​ធ្វើឱ្យ​បាត់​ម៉ូ​ទ័​រ បែកគំនិត​ចេញ​ដើរ​លួច ដើម្បី​សង​មេជាង ជាប់​ខ្នោះ​ប៉ូលិស​

159
ចែករម្លែក

​ដោយៈ ចាន់តូ /​ភ្នំពេញ ៖ កូន​ជាងដែក​ម្នាក់ ក្លាយជា​ជនសង្ស័យ ក្រោយពី​បាត់​ម៉ូ​ទ័​រ ហើយ​ត្រូវបាន​មេជាង ស្តីបន្ទោស បែកគំនិត​ជិះ​ម៉ូតូ ចេញ​ដើរ​លួច​ម៉ូ​ទ័​រ ក្នុង​បំណង​សង​មេ​វិញ តែ​ជួប​ចំ​ថ្ងៃ​ស៊យ មិនបាន​ដូច​បំណង ម្ចាស់​មក​ទាន់ ស្រែក​ដេញចាប់ ជាប់​ខ្នោះ​របស់​ប៉ូលិស ។ ហេតុការណ៍​នេះ បានកើត​ឡើង កាលពី​វេលា​ម៉ោង ១២​និង​៥០ នាទី​រសៀល ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០២០ នៅ​ភូមិ​ក្បាលដំរី​១ សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ​សែន​ជ័យ ។​

​ជនសង្ស័យ ដើរ​លួច​ម៉ូ​ទ័​រ​កាត់​ដែក ឈ្មោះ រ៉េត សារា​ជ្យ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ កម្មករ​ជាងដែក នៅ​ផ្សារ​កំបូល សង្កាត់​កំបូល ខណ្ឌ​កំបូល ។ ចំណែក​ជនរងគ្រោះ ឈ្មោះ ម៉េង លាង ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ ជាងដែក​ដែរ ស្នាក់នៅ​ភូមិ​ដើម​ចាន់ សង្កាត់​ច្បារអំពៅ​២ ខណ្ឌ​ច្បារអំពៅ មាន​ស្រុកកំណើត ភូមិ​ជាលា ឃុំ​ជាលា ស្រុក​បាធាយ ខេត្តកំពង់ចាម ។ សម្ភារ​ដែល​ជនសង្ស័យ​លួច ម៉ូ​ទ័​រ​ឆាប កាត់​ដែក ២ គ្រឿង ប៉ុស្តិ៍​ផ្សារ ១​គ្រឿង ។​

​តាម​សម្តី​ជនរងគ្រោះ បាន​ឲ្យ​ដឹងថា មុន​កើតហេតុ គេ​ជួល​គាត់ មក​ផ្សារ​ដែក នៅ​ក្នុងភូមិ​ក្បាលដំរី​១ លុះ​ធ្វើ​រួចរាល់​ផ្ទះមួយ​ហើយ ក៏បាន​ផ្ទះ​មួយទៀត គេ​ជួល​ឲ្យ​ទៅ​ផ្សា​រដែរ ដូច្នេះ​ត្រូវ​រើ​ជញ្ជូន​ឥ​វ៉ាន់ សម្ភារ ទៅផ្ទះ​ទី​២ មិនទាន់​ហើយ​ផង ស្រាប់តែ​ជនសង្ស័យ ជិះ​ម៉ូតូ​ហុងដា ស្កុប​ពី ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1BM-6814 មក​លួច​យក​ម៉ូ​ទ័​រ​របស់ខ្លួន នៅផ្ទះ​ទី​១ ព្យាយាម​រត់គេច ទើប​ស្រែក​ឆោឡោ ផ្អើល​ពលរដ្ឋ ដេញចាប់​ឃាត់ខ្លួន បានប្រគល់​ឲ្យ​ប៉ូលិស ។​

​តាម​សម្តី​ជនសង្ស័យ បាន​សារភាពថា រូបគេ​ធ្វើ​ឲ្យ​បាត់​ម៉ូ​ទ័​រ កាត់​ដែក​អស់ ២ គ្រឿង ត្រូវបាន​មេជាង​ស្តីបន្ទោស និង​តម្រូវ​ឲ្យ​ចេញសង ដោយ​គ្មាន​លុយ​ទិញ​សង មិនដឹង​ទៅរក​ឯណា ជិះ​ម៉ូតូ តាំងពី​សង្កាត់​កំបូល មកដល់​ចំណុច​ខាងលើ ក្រឡេកឃើញ​ម៉ូ​ទ័​រ ទុក​នៅមុខ​ផ្ទះ មិនឃើញ​ម្ចាស់ សម្រេច​ចុះ​យក នឹក​គិតថា បាន​របស់​សង មេជាង​វិញ​ហើយ រៀបនឹង​បើក​ចេញ ត្រូវបាន​ម្ចាស់​គេ មក​ទាន់​ល្មម ។​

​ជនសង្ស័យ ក្រោយពី​មាន​ចេតនា លួច​ទ្រព្យសម្បត្តិ​អ្នកដទៃ ចាប់ខ្លួនបាន នគរបាល​ឃាត់ខ្លួន នាំទៅ​ប៉ុស្តិ៍ កសាង​សំណុំរឿង បញ្ជូន​ខ្លួន ទៅ​ផ្នែក​ជំនាញ​ខណ្ឌ តាម​នីតិវិធី ៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម