ការ​ទុកដាក់​សំរាម ពេល​ថ្ងៃ​ឈប់សម្រាក

316
ចែករម្លែក

រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ កុំ​បញ្ចេញ​សំរាម​ដាក់​នៅតាមដងផ្លូវ និង​ត្រូវដាក់​នៅមុខ​ផ្ទះឱ្យបាន​ត្រឹមត្រូវ ក្នុងអំឡុង​ថ្ងៃ​ឈប់សម្រាក ព្រោះតែ​ការប្រមូល សម្អាត មិនបាន​ល្អដូច​ថ្ងៃ​ធម្មតា​ឡើយ​។

​សេចក្តីជូនដំណឹង​រប​ស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ស្តីពីការផ្តល់សេវា​សម្អាត ប្រមូល និង​ដឹកជញ្ជូន​សំរាម សំណល់​រឹង ក្នុងឱកាស​ឈប់សម្រាក​ការងារ​ថ្ងៃទី​១៧ ទី​១៨ ទី​១៩ ទី​២០ និង​ទី​២១ ខែសីហា ឆ្នាំ​២០២០ បង្ហាញថា នៅក្នុង​អំឡុងពេល​ឈប់សម្រាក តាម​កាលបរិច្ឆេទ​ខាងលើនេះ ការផ្តល់សេវា​សម្អាត ប្រមូល និង​ដឹកជញ្ជូន​សំរាម នៅក្នុង​រាជធានី​ភ្នំពេញ​នឹងមិន​បានល្អ​ដូច​ថ្ងៃធម្មតា​ទេ ព្រោះ​កម្មករ​របស់​ក្រុមហ៊ុន ស៊ីន​ទ្រី នឹង​អវត្តមាន​មួយចំនួន​។​

​ដើម្បី​ថែរក្សា​សោភ័ណភាព អនាម័យ​បរិស្ថាន នៅ​រាជធានី​ភ្នំពេញ រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​អំពាវនាវ​ដល់​ប​ង​ប្អូន​ប្រជាពលរដ្ឋ​ជា​ម្ចាស់​លំនៅឋាន ក្នុង​រាជធានី​ភ្នំពេញ ទាំងអស់ សូមមេត្តា​យោគយល់ និង​អធ្យាស្រ័យ កុំ​បញ្ចេញ​សំរាមមក​ដាក់​នៅតាម​ដងផ្លូវ​សាធារណៈ ដោយ​សូម​រក្សា​ការ​ទុកដាក់​សំរាម​របស់ខ្លួនឲ្យ​បាន​ត្រឹមត្រូវ នៅក្នុង​ទីតាំង​រៀងៗ​ខ្លួនជា​បណ្ដោះអាសន្ន​សិន​។​
​ ​
​តាម​ផ្ទះ​នីមួយៗ គួរតែមាន​ធុងសំរាម និង​កន្លែង​ដាក់​សំរាម កាកសំណល់ ត្រឹមត្រូវ​។ បើ​មានធុងសំរាម នោះ​នឹង​មិនមាន​អ្នក​បោះចោល​សំរាម​ពាស​វាល​ពាសកាល​នោះទេ​។ ផ្ទុយទៅវិញ ដោយសារតែ​មិនមាន​ធុងសំរាម ទើប​សំរាម​ត្រូវបាន​គេ​បោះចោល រប៉ាត់រប៉ាយពេញ​ផ្លូវ​។​
​ ​
​យ៉ាងណាមិញ ក្នុងអំឡុងពេល​ឈប់សម្រាក ៥​ថ្ងៃ ជំនួស​ថ្ងៃ​ឈប់សម្រាក​ពេល​បុណ្យចូលឆ្នាំ ចាប់ពី​ថ្ងៃទី​១៧-២១ ខែសីហា ប្រជាពលរដ្ឋ​អ្នករស់នៅ​ភ្នំពេញ ក្រៅពី​ទុកដាក់​សំរាម​ឲ្យ​បានត្រឹមត្រូវ​តាម​សេចក្តីណែនាំ​របស់​សាលាក្រុង​ហើយ​នោះ គឺ​ប្រជាពលរដ្ឋ​យើង រឹតតែ​មិនគួរយក​សំរាម​កាកសំណល់​ទាំងនោះ ទៅ​បោះចោល​នៅតាម​របង​សាលារៀន របង​វត្ត ឬ​នៅតាមទីវាល​នោះទេ​។​
​ ​
​ការយក​សំរាម​កាកសំណល់​ទាំងនោះ ទៅ​បោះចោល​នៅតាម​របង​សាលារៀន របង​វត្ត ឬ​នៅតាម​ទីវាល គឺជា​ការខ្វះ​ការទទួលខុសត្រូវ ដែលជា​ទង្វើ​គួរ​ឲ្យ​ខ្មាសអៀន​។ មូលហេតុ ចង់តែ​ស្អាត​នៅផ្ទះ​ខ្លួនឯង ដោយ​មិន​គិតពី​អ្នកដទៃ មិន​គិតពី​សាលារៀន វត្ត​អារាម ឬក៏​ប៉ះពាល់​ដល់​ផ្លូវ​សាធារណៈ​សោះឡើយ​។​
​ ​
​ចូរ​កុំភ្លេចថា ទោះបីជា​អ្នក ដែល​យក​សំរាម​កាកសំណល់ ទៅ​បោះចោល​ដល់​ណាក៏ដោយ ក៏​អ្នកនោះត្រូវ​បង់លុយ​ថ្លៃ​សំរាម ដល់​អាជ្ញាធរ​រាជធានី​ភ្នំពេញ រៀងរាល់ខែ​ដែរ​។
​ ​
​យ៉ាងណាក៏ដោយ អាជ្ញាធរ​សមត្ថកិច្ច ក៏​គួរតែរៀបចំ​ឲ្យ​មាន​អ្នក​ទៅ​ប្រមូល យក​សំរាម តាម​ផ្ទះប្រជាពលរដ្ឋ ក្នុង​រយៈពេល​ឈប់សម្រាក ៥​ថ្ងៃនេះ ឲ្យ​បាន​ម្តង​ផង ពោលគឺ​កុំ​ចាំ​ដល់ ៥​ថ្ងៃ ទើប​ទៅយក​ម្តងនោះ​ប្រហែលជា​សំរាម ត្រូវ​កើនឡើង​ច្រើន ហើយ​ធុងសំរាម ដែល​រៀបចំ​ទុកសម្រាប់​ដាក់​សំរាម ក៏​ពេញ​ហៀរ​ដែរ ពិសេស​នៅតាម​ផ្ទះជួល ដែលមាន​មនុស្ស​រស់នៅ​ច្រើន​។​
​ ​
​ក្រៅពីនេះទៀត ម្ចាស់​ផ្ទះជួល ឬក៏​ប្រជាពលរដ្ឋ​យើង ក៏​គួរតែ​បង្កើន​ធុងសំរាម ដើម្បី​ស្តុក​ទុកសំរាម ឬក៏​ចង​វេច​ខ្ចប់​សំរាម ក្នុងអំឡុងពេល​ថ្ងៃ​ឈប់សម្រាក​នេះ ដើម្បី​កុំ​ឲ្យ​ប៉ើង​ខ្យល់ ឬក៏ ពេញ​ធុងសំរាម ដែល​ធ្លាប់​ដាក់​រាល់ថ្ងៃ​។​
​ ​
​សូម​ចូលរួម​ទាំងអស់គ្នា ដើម្បី​អនាម័យ សោភ័ណភាព និង​ខ្យល់អាកាស​ល្អ​។ អនាម័យ ខ្យល់អាកាស​ល្អ គឺ​សម្រាប់តែ​អ្នក​ដែល​រស់​នៅតាម​មូលដ្ឋាន​ផ្ទាល់​តែម្តង ព្រោះថា បើ​ក្លិនសំរាម​កាកសំណល់ ស្អុយរលួយ នោះ​ច្បាស់​ជា​ប៉ះពាល់​ដល់​អ្នករស់នៅ​ទីនោះ​តែម្តង​។ ដូច្នេះ​គួរតែ​ជួយ​គ្នា រួមគ្នា​សម្អាត ចង​វេច​ខ្ចប់​សំរាម និង​កាកសំណល់​ទាំងនោះ ឲ្យ​បាន​ត្រឹមត្រូវ និង​ទុកដាក់​នៅ​កន្លែងដែល​សមគួរ​៕ ដោយ​: លី ម៉េង​ហួរ​/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម