​កូ​វីដ​១៩​ធ្វើឱ្យប៉ះពាល់ ទេសចរណ៍​ជាង​៣​ពាន់​កន្លែង បុគ្គលិក​ជាង​៥​ម៉ឺន​នាក់​

183
ចែករម្លែក

​ដោយៈ​សុផល​/​ភ្នំពេញ​៖​គិត​ត្រឹម​ខែកក្កដា​កន្លងទៅនេះ ជំងឺ​កូ​វីដ​១៩ ធ្វើឱ្យប៉ះពាល់​ដល់​ផ្នែក​ទេសចរណ៍ ចំនួន​៣​ពាន់​កន្លែង និង​ប៉ះពាល់​ដល់​បុគ្គលិក​ជាង​៥​ម៉ឺន​នាក់ នៅក្នុង​ប្រទេស​កម្ពុជា​។​

​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​ថ្លែង​ដូច្នេះ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ នៅ​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០២០ ក្រោយ​បញ្ចប់​កិច្ចប្រជុំ​ជាមួយ គណៈកម្មការ​អប់រំ យុវជន ធម្មការ កិច្ចការ​សាសនា វប្បធម៌ និង​ទេសចរណ៍​នៃ​រដ្ឋសភា (​គណៈកម្មការ​ទី​៧) ដើម្បី​ពិភាក្សា​អំពី​វិធានការ​ជា​ដំណោះស្រាយ ចំពោះ​វិស័យ​ទេសចរណ៍​ក្នុង​បរិបទ​កូ​វីដ​១៩ និង​ក្រោយ​កូ​វីដ​១៩ ព្រមទាំង​ពិនិត្យ​លទ្ធភាព បង្កើន​សកម្មភាព​ទេសចរណ៍​ក្នុងប្រទេស​កម្ពុជា​។​

​លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់ថា​«​មកដល់​ថ្ងៃ​១០ ខែកក្កដា​នេះ គឺមាន​ការប៉ះពាល់​ជាង ៣​ពាន់​ទីតាំង ហើយ​ប៉ះពាល់​ដល់​បុគ្គលិក ដែល​បម្រើ​នៅក្នុង​ទីតាំង​នេះ​ជាង ៥​ម៉ឺន​នាក់ ក៏ប៉ុន្តែ​រាជរដ្ឋាភិបាល នៅជាប់​ជាមួយនឹង​ការលំបាក របស់​ប្រតិបត្តិ​ករ របស់​ផ្នែក​ឯកជន និង​របស់​បុគ្គលិក និយោជក​ផងដែរ គឺ​រាជរដ្ឋាភិបាល បាន​ដាក់ចេញ​វិធានការ​ជាច្រើន ដើម្បី​ជួយ​ដល់​បណ្តា​ប្រតិបត្តិ​ករ ក៏ដូចជា​និ​យោ​ជិ​ក ដែលមាន​ការប៉ះពាល់​នេះ​»​។​

​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ក្រសួងទេសចរណ៍ បាន​ចាត់តាំង​ក្រុមការងារ​ពិសេស​មួយ ពិនិត្យមើល​លើ​សំណូមពរ របស់​មូលដ្ឋាន​អាជីវកម្ម ពិនិត្យ​ទៅលើ​សំណូមពរ របស់​បុគ្គលិក​និយោជក និង គិតគូរ​ដល់​ការបណ្តុះបណ្តាល ។​
​លោក​រដ្ឋមន្ត្រី​បានឱ្យដឹង​ទៀតថា​៖ រាជរដ្ឋាភិបាល​មកដល់​ថ្ងៃនេះ បាន​ដាក់ចេញ​វិធានការ​ជា​ចម្បង ជុំ​ទី​៥​ហើយ ដែល​ក្នុង​នោះបាន​ដោះស្រាយ ជួយ​ដល់​បុគ្គលិក និយោជក ដែលមាន​ការប៉ះពាល់​នេះ ជាង​៣​ម៉ឺន​នាក់ នៅក្នុង​វិស័យ​ទេសចរណ៍​នេះ ដោយ​ផ្តល់ប្រាក់​ឧបត្ថម្ភ ៤០​ដុល្លារ​ក្នុង​ម្នាក់ រយៈពេល​២​ខែ ហើយ​ជុំ​ទី​៥​នេះ ផ្តល់​២​ខែ​បន្តទៀត​។​
​ទន្ទឹមនឹងនេះ ចំពោះ​ផ្នែក​ឯកជន ប្រតិបត្តិ​ករ អាជីវករ ដែលជា​ម្ចាស់​ភោជនីយដ្ឋាន រាជរដ្ឋាភិបាល​បានផ្តល់​តាំងពី​ជុំ​ទី​១​ម្លេះ គឺ​ទី​១ លើកលែង​ពន្ធ​អាជីវកម្ម (​ដែលជា​ទូទៅ​ត្រូវតែ​ប្រកាស​ពន្ធ ប៉ុន្តែ​ពន្ធ​វិញ​រដ្ឋ​បង់​ជំនួស​) ទី​២ មិន​ឲ្យ​អាជីវករ​បង់ប្រាក់​ភាគទាន​សម្រាប់ ប​.​ស​.​ស​ទេ ប៉ុន្តែ​ក្នុងដំណាក់កាល​នេះ និយោជិត​នៅតែ​ទទួល ប​.​ស​.​ស ពី​រាជរដ្ឋាភិបាល​ដដែល​។​លោក ថោង ខុន បាន​ឲ្យ​ដឹង​ទៀតថា ជាការ​ទទួលខុសត្រូវ​របស់ខ្លួន ក្រសួងទេសចរណ៍ មិន​តម្រូវ​ឲ្យ​មាន​ការបង់​កម្រៃ​អាជ្ញា​បណ្ណ​ទេសចរណ៍​ឡើយ​។​

​លោក ហ៊ុន ម៉ា​នី ប្រធាន​គណៈកម្មការ​ទី​៧ រដ្ឋសភា បាន​ឲ្យ​ដឹងថា គណៈកម្មការ ក៏បាន​ស្នើ និង​ជំរុញ​ឱ្យ​ក្រសួងទេសចរណ៍​បន្តស​កម្ម​ភាព​របស់ខ្លួន ជាពិសេស​ក្នុង​កិច្ចការ​ជំរុញ​ចលនា​ទេសចរណ៍ ដោយ​ផ្តោត​ចម្បង​លើក​សាង​ទំនុកចិត្ត​ដល់​ភ្ញៀវទេសចរ​មិន​ថា​ក្នុងស្រុក ឬ​ភ្ញៀវ​អន្តរជាតិ​។​ទន្ទឹមនេះ លោក​ក៏បាន​លើកទឹកចិត្ត​ឱ្យ​ក្រសួង បន្ត​កិច្ចសហការ​យ៉ាង​ជិតស្និត​ជាមួយ​អន្តរជាតិ ជាពិសេស​ប្រទេស​ក្នុង​តំបន់​អាស៊ាន ដើម្បី​ចូលរួម​ជំរុញ​ចលនា​ទេសចរណ៍​ផ្ទៃក្នុង​អាស៊ាន (intra-ASEAN) នៅក្នុង​ដំណាក់កាល​សម​ស្រប​ណាមួយ ដែល​ចរន្ត និង​លំហូរ​ទេសចរណ៍​ផ្ទៃក្នុង​តំបន់​អាច​ដំណើរការ​វិញ​បាន​។​

​លោក ហ៊ុន ម៉ា​នី បាន​បញ្ជាក់ថា​៖ «​ក្នុងដំណាក់កាល​នេះ ការបង្កើន​បរិយាកាស​ទេសចរណ៍ ដែល​គួរ​ឲ្យ​ទុកចិត្ត និង​ដោយមាន​សុវត្ថិភាព​ពី​ជំងឺ​កូ​វីដ​១៩ ព្រមទាំង​ការធានា​ស្តង់ដា​នៃ​ការការពារ មើលថែ​ប្រកបដោយ​ការយកចិត្តទុកដាក់ គឺជា​កត្តា​សំខាន់​ក្នុងការ​ជំរុញ​ឧស្សាហកម្ម​ទេសចរណ៍ ឲ្យ​ដំណើរការបាន​ជាធម្មតា ក៏ដូចជា​ការចូលរួម​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ​ផងដែរ​»៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម