​ប៉ូលិស​ឃាត់ខ្លួន​សមាជិក​យុវជន​ខ្មែរ​ថាវរៈ​៦នាក់​

324
ចែករម្លែក

ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញ​៖​សមាជិក​យុវជនខ្មែរ​ថាវរៈ ចំនួន ៦​នាក់ ត្រូវបានសមត្ថកិច្ច​ឃាត់ខ្លួន​នាំទៅ​ស្នងការដ្ឋាននគរបាល​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០២០ ពាក់ព័ន្ធ​ការបង្ក​ភាពវឹកវរ​ដល់​សន្តិសុខ​សង្គម​។ ការចាប់ខ្លួន​នេះ ផ្តើមដំបូង​សមត្ថកិច្ច​បាន​ចាប់ខ្លួន​កញ្ញា ឈឿន ដា​រាវី​ នៅ​ជិត​សាលាដំបូង​រាជធានី​ភ្នំពេញ​ ខណៈពេលដែល​ស្រែក​តវ៉ា​ទាមទារ​ឱ្យមាន​ការដោះលែង​លោក​រ៉ុង ឈុន​។​បន្ទាប់មក​មនុស្ស​ចំនួន ៥​នាក់​ទៀត ត្រូវបាន​នាំខ្លួន​នៅក្នុង​ផ្ទះជួល​មួយកន្លែង​នៅ​សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

​ក្រុមយុវជន​ចលនាខ្មែរ​ថាវរៈ ដែល​ត្រូវបាន​នាំខ្លួន​ទៅកាន់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ មានដូចជាៈ ១. កញ្ញា ឈឿន ដា​រ៉ាវី​ ២. លោក ហ៊ុន វណ្ណៈ​៣. លោក ថា ឡា​វី​៤. កញ្ញា ជា គុន​ធី​ន៥. កញ្ញា យ៉ង សុខ​ហៃ ៦. កញ្ញា សូ មេត្តា ។

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជ​ធានី​ភ្នំពេញ បានមានប្រសាសន៍ ប្រាប់​រស្មី​កម្ពុជា​ថា សមត្ថកិច្ច​បាន​អនុវត្តតាម​ដីកា​របស់​តុលាការ​ជាមួយ​កញ្ញា ឈឿន ដា​រ៉ាវី បង្ក​ភាពវឹកវរ​ដល់​សន្តិសុខ​សង្គម ។​សមត្ថកិច្ច​ក៏បាន​អនុវត្តតាម​បញ្ជា របស់ព្រះរាជអាជ្ញា សមត្ថកិច្ច​ក៏បាន​ទៅ​ឆែក​ឆេរ​រក​វត្ថុតាង​នៅផ្ទះ​បន្ថែមទៀត​នៅក្នុង​រឿងនេះ​។

​គ្នា​គាត់ (​ឈឿន ដា​រ៉ាវី​) បាន​ទៅ​ឡាំប៉ា​ស្រែក​ឡូឡា និង​ឡាយ​តាម​ហ្វេ​ស​ប៊ុ​ក​។ ដោយ​លោកស្នងការ​បញ្ជាក់ថា “​មនុស្ស​៥​នាក់ ដែល​នៅផ្ទះគឺ​ហៅ​មក​ដើម្បី​សួរ​ព័ត៌មាន ដើម្បី​អប់រំ​កុំឱ្យ​គាត់​ធ្វើ​អ្វីដែល​ខុសច្បាប់ មិនមែន​ឃាត់​ទាំងអស់​ហ្នឹង​ទេ យើង​ឃាត់​តែ ឈឿន ដា​រ៉ាវី ម្នាក់​ទេ តាម​ដីកា​របស់​តុលាការ គាត់​បង្ក​នូវ​ភាពវឹកវរ​ដល់​សន្តិសុខ​សង្គម​”​។

​សូមជម្រាបថា បន្ទាប់ពី​សមត្ថ​​កិច្ច​ចាប់ខ្លួន​លោក​រ៉ុង ឈុន ក្រុមយុវជន​ខាងលើនេះ បានធ្វើ​ការតវ៉ា​ទាមទារ​ឱ្យ​ដោះលែង​លោក​រ៉ុង ឈុន​។​ដោយ​ការតវ៉ា​របស់​ពួកគេ គឺ​បាន​ដើរ​ស្រែក​នៅតាម​ទីសាធារណៈ មុខ​តុលាការ ដែល​ធ្វើឱ្យ​បាត់បង់​សណ្តាប់ធ្នាប់​សាធារណៈ លើសពីនេះការដើរ​តវ៉ា​គ្មាន​ការសុំច្បាប់ ឬ​ជូនដំណឹង​ទៅ​អាជ្ញា​ធរមាន​សមត្ថកិច្ច​នោះទេ​៕S/​Ha

ទីតាំងផ្សាយពាណិជ្ជកម្ម