផ្សាយ ប្រជុំ​ជាមួយ​ប្រជាជន ដោយពេល​នោះ​មាន​ខ្មែរ​យើង​អម​មកជា​មួយ និង​ធ្វើការ​ជាមួយ​កងទ័ព​វៀតណាម​។ ប្រជាជន​មួយចំនួន​រង់ចាំ​រាប់​ខែ​រហូត​ទាល់តែ​មានការ​ជឿជាក់​ទៅលើ​កងទ័ព​វៀតណាម ទើប​បានមក​ចូលរួម​ជាមួយ​។
​បន្ទាប់ពី​ខ្មែរក្រហម​ដួលរលំ​មក ខ្ញុំ​និង​ក្រុមគ្រួសារ​រស់នៅក្នុង​ភូមិ​នេះ​ដដែល​។ ខ្ញុំ​ត្រូវ​ប្រជាជន​គាំទ្រ​ឲ្យ​ធ្វើជា​មេឃុំ​តាំងពី​ពេលនោះ​មក​។ រដ្ឋអំណាច​បាន​បែងចែក​ដីធ្លី​ទៅតាម​សមាជិកគ្រួសារ​។ ប្រជាជន​ទាំងអស់​បាន​សហការគ្នា​ជា​ក្រុម​ធ្វើស្រែ​ចម្ការ​ប្រវាស់ដៃ និង​ជួយ​គ្នា​ទៅវិញទៅមក ព្រមទាំង​ជួយ​ដល់​អ្នកក្រខ្សត់​ដែល​ខ្វះ​លទ្ធភាព​។
​នៅក្នុង​ឆ្នាំ​១៩៨៣ ខ្ញុំ​បានដាក់​ញត្តិ​ទៅកាន់​អង្គការសហប្រជាជាតិ​។ នេះ​ដោយសារតែ​ខ្ញុំ​មានការ​ឈឺចាប់​ចំពោះ​ការបាត់បង់​គ្រួសារ​។ ក្នុងនាម​ខ្ញុំ​ជា​រដ្ឋអំណាច​ឃុំ​ម្នាក់ ដោយ​មើលឃើញ​ពី​ភាពលំបាក​និង​ទំហំ​នៃ​ការបាត់បង់​របស់​ប្រជាជន ខ្ញុំ​ក៏​សម្រេច​ដាក់​ញត្តិ​ឲ្យ​អង្គការសហប្រជាជាតិ ឈប់​គាំទ្រ​មេដឹកនាំ​ខ្មែរក្រហម​បន្តទៅទៀត​។ ខ្ញុំ​ធ្វើ​នេះ​ក៏​ជា​គំរូ​មួយ​ដល់​ប្រជាជន​ឯទៀត ឲ្យ​រួម​សហការគ្នា​ក្នុងការ​ផ្តួល​រលំ​របប​ខ្មែរក្រហម​ដែល​នៅ​សេសសល់​។

រូប​ខាងស្តាំ​៖ វង្ស អោក និង មិត្តភក្តិ​របស់គាត់​(​រូប​ថ​តៈ​សូត្រ អ៊ុ​ល​/​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)


​ក្រោយមក ខ្ញុំ​ក៏បាន​ដាក់ពាក្យ​បណ្តឹង​ទៅកាន់​តុលា​រការ​ខ្មែរក្រហម​ម្តងទៀត​តាមរយៈ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ដែល​ចុះមក​ធ្វើការ​នៅក្នុង​ភូមិ​បន្ទាយ​ស្ទោង​។ ការដាក់​ពាក្យបណ្តឹង​នេះ​គឺ ១) ដើម្បី​ស្វែងរក​យុត្តិធម៌ ២)​មានការ​បាត់បង់​សមាជិកគ្រួសារ ៣) មើលឃើញ​ពី​អំពើ​ដ៏​សាហាវឃោរឃៅ​របស់​ក្រុមខ្មែរក្រហម​ដែល​ប្រព្រឹត្ត​មកលើ​ប្រជាជន​ខ្មែរ​។ ខ្ញុំ​ធ្លាប់​មក​ចូលរួម​ស្តាប់​ការកាត់ទោស​មេដឹកនាំ​ខ្មែរក្រហម​ដែរ​។ ខ្ញុំ​យល់ឃើញថា​ការកាត់ទោស​នេះ​គឺ​ត្រឹមត្រូវ​ហើយ​។ ច្បាប់​របស់​ប្រទេស​យើង​គ្មាន​ការកាប់សម្លាប់​នោះ ដូច្នេះ​យើង​ត្រូវគោរព​តាមច្បាប់​របស់​ប្រទេស​យើង​។
​ក្រៅពី​ការចូលរួម​នេះ ខ្ញុំ​ក៏​ធ្លាប់បាន​ផ្សព្វផ្សាយ​ពី​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម​កន្លងមក​តា​មរយៈ​ទស្សនា​វ​ដ្តី​ស្វែងរក​ការពិត​ដល់​ប្រជាជន និង​ក្មេងៗ​ជំនាន់​ក្រោយ​។ ខ្ញុំ​ផ្សព្វផ្សាយ​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម​ទៅដល់​ប្រជាជន​នៅពេល​មានការ​ប្រជុំ ដោយ​ខ្ញុំ​បាន​អាន និង​ជម្រាបជូន​ឲ្យ​ប្រជាជន​បានដឹង​។
​សព្វថ្ងៃនេះ ខ្ញុំ​មាន​ជំងឺ​ក្រពះ និង​ចុក​រោយ​ដៃជើង​។ ខ្ញុំ​មិនដែល​បាន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ទេ គឺ​ខ្ញុំ​ទិញ​ថ្នាំ​យកមក​លេប​។ ខ្ញុំ​លេបថ្នាំ​ខ្មែរ​ខ្លះ​ដើម្បី​ព្យាបាល​ជំងឺ​របស់ខ្ញុំ​។ ខ្ញុំ​ចង់​ឲ្យ​មានការ​ពិនិត្យ​សុខភាព​ជូន​ជនរងគ្រោះ ហើយ​ខ្ញុំ​ពេញចិត្ត​គាំទ្រ​ដល់​ដំណើរការ​នេះ​៕សរន

លោកសូត្រអ៊ុល

ទីតាំងផ្សាយពាណិជ្ជកម្ម