​១០៥​ថ្ងៃៈ គ្រោះថ្នាក់​ចរាចរណ៍​ស្លាប់​មនុស្ស​៤៣៤​នាក់ និង​របួស ១.២៨៣​នាក់

232
ចែករម្លែក

ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន បាន​ថ្លែងប្រាប់​រស្មី​កម្ពុជា​ថា គ្រោះថ្នាក់​ចរាចរណ៍​រយៈ​ពេល ១០៥​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១ ខែឧសភា ដល់​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០២០ បានកើត​ឡើង ៨១៩​លើក ស្លាប់​មនុស្ស​ចំនួន ៤៣៤​នាក់ របួស​ចំនួន ១២៨៣​នាក់ ក្នុងនោះ​របួសធ្ងន់ ៧៤៦​នាក់​។

​លោក​បន្តថា សម្រាប់​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០២០ កើតឡើង​ចំនួន​៥​លើក ស្លាប់​៣​នាក់​និង​របួស​ចំនួន​៨​នាក់​ក្នុងនោះ​របួសធ្ងន់​ចំនួន​៧​នាក់​។​បើតាម​របាយការណ៍​បូកសរុប​លទ្ធផល​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ប្រចាំឆមាស​ទី​១​ឆ្នាំ​២០២០ បាន​ឲ្យ​ដឹងថា គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២០ បាន​កើតឡើង​ចំនួន ១.៦១៩​លើក បណ្ដាល​ឲ្យ​ស្លាប់​ចំនួន​៨១៦​នាក់ និង​របួស​ចំនួន​២.៤៤៩​នាក់ (​របួសធ្ងន់​១.១២៣​នាក់​) អ្នកស្លាប់​ភាគច្រើន​នៅ​រាជធានី​ភ្នំពេញ ១៤៦​នាក់ ខេត្តកំពង់ធំ ៦០​នាក់ និង​ខេត្តកណ្ដាល ៥៩​នាក់​។​

​របាយការណ៍​ដដែល​បាន​បន្តថា មូលហេតុ​នៃ​ការគ្រោះថ្នាក់​ចរាចរណ៍​មកពី បើកបរ​លើស​ល្បឿន​កំណត់​៣៣% មិន​គោរព​សិទ្ធិ​២៣% មិន​ប្រកាន់​ស្គាំ​១៤% វ៉ា​ជែង​១០% បត់​១០% ស្រវឹង​៦% កត្តា​យានយន្ដ​៤% និង​ងងុយ​១%​។ បើ​ប្រៀបធៀប​ឆមាស​ទី​១ ឆ្នាំ​២០១៩ គ្រោះថ្នាក់​ថយ​ចំនួន​៥៥២​លើក ស្មើ​២៥% (១.៦១៩/២.១៧១​លើក​) ស្លាប់​ថយ​ចំនួន​១៧២​នាក់​ស្មើ​១៧% (៨៦១/១.០៣៣​នាក់​) និង​របួស​ថយ​៧៧៨​នាក់ ស្មើ​២៤% (២.៤៤៩/៣.២២៧​នាក់​)៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម