សូម​ឲ្យ​ការរៀបចំ​សណ្តាប់ធ្នាប់ ធ្វើ​ដោយ​ម៉ឺងម៉ាត់ និង​ដូច​ភ្លៀងរលឹម​!

279
ចែករម្លែក

សាលាសង្កាត់​ព្រែកប្រា បានចេញ​សេចក្តីជូនដំណឹង ចុងក្រោយ ស្តីពីការរៀបចំ​សន្តិសុខ សណ្តាប់ធ្នាប់ និង​របៀបរៀបរយ​សាធារណៈ នៅតាម​ផ្លូវ​លេខ ៣៦៩ និង​ផ្សារ​ជនជាតិ​។​

​ក្នុង​សេចក្តីជូនដំណឹង ចុះ​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០២០ សាលាសង្កាត់​ព្រែកប្រា បាន​លើកឡើង​ថា យោងតាម​ការណែនាំ​រប​ស់​រដ្ឋបាល​ខណ្ឌ​ច្បារអំពៅ សូម​បងប្អូន​អាជីវករ​ទាំងអស់ ចូលរួម​សហការ​រៀប​ចំ​សណ្តាប់ធ្នាប់ ជាមួយ​សាលាសង្កាត់​ព្រែកប្រា គឺ​១-​ហាម​ដាច់ខាត​ជះ ឬ​បង្ហូរទឹក មកលើ​ចិញ្ចើមផ្លូវ ទ្រូងផ្លូវ​សាធារណៈ និង​២-​ហាម​ដាច់ខាត​ការលក់ដូរ​ដាក់តាំងរបស់របរ​ផ្សេងៗ លើ​ចិញ្ចើមផ្លូវ និង​ទ្រូងផ្លូវ​សាធារណៈ ដែល​អាច​ប៉ះពាល់​បង្ក​គ្រោះថ្នាក់កើតឡើង​ជាយថាហេតុ ដល់​អ្នកធ្វើដំណើរ​ឆ្លង​កាត់​។​

​ក្នុង​សេចក្តីជូនដំណឹង​ដដែល អាជ្ញាធរ​សង្កាត់​ព្រែកប្រា បានប្រកាសថា នឹង​ចុះ​រឹបអូស​សម្ភារៈ ដោយ​មិន​ទទួលខុសត្រូវ រាល់​ការបាត់បង់ ឬ​ខូចខាត​ឡើយ ដោយ​អនុវត្ត ចាប់ពី​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០២០ តទៅ​។​

​តាមផ្លូវ​មួយចំនួន មិន​ថា​នៅក្នុង​រាជធានី​ភ្នំពេញ ឬ​នៅតាម​បណ្តា​ខេត្ត​ស្រុក​ក្រុង​ដទៃ ទៀត​ទេ គឺ​ឲ្យ​មានការ​លក់ដូរ នៅក្នុង​ភូមិ​ឃុំ គឺ​តែងតែ​យក​ផ្លូវ​ធ្វើ​ផ្សារ​។ ការយក​ផ្លូវធ្វើ​ផ្សារ មិនថាតែ​ផ្លូវលំ ផ្លូវ​តូច ឬ​ផ្លូវជាតិ​ឡើយ​។​

​មាន​ឧបមា​ជាច្រើន ក្នុងករណី​យក​ផ្លូវ​ជា​ផ្សារ ដូចជា នៅ​ផ្សារក្នុង​សង្កាត់ព្រែកប្រា នៅ​ចំណុច លូ​ប្រាំ លើផ្លូវ​វេ​ង​ស្រេង ក្នុង​ខណ្ឌមានជ័យ និង​ចំណុច​ផ្លូវ មុខ​ពេទ្យរុស្ស៊ី ក្នុង​សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ ក៏ដូចជានៅ​ផ្សារ​ព្រែក​ឯង តាម​កំណាត់​ផ្លូវជាតិ​លេខ​១ ក្នុង​ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ជាដើម​។​

​មាន​មូលហេតុ​សំខាន់ៗ​សំខាន់​មួយ ដែល​នាំ​ដល់​ការយក​ផ្លូវ​ធ្វើ​ផ្សារ នោះ​គឺ​ការ អនុញ្ញាត​របស់ អាជ្ញាធរ​មូលដ្ឋាន​តែម្តង ព្រោះថា អ្នកលក់ដូរ​លើផ្លូវ​ទាំងនោះ មិនមែន​ចេះ តែ​ដាក់​របស់របរ លក់ដូរ​លើផ្លូវ​បានទេ បើ​មិន​បង់លុយ​ភាស៊ី លុយ​ប្រចាំថ្ងៃ ប្រចាំខែ​ឲ្យ​ដល់អាជ្ញាធរ​សមត្ថកិច្ច មូលដ្ឋាន​ទេនោះ​។​

​ដូច្នេះ​ដើម្បី​គ្រាន់តែ​ចង់បាន​លុយ​ចូល​ហោ​ប៉ៅ អាជ្ញាធរ​សមត្ថកិច្ច ក៏​បិទ​ភ្នែក​មិន​ខ្វល់​ពី ចរាចរណ៍​កកស្ទះ​តាមផ្លូវ ក៏​បណ្តោយ​ឲ្យ​អ្នកលក់ យក​មិន​ត្រឹមតែ​ចិញ្ចើមផ្លូវ​ទេ គឺ​យក ទ្រូងផ្លូវធ្វើជា​ផ្សារ លក់ដូរ រំខាន​ដល់​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​ជាច្រើន​។​

​កាលណា អ្នកលក់ដូរ​យក​ចិញ្ចើមផ្លូវ ដាក់លក់​របស់របរ​ហើយ នោះ​ច្បាស់​ជា​អ្នក ឈប់​ទិញ ត្រូវ​ឈប់​លើ​ទ្រូងផ្លូវ​ហើយ​។ ជាងនេះទៅទៀត បើ​អ្នកលក់ដូរ ដាក់លក់​នៅលើ ទ្រូងផ្លូវ នោះ​ក៏​ច្បាស់​ជាមាន​អ្នក​ឈប់​ទិញ ឈប់​លើ​ទ្រូងផ្លូវ ចូលដល់​គន្លង​ទី​ពីរ​ហើយ​។ បើ​ផ្លូវ​នោះ​ធំ​ មាន​បី​គន្លង គឺអាច​នៅសល់មួយ​គន្លង សម្រាប់​ម៉ូតូ​ឡាន ធ្វើ​ចរាចរណ៍​។ តែបើ​ផ្លូវ​តូច​មិនមាន ទ្រូងផ្លូវ​នៅ​កណ្តាល​ទេ គឺ​ច្បាស់​ជា​ត្រូវ​កកស្ទះ ដោយសារតែ​ការយក​ផ្លូវ​ធ្វើ​ផ្សារ​នេះ​ជាមិនខាន​។​

​ដូច្នេះ​ក្រៅពី​ការអនុវត្ត​នូវ​វិធានការ​ម៉ឺងម៉ាត់​របស់​ស​អាជ្ញាធរ​សមត្ថកិច្ច ដែល​ត្រូវធ្វើ​ជាប្រចាំ ដូច​ភ្លៀងរលឹម​ហើយ​នោះ អ្នកលក់ដូរ ដែល​យក​ផ្លូវ​ធ្វើ​ផ្សារ គួរតែ​គិតមុខគិតក្រោយ​ច្រើនជាងចង់បាន​លុយ ព្រោះថា បើសិន​ជាមាន​ឡានធំ​ណា ហ្វ្រាំង​មិន​ស៊ី ឬ​ខូច​បច្ចេកទេស​ណាមួយ នោះការលក់ដូរ​លើផ្លូវ នឹងត្រូវ​រងគ្រោះថ្នាក់ ជាមិនខាន​។​

​ម្យ៉ាងទៀត អាជ្ញាធរ​សមត្ថកិច្ច​មូល​ដ្ឋា​ន នៅ​ឃុំ​សង្កាត់ ខណ្ឌ​ស្រុក​ក្រុង គួរតែ​រក​ទីតាំង​ណា សមរម្យចេញពី​ផ្លូវ​ធ្វើដំណើរ ដើម្បី​រៀបចំ​ជា​ផ្សារ ឲ្យ​អ្នកលក់​លើផ្លូវ​ទាំងនោះ ទៅ​លក់ដូរ ដើម្បី​សណ្តាប់ធ្នាប់​សាធារណៈ​ល្អ​ផង និង​ដើម្បី​សុវត្ថិភាព ទាំង​អ្នកលក់ ទាំង​អ្នកទិញ និង​ផ្តល់​ភាពងាយស្រួល​ដល់​អ្នកធ្វើ​ដំណើរ​ឆ្លងកាត់​ចំណុច​កកើត​ផ្សារ​តាមផ្លូវ​នោះ​ផង​។​

​សូម​ចូលរួម​ទាំងអស់គ្នា ដើម្បី​សង្គមជាតិ​យើង មាន​របៀបរៀបរយ សណ្តាប់ធ្នាប់​ល្អ និង​មាន សុខសន្តិភាព​៕ ដោយ​:​លី ម៉េង​ហួរ​/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម